ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា បានបង្ហាញជំនឿដែរថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម នឹងមានការកើនឡើងបន្ថែមទៀត លើសពី ១០ពាន់លានដុល្លារ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងពេលសម្តេចអនុញ្ញាតឱ្យឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួននៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមកាន់តែល្អប្រសើរ ហើយអ្វីដែលសម្តេច បានធ្វើជាមួយអតីតនាយករដ្ឋមន្ត្រីវៀតណាម ឯកឧត្តម ង្វៀន សួនហ៊្វុក បានជំរុញទំហំពាណិជ្ជកម្មឈានដល់កម្រិតខ្ពស់ហួសពីផែនការ។ សម្តេចតេជោ ចាត់ទុកកំណើនពាណិជ្ជកម្មនេះ ជាភាពជោគជ័យនៃទំ នាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ដោយសារកម្ពុជាមានកម្លាំងផលិត ហើយវៀតណាម មានមូលដ្ឋានក្នុងការកែច្នៃ។
ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអះអាងថា នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន, លោក ប៊ូយ ថាញ់សឺន បានបង្ហាញការកោតសរសើរ និងស្ញប់ស្ញែងយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ សម្រាប់ការរីកចម្រើនរបស់កម្ពុជាប្រកបដោយភាពឆាប់រហ័ស។ សម្រាប់លោក ប៊ូយ ថាញ់សឺន ភាពរីកចម្រើនរបស់កម្ពុជា គឺបានកើតចេញពីការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់សម្តេចតេជោ។
ឆ្នាំ២០២២នេះ គឺជាខួបលើកទី៥៥ឆ្នាំហើយនៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ដែលជាប្រទេសភូមិផងរបងជាប់គ្នា និងមានប្រវត្តិរួមគ្នាក្នុងបុព្វហេតុស្រោចស្រោងការរស់រៀនមានជីវិតរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ប៊ូយ ថាញ់សឺន ក៏បានជជែកពីការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនានា ដើម្បីធ្វើឱ្យមានភាពកាន់តែប្រសើរថែមទៀត។

បើតាមឯកឧត្តម កៅ គឹមហួន បានឱ្យដឹងថា ក្នុងជំនួបនេះ លោក ប៊ូយ ថាញ់សឺន បង្ហាញភាពរីករាយចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងវៀតណាម ហើយក៏បានបង្ហាញនូវការពេញចិត្តចំពោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលកើនរហូតដល់ជិត ១០ពាន់លានដុល្លារអាមេរិក។
ឯកឧត្តម ប៊ូយ ថាញ់សឺន រំពឹងថា កម្ពុជា និងវៀតណាម បន្តពង្រឹងការតភ្ជាប់សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលជាធាតុដ៏សំខាន់សម្រាប់ប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រីការបរទេសវៀតណាម ក៏រំពឹងដែរថា កម្ពុជា នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យផ្សេងៗទៀត ដូចជាធនាគារ និងហិរញ្ញវត្ថុជាដើម។
ឯកឧត្តម ប៊ូយ ថាញ់សឺន ក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យមានការហោះហើរត្រង់ឡើងវិញរវាងកម្ពុជា និងវៀតណាម និងទទួលស្គាល់ការធ្វើដំណើរឆ្លងដែនដោយភ្ជាប់បណ្ណចាក់វ៉ាក់សាំង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អ្វីដែលប្រជាជន ក៏ដូចជាប្រទេសវៀតណាម ទទួលបានផលប្រយោជន៍ពីគ្នាទៅវិញទៅមក ដោយសារមានព្រំដែនមួយប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាព។ ដូច្នេះការដែលបន្តថែរក្សាព្រំដែនមួយឱ្យមានសន្តិភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាពនេះ ជាការដែលចាំបាច់ធ្វើឱ្យប្រជាពលរដ្ឋអាចធ្វើពាណិជ្ជកម្ម និងធុរកិច្ចជាមួយគ្នា។
សម្តេចតេជោ ក៏បានបង្ហាញភាពរីករាយ ដែលបានឃើញការហោះហើរត្រង់រវាងកម្ពុជា និងវៀតណាម ដើម្បីសម្រួលការធ្វើដំណើររវាងប្រជាជនប្រទេសទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកពីការតភ្ជាប់ផ្លូវដែករវាងកម្ពុជា និងវៀតណាម ដោយសម្តេចចង់ឃើញមានគោលការណ៍ថ្មីស្តីពីការតភ្ជាប់ផ្លូវដែកនេះ ដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

