ភ្នំពេញ ៖ ទាក់ទងទៅនឹងដំណើរបំពេញទស្សនកិច្ច សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលកន្លងទៅនេះ ឯកឧត្តមប៊ូយ ថាញ់សឺន (Bùi Thanh Sơn) បានអបអរសាទរ ចំពោះដំណើរបំពេញទស្សនកិច្ច របស់សម្តេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
ឯកឧត្តមចាត់ទុកថា ទស្សនកិច្ចនេះ គឺមានសារៈសំខាន់សម្រាប់ការងារអាស៊ាន ហើយឯកឧត្តមមានការគាំទ្រ ចំពោះសកម្មភាពដែលសម្ដេចតេជោ បានចូលរួមចំណែកជួយដល់មីយ៉ាន់ម៉ានោះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អ្វីដែលប្រជាជននៃប្រទេសទាំងពីរ បានទទួលផលពីគ្នាទៅវិញទៅមក គឺយើងមានព្រំដែនប្រកបដោយសុខសន្តិភាព។
ពាក់ព័ន្ធទៅនឹងរឿងអាស៊ាន សម្ដេចតេជោបានមានប្រសាសន៍ថា អាស៊ានមានការងារ ធ្វើជាច្រើន មិនមែនមានតែរឿងមីយ៉ាន់ម៉ានោះទេ។
អាស៊ានមិនមែនជាចំណាប់ខ្មាំងនៃមីយ៉ាន់ម៉ាឡើយ តែយើងនៅតែបន្តខិតខំជួយដល់មីយ៉ាន់ម៉ា តែការងារដែលអាស៊ានត្រូវធ្វើគឺមានជាច្រើនទៀត ។
ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកព័ត៌មានថា ឯកឧត្តម ប៊ូយ ថាញ់សឺន បានជម្រាបជូនសម្តេចតេជោថា វៀតណាម គាំទ្រទាំងស្រុងនូវប្រធានបទ និងការងារទាំងឡាយ ដែលកម្ពុជាដាក់ចេញក្នុងនាមប្រធានអាស៊ាន។
ឯកឧត្តម កៅ គឹមហួន នៅក្នុងជំនួបនេះ ឯកឧត្តម ប៊ូយ ថាញ់សឺន បានអបអរសាទរដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅប្រទេសមីយ៉ាន់ម៉ា ហើយបានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ជាដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់ និងទទួលបានជោគជ័យដ៏ប្រសើរ។

ឯកឧត្តម ប៊ូយ ថាញ់សឺន បានជម្រាបសម្តេចតេជោផងដែរថា ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម ទៅកាន់ឡាវនាពេលកន្លងទៅ ប្រទេសឡាវ និងវៀតណាម ក៏បានចេញសេចក្តីថ្លែងការណ៍រួម ដោយបង្ហាញការគាំទ្រទស្សនកិច្ចរបស់សម្តេចតេជោ ទៅមីយ៉ាន់ម៉ាផងដែរ។
ឯកឧត្តម កៅ គឹមហួន បានគូសបញ្ជាក់ថា ចំពោះបញ្ហាមីយ៉ាន់ម៉ា ឯកឧត្តម បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ គឺជាការឆ្លុះបញ្ចាំងពីភាពរីកចម្រើន និងមានវឌ្ឍនភាពនៅក្នុងអាស៊ាន។ អ្វីដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានខិតខំនេះ ដើម្បីរក្សាសាមគ្គីភាព និងឯកភាពរបស់អាស៊ាន ដែលជារឿងដ៏សំខាន់សម្រាប់អាស៊ានទាំងមូល។ ឯកឧត្តម បានគូសបញ្ជាក់ថា កិច្ចប្រឹងប្រែងរបស់សម្តេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលកន្លងទៅនេះ ពិតជាមាតម្លៃខ្ពស់ និងសារៈសំខាន់ណាស់ ជាពិសេសក្នុងការជំរុញរក្សាឱ្យមាននូវសាមគ្គីភាពផ្ទៃក្នុងរបស់អាស៊ាន ហើយដែលយើងត្រូវរក្សាឱ្យបាន។
សម្តេចតេជោ បានថ្លែងអំណរគុណថ្នាក់ដឹកនាំវៀតណាម ដែលបានគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក៏ដូចជាការដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា។
សម្តេចតេជោ បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាបានខិតខំជំរុញការងារជាច្រើន។ សម្តេចតេជោ ក៏បានលើកឡើងពីដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់មីយ៉ាន់ម៉ា កាលពីថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ គឺជាកិច្ចខិតខំមួយធ្វើយ៉ាងណាឱ្យស្ថានភាពរបស់មីយ៉ាន់ម៉ា មានភាពល្អប្រសើរឡើងវិញ។
សម្តេចតេជោ ក៏បានលើកឡើងដែរថា បច្ចុប្បន្នអាស៊ាន មានការងារធ្វើជាច្រើន មិនមែនមានតែការងាររបស់មីយ៉ាន់ម៉ាទេ។ សម្តេចតេជោ បានបញ្ជាក់ថា មិនត្រូវយកមីយ៉ាន់ម៉ា ធ្វើជាចំណាប់ខ្មាំងរបស់អាស៊ានទេ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា មីយ៉ាន់ម៉ា នៅតែជួយ ហើយការងារផ្សេងទៀត ក៏ត្រូវតែដោះស្រាយដែរ។

សូមបញ្ជាក់ថា មីយ៉ាន់ម៉ា កំពុងជួបនូវវិបត្តិនយោបាយក្នុងប្រទេស ចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីក្រុមយោធា បានចាប់ខ្លួនលោកស្រី អោងសាន ស៊ូជី ដាក់ពន្ធនាគារ ក្រោយពេលគណបក្សរបស់លោកស្រីឈ្នះការបោះឆ្នោត។
វិបត្តិនេះត្រូវបានអូសបន្លាយអស់រយៈពេលប្រមាណមួយឆ្នាំមកហើយ រហូតប្រទេសមីយ៉ាន់ម៉ា មិនបានចូលរួមកិច្ចប្រជុំនានារបស់អាស៊ាននោះឡើយ កាលពីឆ្នាំ២០២១កន្លងទៅ។ អវត្តមានរបស់មីយ៉ាន់ម៉ា នៅអាស៊ាន ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកជាការបែកបាក់របស់អាស៊ាន។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញបំណងយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ជាពិសេសការនាំមីយ៉ាន់ម៉ាមកកាន់វេទិកាអាស៊ានជាដើម។ នៅដើមខែមករា ឆ្នាំ២០២២នេះ គ្រាន់តែបានក្លាយជាប្រធានអាស៊ានភ្លាម សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
តបតាមសំណើររបស់កម្ពុជាមេដឹកនាំយោធារបស់មីយ៉ាន់ម៉ា ឯកឧត្តម អោង មីង ឡាំង បានយល់ព្រមពន្យារពេលបា.ញ់គ្នា ជាមួយភាគីពាក់ព័ន្ធនៅក្នុងប្រទេស។ មេដឹកនាំយោធារូបនេះ បានយល់ព្រមជួយសម្របសម្រួល ឱ្យប្រេសិតពិសេសរបស់ប្រធានអាស៊ាន អាចចូលជួបជជែកជាមួយភាគីជម្លោះនៅក្នុងមីយ៉ាន់ម៉ា និងជួយសម្របសម្រួលដល់ការផ្តល់ជំនួយទៅកាន់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា គ្រប់ភាគីទាំងអស់។
នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ប៊ូយ ថាញ់សឺន (Bùi Thanh Sơn) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជំនួបនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

នៅក្នុងជំនួបនោះសម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជារីករាយដែលបន្តឃើញវឌ្ឍនភាព និងការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-វៀតណាម។ ឯកឧត្តមប៊ូយ ថាញ់សឺន (Bùi Thanh Sơn) ក៏បានពាំនាំនូវការផ្តាំសួរសុខទុក្ខពីប្រមុខដឹកនាំរបស់ប្រទេសវៀតណាម ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរ។ ឯកឧត្តមបានកោតសរសើរ និងស្ញប់ស្ញែងចំពោះការប្រែប្រួលក៏ដូចជាការអភិវឌ្ឍក្នុងរយៈពេលខ្លី និងការរីកចម្រើននៅប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលមានការរីកចម្រើនស្ទើរលើគ្រប់វិស័យ។
ឯកឧត្តមបន្តថា បច្ចុប្បន្នកម្ពុជានៅតែបន្តរីកលូតលាស់ទៅមុខ ជាពិសេសការពង្រឹងតួនាទីរបស់ខ្លួន និងកិត្តិនាមរបស់កម្ពុជានៅក្នុងតំបន់ក៏ដូចជាអន្តរជាតិផងដែរ។ ឯកឧត្តមបានមានប្រសាសន៍ថា ឯកឧត្តមបានមើលឃើញពីការរីកចម្រើនរបស់កម្ពុជា។
ឯកឧត្តមក៏បានជូនពរចំពោះការបោះឆ្នោតនៅកម្ពុជានៅពេលខាងមុខ ជាពិសេសការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅខែមិថុនា ឆ្នាំ២០២២ខាងមុខ។ ឯកឧត្តមមានប្រសាសន៍ថា វៀតណាមគាំទ្រចំពោះកម្ពុជាដែលធ្វើប្រធានអាស៊ាននៅឆ្នាំ២០២២នេះ ។ ឯកឧត្តមបានមានប្រសាសន៍ថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ នៅមានទំនាក់ទងល្អប្រសើរ ជាពិសេសតាមរយៈការទស្សនកិច្ច នៃការដឹកនាំកំពូលនៃប្រទេសទាំងពីរនាពេលកន្លងមក ដែលបានធ្វើឲ្យចំណងមិត្តភាពរវាងកម្ពុជា និងវៀតណាមកាន់តែមានភាពល្អប្រសើរឡើង។
ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា ឆ្នាំនេះជាខួបលើកទី៥៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ បច្ចុប្បន្ន កំណើនពាណិជ្ជកម្មប្រទេសទាំងពីរ មានកើនឡើងយ៉ាងខ្ពស់រហូតដល់ដប់ជិត១០ពាន់លាន បើប្រៀបធៀបទៅឆ្នាំមុន។ ដូច្នេះឯកឧត្តមសង្ឃឹមថា វៀតណាម-កម្ពុជា នឹងបន្តពង្រឹងនៃការតភ្ជាប់សេដ្ឋកិច្ច និងបន្តធ្វើការជាមួយគ្នា ធ្វើយ៉ាងណាឱ្យឆ្នាំនេះ កំណើនសេដ្ឋកិច្ចមានការឡើងជាបន្តទៀត ជាពិសេសការជំរុញកិច្ចសហការលើគ្រប់វិស័យ ដូចជា វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យផ្សេងផ្សេងទៀត។

ឯកឧត្តមបានថ្លែងអំណរគុណសម្តេចតេជោក្នុងការជំរុញឲ្យបើកឡើងវិញនៃជើងយន្តហោះ ដោយផ្ទាល់រវាងកម្ពុជា និងវៀតណាមដែលបានដំណើរការទៅថ្មីៗនេះធ្វើឲ្យការធ្វើដំណើរកាន់តែងាយស្រួលជាងមុន ជាពិសេសទៀតនោះការជំរុញឲ្យមានការទទួលស្គាល់នៃលិខិតឆ្លងដែលហៅថាប៉ាស្ព័រវ៉ាក់សាំងនោះ។
ឯកឧត្តមក៏បានរាយការណ៍ ជូនសម្តេចតេជោ នាយករដ្ឋមន្ត្រីផងដែរថា កាលពីពេលកន្លងទៅនេះ ឯកឧត្តមបានជួបពិភាក្សាការងារទៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះ លើកទី១៩ មានការចូលរួមពីឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ដែលលទ្ធផលនៃកិច្ចប្រជុំនោះគឺទទួលបាននូវភាពជោគជ័យ។ ក្រៅពីកិច្ចការទ្វេភាគី ក៏មានការផ្លាស់ប្តូរមតិជុំវិញបញ្ហាតំបន់ និងអន្តរជាតិផងដែរ លើសពីនេះទៀតឧត្តមក៏បានមានប្រសាសន៍ពាក់ព័ន្ធនឹងការងារអាស៊ាន ក៏ដូចជាវៀតណាមផងដែរ ហើយគាត់ក៏បានគូសបញ្ជាក់ថា ប្រទេសវៀតណាម នឹងធ្វើអ្វីតាមដែលខ្លួនអាចធ្វើទៅបាន
ដើម្បីគាំទ្រឲ្យកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលបានភាពជោគជ័យ។
ឯកឧត្តម ក៏បានអរគុណសម្តេចតេជោមន្ត្រី ដែលបន្តការគាំទ្រទៅដល់ពាណិជ្ជកររបស់វៀតណាមដែលធ្វើធុរកិច្ចនៃប្រទេសកម្ពុជាផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា កម្ពុជា និងវៀតណាមនឹងបន្តជំរុញកិច្ចសហការ ជាពិសេសព្រំដែនរវាងប្រទេសទាំងពីរ ឲ្យក្លាយជាព្រំដែននៃសន្តិភាព។
សម្ដេចតេជោបានមានប្រសាសន៍ ពីការងារចាក់វ៉ាក់សាំង នៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្នុងតំបន់អាស៊ានផងដែរ ដែលសកម្មភាពនេះជាឱកាសដែលយើងអាចបើកប្រទេសឡើងវិញ ក៏ដូចជាបើវិស័យទេសចរណ៍ឡើងវិញផងដែរ។ សម្ដេចតេជោមានជំនឿថា ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ នឹងបន្តកើនឡើងបន្ថែមទៀត លើសពី ១០ពាន់លានទៅទៀត។ សម្ដេចតេជោបានមានប្រសាសន៍ថាការបើកសាលារៀនឡើងវិញនេះ ឃើញថាសិស្សជាច្រើនបានត្រឡប់ចូលរៀនវិញហើយ ប៉ុន្តែយើងមិនមានករណីឆ្លងច្រើនដែលគួរឲ្យកត់សម្គាល់នោះទេ ។

ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីសម្តេចតេជោ បានគូសបញ្ជាក់ថាយើងត្រូវតែ ខិតខំបន្តជំរុញ លើការវិនិយោគពាណិជ្ជកម្មទេសចរណ៍ ដើម្បីឲ្យសេដ្ឋកិច្ចមានការតភ្ជាប់គ្នា។ សម្ដេចតេជោក៏បានមានប្រសាសន៍ពីគម្រោងនៃការតភ្ជាប់ ផ្លូវដែកកម្ពុជា និងវៀតណាមដោយសម្ដេចចង់ឃើញជំរុញការតភ្ជាប់ផ្លូវដែកនេះ ដែលនឹងអាចជួយសម្រួលដល់ ការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរផងដែរ។
ទាក់ទងទៅនឹងការជំរុញ COC សម្ដេចតេជោបានបញ្ជាក់ថា នៅក្នុងជំនួបជាមួយនឹងឯកឧត្តមអគ្គលេខាធិការអាស៊ាន ឯកឧត្តមអគ្គលេខាធិការអាស៊ានបានផ្ដល់ មន្ទីអគ្គលេខាធិការដ្ឋានអាស៊ានក្នុងការចចារ និងការប្រជុំសម្រាប់ការងារ COC ហើយកន្លងមកសម្ដេច ក៏ធ្លាប់បានផ្ដល់នូវសណ្ឋាគារហាយ៉ាត់រីជិនស៊ីភ្នំពេញ សម្រាប់ជាកន្លែងចរចាផងដែរ ក្នុងការជំរុញការងារនេះ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

