Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីសាលាខេត្តបាត់ដំបងម្នាក់ សុំលាឈប់ពីក្របខ័ណ្ឌមន្ត្រីរាជការ ដោយសារមិនពេញចិត្ត នឹងការបង្កើតបក្ខពួកក្នុងសាលាខេត្តបាត់ដំបង

បាត់ដំបង ៖ លោក លី ឌីនូរី ឋានន្តរសក្តិ វរៈមន្ត្រី ថ្នាក់លេខ២ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ តួនាទីបច្ចុប្បន្ន មន្ត្រីសាលាខេត្តបាត់ដំបង បា ដាក់ពាក្យស្នើសុំលាឈប់ពីការងារ ដោយសារតែពុំពេញចិត្តនឹងការបង្កើតបក្ខពួកក្នុងសាលាខេត្តបាត់ដំបង ។ ករណីអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានបញ្ជាក់ថាលោក លី ឌីនូរី ពុំបានមកបំពេញ ភារកិច្ចនៅអង្គភាពឲ្យបានជាប់លាប់នោះទេ គឺសាមីខ្លួនមកបម្រើការងារមួយព្រឹក ហើយអវត្តមានគ្មានច្បាប់ពី ២ទៅ៣ថ្ងៃ ហើយការអវត្តមាននេះ ក៏មិនមានការជូនដំណឹង មកអង្គភាពសាមីឡើយ។

នេះបើយោងតាមពាក្យស្នើសុំលាឈប់ពីការងារ ដែល លោក លី ឌីនូរី គោរពជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ដែលទើបទទួលបាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នេះ ។

បើតាមលោក លី ឌីនូរី ថ្លែងថា លោកបានបំពេញភារៈកិច្ចជាមន្ត្រីរាជការក្របខ័ណ្ឌក្រសួងមហាផ្ទៃ ចាប់តាំងពីឆ្នាំ២០០៧ រហូតបច្ចុប្បន្នជាមន្ត្រីសាលាខេត្តបាត់ដំបង ។ ដោយសារលោកពុំពេញចិត្តនឹងការបង្កើតបក្ខពួកក្នុងសាលាខេត្តបាត់ដំបង លោកសូមគោរពស្នើសុំលាឈប់ពីក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ ចាប់ពីពេលនេះតទៅ ។

ការសម្រេចលាឈប់នៅពេលនេះក៏ធ្វើឡើងស្របគ្នា បន្ទាប់ពីសាលាខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានចេញលិខិតអញ្ជើញលើកទី១ ដល់លោក លី ឌីនូរី មន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តបាត់ដំបង ដើម្បីចូលមកបំពេញការងារនៃការិយាល័យគ្រប់គ្រងបុគ្គលិក ក្រោយពីអវត្តមានគ្មានច្បាប់អនុញ្ញាតជាប់ៗគ្នារយៈពេល២សប្ដាហ៍កន្លងមក ។

ជុំវិញលិខិតអញ្ជើញលើកទី១ នេះ ត្រូវបាន លោក លី ឌីនូរី ឆ្លើយតបវិញភ្លាមៗតាមបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា ៖
ថ្ងៃនេះបានទទួលលិខិតអញ្ជើញលើកទី១ របស់រដ្ឋបាលខេត្តបាត់ដំបង។ ខ្ញុំមិនបដិសេដទេ ប៉ុន្តែមានសំណួរខ្លះៗ
១-តើរយ:កាលកន្លងមកក្រុមអស់លោកធ្វើទុក្ខបុកម្នេញខ្ញុំវាមិនទាន់គ្រប់គ្រាន់មែនទេ?
២-នៅពេលដែលខ្ញុំចូលបំពេញការងារ តើធានាទេមានការងារធ្វើសំរាប់ខ្ញុំដូចមន្រ្តីធម្មតា ? រឺត្រឹមតែចង់អោយខ្ញុំមកអង្គុយអានកាសែតដូចរយៈ:កាលមុន? តើខ្ញុំមានកំហុសអ្វី? ប្រសិនបើមកអង្គុយត្រឹមអានកាសែត ខ្ញុំមិនមកល្អជាង សុខចិត្តសុំលាឈប់ទៅធ្វើការងារឯកជនវិញ។
៣- បក្សពួកនិយមខ្លាំងពេកនាំអោយអន្តរាយដល់ស្ថាប័នរដ្ឋ ។ នេះប្រហែលមកពីខ្ញុំមិនមែននៅក្នុងក្រុមគេទេដឹង? កន្លែងដែលមានបក្សពួកពេក ខ្ញុំមិនធ្វើការជាមួយទេ សូមជ្រាប ។

ករណីខាងលើនេះ អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានចេញបកស្រាយថា ករណីមានការបង្ហោះសារ និងរូបភាពនៅលើ គណនី Facebook ឈ្មោះ Ly Dinory ដែលបានលើកឡើង និងចោទប្រកាន់ថារដ្ឋបាលខេត្តបាត់ដំបង ធ្វើការនិយមបក្សពួក ។

រដ្ឋបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជន ដែលប្រើប្រាស់បណ្ដាញព័ត៌មាន សង្គមជ្រាបថា រដ្ឋបាលខេត្តបាត់ដំបងបានឃើញការចុះផ្សាយរបស់គេហទំព័រមួយចំនួន និងការបង្ហោះសារ និងរូបភាពរបស់គណនី Facebook ឈ្មោះ Ly Dinory ដែលបានលើកឡើង និងចោទប្រកាន់ថារដ្ឋបាល ខេត្តបាត់ដំបងធ្វើការនិយមបក្សពួក និងបានបង្ហោះលិខិតគោរពជូនសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានខ្លឹមសារស្នើសុំអនុញ្ញាតលាឈប់ពីក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ។

ដើម្បីជៀសវាងនូវការយល់ច្រឡំ និងការបកស្រាយមិនសមស្របពាក់ព័ន្ធនឹងនីតិវិធីនៃការគ្រប់គ្រង បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្តបាត់ដំបង សូមបំភ្លឺជូនសាធារណជនឲ្យបានជ្រាបថា លោក លី ឌីនូរី បច្ចុប្បន្នជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តបាត់ដំបង។ កន្លងមកលោក លី ឌីនូរី ធ្លាប់កាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកថ្មគោល ប៉ុន្តែដោយសារតែភាពអសកម្ម ក្នុងការបំពេញតួនាទីរបស់លោក និងការអនុវត្តតួនាទី ភារកិច្ចមិនចុះសម្រុង ជាមួយក្រុមប្រឹក្សាស្រុក ថ្មគោល គណៈអភិបាលស្រុកថ្មគោល និងមន្ត្រីរាជការ តាមបណ្តាអង្គភាពចំណុះរដ្ឋបាល ស្រុកថ្មគោលផងនោះទើបលោក លី ឌីនូរី ត្រូវបានក្រសួងមហាផ្ទៃសម្រេចផ្ទេរភារកិច្ច ពីអភិបាលរងនៃ គណៈអភិបាលស្រុកថ្មគោល ឲ្យមកបម្រើការងារជាមន្ត្រីនៅ សាលាខេត្តបាត់ដំបងក្នុងអំឡុងខែមីនា ឆ្នាំ២០១៩។
ក្រោយពីបានមកបម្រើការងារ ជាមន្ត្រីនៅការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តបានចំនួន០៤ខែ សាមីខ្លួន បានដាក់ពាក្យស្នើសុំស្ថិតនៅក្រៅក្របខ័ណ្ឌដើម ដើម្បីទៅបំពេញមុខងារ ជាទីប្រឹក្សាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានឋានៈស្មើអគ្គនាយក និងបានដាក់ពាក្យ ស្នើសុំចូលបម្រើការងារ នៅក្នុងអង្គភាពដើមវិញនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។ ចាប់ពីថ្ងៃដែលរដ្ឋបាល ខេត្តបាត់ដំបង បានអនុញ្ញាតឲ្យចូលមកបម្រើការងារ នៅអង្គភាពដើមវិញ លោក លី ឌីនូរី ពុំបានមកបំពេញ ភារកិច្ចនៅអង្គភាពឲ្យបានជាប់លាប់នោះទេ គឺសាមីខ្លួនមកបម្រើការងារមួយព្រឹក ហើយអវត្តមានគ្មានច្បាប់ពី ២ទៅ៣ថ្ងៃ ហើយការអវត្តមាននេះ ក៏មិនមានការជូនដំណឹងមកអង្គភាពសាមីឡើយ។

ក្នុងរយៈពេល០២សប្តាហ៍ ចុងក្រោយ សាមីខ្លួនបានអវត្តមានគ្មានច្បាប់អនុញ្ញាតជាប់ៗគ្នា ដោយគ្មានមូលហេតុ និងគ្មានការជូនដំណឹង មកអង្គភាពសាមី ដើម្បីពង្រឹងការគ្រប់គ្រងមន្ត្រីរាជការ ស្របតាមគោលការណ៍ និងនីតិវិធីការគ្រប់គ្រង បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្តបានធ្វើលិខិតអញ្ជើញលើកទី១ ដើម្បីឲ្យលោក លី ឌីនូរីចូលមក បំពេញការងារនៅការិយាល័យគ្រប់គ្រងបុគ្គលិក ក្រោយពីអវត្តមានគ្មានច្បាប់អនុញ្ញាត រយៈពេល ០២សបា្តហ៍កន្លងមក ដើម្បីទុកឱកាសឲ្យមន្ត្រីរូបនេះកែប្រែកំហុសខ្លួនឡើងវិញ។ ប៉ុន្តែផ្ទុយទៅវិញ មន្រ្តីរូបនេះ ពុំបានចូលមកបង្ហាញខ្លួន នៅការិយាល័យគ្រប់គ្រងបុគ្គលិក តាមការអញ្ជើញនោះទេ ហើយសាមីខ្លួនក៏ពុំបាន សាកសួរព័ត៌មានមកអង្គភាពខ្លួនដែរ បែរជាធ្វើការបង្ហោះសារ និងរូបភាពនៅលើគណនីហ្វេសបុករបស់ខ្លួន ដែលនាំឲ្យសាធារណជន មានការភាន់ច្រឡំ មកលើការដឹកនាំរបស់រដ្ឋបាលខេត្តបាត់ដំបង។

ទន្ទឹមនោះ ចំពោះលិខិតរបស់លោក លី ឌីនូរី ដែលបានគោរពជូន សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានខ្លឹមសារស្នើសុំអនុញ្ញាត លាឈប់ពីក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តសូមបញ្ជាក់ជូនថា បច្ចុប្បន្នលោក លី ឌីនូរី ជាមន្ត្រីរាជការ នៃរដ្ឋបាលខេត្តបាត់ដំបង ដោយសារសាមីខ្លួន ត្រូវបានក្រសួងមហាផ្ទៃ សម្រេចផ្ទេរមកស្ថិតក្រោមការគ្រប់គ្រង របស់រដ្ឋបាលខេត្តបាត់ដំបង តាមរយៈប្រកាសក្រសួងមហាផ្ទៃលេខ ១៤៥៩ ប្រក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩។

ពាក់ព័ន្ធនឹងករណីនេះ អនុលោមតាមគោលការណ៍វិមជ្ឈការ នៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្តបាត់ដំបងមាន សមត្ថកិច្ចក្នុងការចាត់ចែង និងគ្រប់គ្រងមន្ត្រី បុគ្គលិករបស់ខ្លួន ស្របតាមគោលការណ៍ បែបបទ និងនីតិវិធីកំណត់ ដូចជាការតែងតាំង ការដំឡើងឋានន្តរសក្ដិ ការអនុវត្តទណ្ឌកម្មខាងវិន័យ ការអនុញ្ញាតច្បាប់ឈប់សម្រាក ការអនុញ្ញាតឲ្យមន្ត្រីលាឈប់ពីការងារ ការលុបឈ្មោះមន្ត្រីចេញពីក្របខ័ណ្ឌ ការដាក់មន្ត្រីឲ្យចូលនិវត្តន៍។ល។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង តែងតែគោរពប្រតិបត្តិ និងអនុវត្តជាប់ជាប្រចាំ តាមគោលការណ៍ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ជាពិសេសក្នុងដំណាក់កាល ការផ្ទេរបុគ្គលិក និងផ្ទេរមុខងារមកឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយសម្រាប់ខេត្តបាត់ដំបង មិនមែនមានតែករណីលោក លី ឌីនូរីតែម្នាក់នោះទេ គឺរាល់មន្ត្រីដែលពុំមកបម្រើការងារ និងប្រព្រឹត្តកំហុសឆ្គាំឆ្គងវិជ្ជាជីវៈ គឺរដ្ឋបាលខេត្ត បានចាត់វិធានការ និងបានអនុវត្តតាមនីតិវិធីកំណត់ ហើយករណីដូចគ្នានេះ ក៏ត្រូវបានអនុវត្តចំពោះមន្ត្រីរាជការ ចំនួន០៣រូបទៀត ដែលបានអវត្តមានគ្មានមូលហេតុ និងគ្មានច្បាប់អនុញ្ញាត ដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រង មន្ត្រីរាជការ ស្របតាមច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈដោយឡែក សម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ និងលិខិតបទដ្ឋានគតិយុត្តកំណត់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×