ថ្មីៗនេះ នៅលើបណ្តាញសង្គម ពិតជាផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង បន្ទាប់ពីលោក អុិន សុភិន បានទម្លាយរូបភាពមួយដ៏ព្រឺសក់ក្បាលសន្លឹក ថតជាប់ខ្មោចស្រីម្នាក់ស្ថិតក្នុងសម្លៀកបំពាក់រ៉ូបសម័យឆ្នាំ៧០ កំពុងអង្គុយចំទើតយ៉ាងខ្ពស់ មើលអ្នកលេងទាត់បាល់នៅក្នុងតារាងបាល់ទាត់មួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ ដែលគេស្គាល់ថាជាតារាងបាល់ទាត់វិទ្យាល័យបឹងត្របែក។
ក្នុងនោះ លោក អុិន សុភិន បានសរសេររៀបរាប់នៅក្នុងបណ្តាញសង្គមយ៉ាងដូច្នេះថា៖ «តើជឿថានេះជារឿងពិតទេ? កាលពីថ្ងៃទី១៥/០១/២០២២ នៅតារាងបាល់ទាត់មួយកន្លែងនៅភ្នំពេញខ្ញុំបានឃើញ៤ដងហើយ»។ លោកអុិន សុភិន ក៏បានបញ្ជាក់បន្ថែមក្នុងខមិនថា៖ «ធ្លាប់ចាប់ជើងកូនខ្ញុំទៀតពេលវាលេងបាល់ ខ្ញុំឃើញកូនមកប្រាប់ខ្ញុំថាដូចមានអីចាប់ជើងខ្ញុំប៉ា តែខ្ញុំអត់ប្រាប់ខ្លាចកូនភ័យ»។
ក្រោយពីបានឃើញបែបនេះ អ្នកខ្លះក៏ជឿឡើងព្រឺសម្បុរ ព្រោះតែងតែទៅម្លប់នៅកន្លែងហ្នឹង និងអ្នកខ្លះទៀត ក៏មិនជឿ ដោយថាលោក អុិន សុភិន យករូបភាពកាត់តមកបង្អើល លេងសើចប៉ុណ្ណោះ និងក៏សង្ស័យលោកថតរឿង ហើយធ្វើស៊ីអ្នកមើល។ លើសពីនេះ អ្នកខ្លះទៀតព្រោះតែអស់សំណើចពេក ក៏បាននិយាយថា យប់នេះម៉ោង១២ ម្ចាស់រូបចេញមុខ Live បកស្រាយហើយ។
ប៉ុន្តែ ទន្ទឹមនឹងនេះផងដែរ គេក៏បានឃើញគណនីមួួយជាអតីតសិស្សសាលវិទ្យាល័យបឹងត្របែក បានចូលខមិនចែករំលែកបទពិសោធន៍ធ្លាប់ខ្មោចលងប្រាប់លោក អុិន សុភិន ថា «ច៎ាលោកពូ នេះជារឿងពិត កាលក្មួយនៅរៀនវិទ្យាល័យបឹងត្របែក លងទាំងថ្ងៃក៏មានដែរលោកពូ ស្រស់ៗណាស់ សិស្សអីរត់ប៉ះសក់ម្ដងៗទាំងគេទាំងខ្ញុំ»។
តែទោះយ៉ាងណា ខ្មោច ឬ មនុស្សពិត យ៉ាងណា គឺអាស្រ័យទៅលើការគិតពិចារណារបស់បងប្អូនទៅចុះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





