ភ្នំពេញ- តារាស្រី-ប្រុស ជាច្រើនដួងរួមគ្នា តុបតែងបែបបុរាណ សម័យលង្វែក យ៉ាងស្រស់ស្អាត និងបានបង្ហាញសម្លៀកបំពាក់ខ្មែរ សម័យលង្វែក ក្នុងឱកាសចូលរួម បើកសម្ពោធហាងកាហ្វេដ៏ល្បីឈ្មោះនៅប្រទេសថៃ «Inthanin» នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ តាមបណ្ដោយផ្លូវប៉ាស្ទ័រខាងជើងផ្សារបឹងកេងកង ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។
នៅក្នុងកម្មវិធីទាំងមូល គេសង្កេតឃើញថា តារាល្បីៗរបស់ប្រទេសកម្ពុជា បានរៀបចំតែតុបតែងខ្លួនយ៉ាងស្រស់ស្អាតជាសម្លៀកបំពាក់ ប្រពៃណីខ្មែរ ពោលគឺបានឆ្លុះបញ្ចាំង ពីរបៀបរបបរស់នៅ ក្នុងសម័យលង្វែកដោយតារានីមួយៗ បានសម្ដែងនូវក្ដីរំភើបរីករាយយ៉ាងខ្លាំង ពេលដែលខ្លួនបានគ្រងឈុតនេះខណៈដែលសម្លៀកបំពាក់ទាំងអស់ ត្រូវបានផ្ដល់ជូន និងសម្រិតសម្រាំងយ៉ាងពិសេសពីសាស្ត្រាចារ្យ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ជាមួយគ្នានេះ ស្ទើរតែមិននឹកស្មានដល់ដែលហាងថ្មី ទើបតែរំលេចឡើង ស្រាប់តែបង្កើតគោលគំនិតឲ្យតារាខ្មែរនិងតារាមកពីប្រទេសថៃ គ្រងឈុតសម្លៀកបំពាក់ តាមលំអានប្រពៃណីជាតិរៀងៗខ្លួន តាមសម័យកាល។ កម្មវិធីពេញមួយព្រឹកនេះ បានធ្វើឲ្យមហាជនដែលជិះឡានម៉ូតូកាត់នោះ ងាកមើលច្រើនកុះកររិតតែញាំងឲ្យទាក់ទាញ ស្របពេលឃើញមានតារាជាច្រើននាក់ មកផ្តុំគ្នាយ៉ាងណែនពេញផ្ទៃហាង។
សូមបញ្ជាក់ថា ហាងកាហ្វេ «Inthanin» បានបើកដំបូង កាលពី១២ឆ្នាំមុន ហើយរហូតមកដល់ពេលនេះមានចំនួនជាង៥០០សាខា នៅក្នុងប្រទេសថៃ។ មកដល់ថ្ងៃនេះ ក្រុមហ៊ុន Bangchak Corportion Plc និងក្រុមហ៊ុន Bangchak Retail បានត្រៀមខ្លួនរួចរាល់ ដើម្បីពាំនាំម៉ាក «អ៊ីនថៈនីន» កាហ្វេដែលមានគុណភាពខ្ពស់របស់ប្រទេសថៃ ចូលទៅក្នុងទីផ្សារពិភពលោក ដោយចាប់ផ្ដើមពីប្រទេសជិតខាងនិងមានអត្រារីកលូតលាស់នៃសេដ្ឋកិច្ច ដោយមានគម្រោងពង្រីកសាខា នៅក្នុងប្រទេសកម្ពុជាឲ្យបានប្រមាណ១០០សាខា ក្នុងពេលឆាប់ៗនេះ៕ ដោយ-គីមស្រីរ័ត្ន