ភ្នំពេញ៖ ធនាគារវីង (ខេមបូឌា) ម.ក របស់អ្នកឧកញ៉ា គិត ម៉េង នៅថ្ងៃទី ២០ខែមករា ឆ្នាំ ២០២២នេះ បានចុះកិច្ចព្រមព្រៀងវិនិយោគចំនួន ២លានដុល្លារអាមេរិក ទិញមូលបត្របំណុលរបស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) ដើម្បីចូលរួមគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខារវាងធនាគារវីង តំណាងដោយ លោក ហាន ប៉េងក្វាង ជាអគ្គនាយក និងក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) តំណាងដោយ លោកឆារស៍ វ៉ាន់ (Charles Vann) ជាអគ្គនាយករង ក្រោមអធិបតីភាពរបស់អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ និងអ្នកឧកញ៉ា គិត ម៉េង ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។
ចំពោះទឹកប្រាក់វិនិយោគ ដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ ចំពោះអត្រាការប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះ គឺ ៥,៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយះពេល ៣ឆ្នាំ ហើយត្រូវបានធានា ដោយក្រុមហ៊ុន OCIC។
រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់ រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ។ CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុន OCIC។
ស្របតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសពិនិត្យវឌ្ឍនភាព សាងសង់អាកាសយានដ្ឋាន កាលពីពេលកន្លងទៅ ដោយសម្តេចបានចាត់ទុកថា ការចូលរួមទិញសញ្ញាបណ្ណនេះ គឺជាការចូលដល់ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលកាត់បន្ថយនូវការប្រើប្រាស់ទុន ពីក្រៅប្រទេសមានការចូលរួមវិនិយោគជាបន្តបន្ទាប់។
សូមជម្រាបដែរថា គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន ៣០% ត្រូវនឹងទឹកប្រាក់សរុប ៣៩០លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលថ្លៃដី ដែលវិនិយោគរួចដោយ CAIC នោះទេ។ អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមសាងសង់ កាលពីខែមករា ឆ្នាំ២០២០ ដោយចែកចេញជា ៣ដំណាក់កាល។ គម្រោងទាំងមូល នឹងត្រូវចំណាយទឹកប្រាក់សរុប ១.៥០០លានដុល្លារអាមេរិក មិនបូកបញ្ចូលតម្លៃដី៕