Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិការណ៍ ATF 2022 នេះ ពិតជាបង្ហាញថា ត្រូវការគ្នាទៅវិញទៅមកកម្រិតណា ដើម្បីការរីកចម្រើន និងការផ្សារភ្ជាប់គ្នា

ព្រះសីហនុ ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានលើកឡើថា ព្រឹត្តិការណ៍ ATF 2022 នេះ ពិតជាបង្ហាញថា យើងត្រូវការគ្នាទៅវិញទៅមកកម្រិតណា ដើម្បីការរីកចម្រើន និងការផ្សារភ្ជាប់គ្នា។

ការបញ្ជាក់យ៉ាងដូច្នេះ ត្រូវបានលើកឡើង ក្នុងឱកាសបិទបញ្ចប់វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) នារាត្រីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោកជំទាវ នីវ៉ាយ៉ាន ហ្គីរី អាត់នីយ៉ានី (Ni Wayan Giri Adnyani) លេខាធិការអចិន្ត្រៃយ៍ តំណាងលោក សាន់ឌីយ៉ាហ្កា សាឡាហ៊ូដឌីន អ៊ុនណូ (SANDIAGA Salahuddin Uno) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ព្រឹត្តិការណ៍ ATF 2022 បាននាំមកនូវលទ្ធផល និងសមិទ្ធផលដ៏អស្ចារ្យ។ ជាក់ស្តែង ប្រទេសសមាជិកអាស៊ានបានឯកភាពលើការប្រកាសបើកដំណើរការទេសចរណ៍អាស៊ានឡើងវិញជាជំហានៗ។ វាជាសារប្រកបដោយក្តីសង្ឃឹមដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់។ ការប្រកាសនេះនឹងជំរុញការជឿជាក់ និងទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ។

រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានបញ្ជាក់ថា ភាពជោគជ័យនៃព្រឹត្តិការណ៍ ATF 2022 នឹងមិនអាចទៅរួចនោះទេ ប្រសិនបើមិនមានការគាំទ្រយ៉ាងខ្លាំងពីប្រទេសសមាជិកទាំងអស់ តំណាងការទូតរបស់ប្រទេសសមាជិក និងប្រទេសជាដៃគូ ដៃគូអាស៊ាន អ្នកទិញ អ្នកលក់ អ្នកសារព័ត៌មាន ដែលបានចូលរួមយ៉ាងសកម្ម និងទទួលខុសត្រូវក្នុងព្រឹត្តិការណ៍នេះ ហើយបានផ្តល់ឱ្យអាស៊ាន និងភាគីពាក់ព័ន្ធនូវការសម្របសម្រួលទាំងអស់ ដើម្បីឱ្យការចូលរួមប្រកបដោយប្រសិទ្ធភាព។

គួរជម្រាបថា បន្ទាប់ពីបញ្ចប់ការថ្លែងសុន្ទរកថា លោករដ្ឋមន្ត្រី ថោង ខុន ក៏បានប្រគល់ស្លាកបន្តវេនទៅឱ្យប្រទេសឥណ្ឌូណេស៊ី ក្នុងនាមម្ចាស់ផ្ទះបន្ទាប់រៀបចំវេទិកាទេសចរណ៍អាស៊ាននៅឆ្នាំ២០២៣។

វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២នេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ» ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។ ប្រទេសសមាជិកអាស៊ាន បានឯកភាពលើការប្រកាស បើកដំណើរការទេសចរណ៍អាស៊ានឡើងវិញជាជំហានៗ។ កម្ពុជាបានប្រកាសបើកប្រទេសទាំងស្រុង និងខិតខំផ្សព្វផ្សាយប្រទេសរបស់ខ្លួន ជាគោលដៅទេសចរណ៍សុវត្ថិភាពទូទាំងប្រទេស៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×