ភ្នំពេញ ៖ ឯកឧត្តម ចូរសេព បូរ៉ល វុនតេលេស តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានទទួលស្គាល់ថា ស្ថានការណ៍ នៅក្នុងប្រទេសមីយ៉ាន់ម៉ា មានភាពស្មុគស្មាញ និងពិបាក។ ឯកឧត្តម ក៏បានសម្តែង នូវការព្រួយបារម្ភ ពាក់ព័ន្ធនឹងវិបត្តិ ដែលកំពុងតែកើតឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានស្វែងរកផែនការរបស់កម្ពុជា ដើម្បីដោះស្រាយស្ថានការណ៍។
នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ចូរសេព បូរ៉ល វុនតេលេស តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២។
នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម ចូសេព បូរ៉ល វុនតេលេស (Josep Borrell, FONTELLES) តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប។

ឯកឧត្ដម ចូសេព បូរ៉េល វុនតេលេស បានអបអរសាទរកម្ពុជាដែលបានចូលកាន់តំណែងជាប្រធាន អាស៊ានសម្រាប់ឆ្នាំ២០២២នេះ និងការតែងតាំង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាប្រេសិតពិសេស របស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា។ ឯកឧត្តមតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបបានទទួលស្គាល់ថា ស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា មានភាពស្មុគស្មាញ និងពិបាក។ ឯកឧត្តម ក៏បានសម្តែង នូវការព្រួយបារម្ភពាក់ព័ន្ធនឹងវិបត្តិដែលកំពុងតែកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានស្វែង រកផែនការរបស់កម្ពុជាដើម្បីដោះស្រាយស្ថានការណ៍។
ជាការឆ្លើយតប ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧-៨ ខែមករា ឆ្នាំ២០២២ កន្លងមក ដែលជាការបោះមួយជំហានទៅមុខ ក្នុងការព្យាយាមរកផលចំណេញ លើការអនុវត្តការ ព្រមព្រៀងជាឯកច្ឆន្ធប្រាំចំណុច (5PC)។ ដំណើរទស្សនកិច្ចនេះ បាននាំមកនូវលទ្ធផលជាវិជ្ជមានជាច្រើន រួមមាន ការសន្យារបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ក្នុងការពន្យារបទឈប់បា.ញ់ រហូតដល់ដំណាច់ឆ្នាំនេះ និងបញ្ចប់អំពើហិង្សា គាំទ្រប្រេសិតពិសេសដើម្បីអនុវត្តអាណត្តិ និងអាចជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សម្រួលដល់ការជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីធានានូវការអាចទទួលបាន ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងគ្មានការរើសអើង សម្រាប់អ្នកដែលត្រូវការជំនួយជា ចាំបាច់ និងពិចារណាឡើងវិញលើរឿងក្តីរបស់សាស្ត្រាចារ្យ សន ធូនែល (Sean Turnell) នៅពេល ដែលដំណើរការតុលាការបានបញ្ចប់។
សម្រាប់ជំហានបន្ទាប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន ជម្រាបជូនឯកឧត្តមតំណាងជាន់ខ្ពស់ អំពីការរៀបចំដំណើរទស្សនកិច្ច លើកដំបូងរបស់ប្រេសិតពិសេស ស្ដីពីមីយ៉ានម៉ា និងសំណើគំនិតផ្តួចផ្តើមចំនួនពីរ ដែល សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន ប្រកាសថា ជាសកម្មភាពតាមដានបន្តពីដំណើរទស្សនកិច្ច របស់សម្តេចតេជោ ទៅកាន់មីយ៉ាន់ម៉ា នា ពេលថ្មីៗនេះ រួមមាន ការបង្កើតយន្តការមួយ ដែលមានសមាសភាពមកពីអាស៊ាន Troika និង អគ្គលេខាធិការអាស៊ាន ដើម្បីសម្របសម្រួល និងត្រួតពិនិត្យការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ ចំណុច (5PC) និងកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិភាក្សាអំពីមធ្យោបាយចែកចាយជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីផែនការបង្កើតក្រុម «មិត្តរបស់ មីយ៉ាន់ម៉ា ដែលជាគំនិតផ្តួចផ្តើម របស់ប្រទេសព្រុយណេដារូស្សាឡាម ដោយផ្តោតលើជំនួយ មនុស្សធម៌ និងស្វែងរកការគាំទ្រ និងការចូលរួមពីសហភាពអឺរ៉ុប។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ត្រូវបានអនុវត្ត ស្របតាមការព្រមព្រៀងជាឯកច្ឆន្ធប្រាំចំណុច (5PC) និងធម្មនុញ្ញអាស៊ាន (ASEAN Charter) ហើយនិងផ្អែកលើបទពិសោធន៍ពីអតីតកាលរបស់កម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី



