យោងតាម Sohu News នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ មង្គលការមួយ ដែលត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Haikou ខេត្ត Hainan ប្រទេសចិន បានល្បីល្បាញ បង្កការភ្ញាក់ផ្អើលពេញអុិនធើរណែតតែម្តង ព្រោះតែកូនកំលោះកូនក្រមុំ ក្មេងខ្លាំងដូចសិស្សវិទ្យាល័យ។
នៅក្នុងរូបភាពបានបង្ហាញ កូនក្រមុំ ស្ថិតក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ប្រពៃណីពណ៌ក្រហម ខណៈកូនកំលោះវិញសគ្រងអាវធំក្វាហ្សេ ពីលើអាវសយ៉ាងសមសួន។ អ្នកទាំងពីរនៅពេលនោះ គឺបានចូលផ្ទះខាងកូនកំលោះ ដើម្បីថ្វាយបង្គំដូនតា និងធ្វើពិធីមង្គលការទាំងមូល។
តែទោះយ៉ាងណា ការបង្ហាញខ្លួនរបស់កូនក្រមុំ និងកូនកំលោះ គឺបានធ្វើឲ្យមនុស្សជាច្រើនបានកត់សម្គាល់ និងពិភាក្សាគ្នាព្រោងព្រាត ព្រោះថា តាមរយៈមុខមាត់ គឺពួកគេពិតណាស់កំពុងស្ថិតក្នុងវ័យសិក្សាថ្នាក់វិទ្យាល័យ។ មិនត្រឹមតែប៉ុណ្ណឹង សូម្បីតែអ្នកកំដរទាំងសងខាង ក៏ធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលផងដែរ ព្រោះថា ពួកគេមើលទៅអាយុស្របាលៗគ្នា និយាយរួមទៅ គឺសុទ្ធតែនៅវ័យជំទង់ៗតែម្តង។
ដោយឡែក សម្រាប់អ្នកលេងអុិនធើរណែតវិញ បានសង្ស័យថា កូនកំលោះនិងកូនក្រមុំ អាយុមិនទាន់ ១៨ ឆ្នាំ និងសូម្បីមិនទាន់ដល់អាយុរៀបការស្របច្បាប់នៅឡើយទេ។ មនុស្សជាច្រើនពិតជាពិបាកយល់ ហេតុអ្វីពួកគេរៀបការទាំងអាយុនៅក្មេងខ្ចីបែបនេះ ហើយសូម្បីតែឪពុកម្តាយក៏មិនរេរាំង និងបែរជាធ្វើរឿងនេះសម្រាប់ពួកគេទៅវិញ។
អ្នកលេងបណ្តាញសង្គមចិន បាននាំគ្នាជជែកលើកឡើងអំពីរឿងនេះថា៖ «ខ្ញុំមិនយល់ ហេតុអ្វីទំនៀមទម្លាប់ទាំងនេះ គឺនៅតែកើតមានឡើងរហូតដល់ពេលនេះអុីចឹង។ ហេតុអ្វីឪពុកម្តាយមិនគិតអនាគតសម្រាប់កូនៗរបស់ពួកគេ? វ័យនៅក្មេងៗ ពួកគេត្រូវចូលប្រឡូកក្នុងពិភពខាងក្រៅ និងត្រូវរែកពន់ទទួលខុសត្រូវសម្រាប់គ្រួសារ គឺវាមិនងាយស្រួលនោះឡើយ»។ រីឯអ្នកខ្លះទៀត យល់ឃើញបែបនេះថា «តាមគំនិតខ្ញុំ រឿងនេះកើតឡើង គឺអាចដោយសារកូនក្រមុំមានផ្ទៃពោះ ហើយកូនកំលោះ ក៏ត្រូវបានបង្ខំឲ្យរៀបការតែម្តង, និងមួយវិញទៀត អាចដោយសារឪពុកទាំងសងខាង បង្ខំឲ្យមានមង្គលការនេះឡើង គឺក្នុងបំណងចង់បានលុយប៉ុណ្ណោះ»។
យោងតាមច្បាប់ចិន នោះអាយុរៀបការស្របច្បាប់ គឺកូនកំលោះត្រូវមានអាយុ ២២ ឆ្នាំ រីឯកូនក្រមុំមានអាយុចាប់ពី ២០ ឆ្នាំឡើង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


