ខេត្តកំពត ៖ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពត បានចូលរួមសហការជាមួយស្ថាប័នជំនាញ ធ្វើការស្ទាក់ចាប់បានរថយន្តដឹកគ្រឿងសមុទ្រ មានសារធាតុគីមីចំនួន ៥គ្រឿងក្នុងថ្ងៃផ្សេងគ្នា។
នាថ្ងៃទី ១៧ និង១៩ ខែមករា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. ប្រចាំខេត្តកំពត បានចូលរួមសហការជាមួយស្ថាប័ន មានសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតរកឃើញ និងស្ទាក់ចាប់បានរថយន្តដឹកគ្រឿងសមុទ្រចំនួន ៥គ្រឿង ស្ថិតនៅមាត់ច្រកព្រែកចាកនៃខេត្តកំពត។

ក្នុងនោះផងដែរ រថយន្ត ២គ្រឿង ចាប់បានក្នុងថ្ងៃទី១៧ និង៣គ្រឿងទៀត បន្តរកឃើញ និងចាប់បានក្នុងថ្ងៃទី១៩មករា។
យោងតាមលទ្ធផលជាក់ស្ដែង រថយន្តទាំង ៥គ្រឿងខាងលើ ត្រូវបានមន្រ្តីជំនាញរកឃើញថា បង្គាចំនួន ៦,២៦៨គីឡូក្រាម មានសារធាតុគីមី ដោយចាក់បញ្ចូលគីមី ទៅក្នុងក្បាលបង្គា ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ក៏ដូចជាអ្នកប្រើប្រាស់យ៉ាងខ្លាំងផងដែរ។
បង្គាទាំងអស់ ត្រូវបានមន្រ្តីជំនាញដកហូត និងកម្ទេចចោលភ្លាមៗ មិនចាំយូរឡើយ ចំពោះម្ចាស់ទំនិញ ត្រូវបានរងការពិន័យ តាមច្បាប់ជាធរមាន ពីមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

















