តាមសារព័ត៌មាន vnexpress បានចុះផ្សាយឲ្យដឹងថា ប៉ូលីសបាននិយាយនៅរសៀលថ្ងៃព្រហស្បតិ៍ថា បុរសអាយុ ៣០ ឆ្នាំម្នាក់ ដែលបានយកដែកគោលដុំចូលក្បាលកូនស្រីរបស់មិត្តស្រីខ្លួន បាននិយាយថា ខ្លួនបានធ្វើទារុណកម្មក្មេងស្រីតូចនោះ គឺដោយសារតែខ្លួនមិនចង់ចិញ្ចឹម។ ក្មេងស្រីរងគ្រោះ នៅពេលនេះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៅឯមន្ទីរពេទ្យ Saint Paul។
ប៉ូលិសក្រុងហាណូយ បាននិយាយថា Nguyen Trung Huyen អាយុ ៣០ ឆ្នាំ ត្រូវបានចាប់ខ្លួន និងកំពុងត្រូវបានស៊ើបអង្កេតពីបទឃាតកម្ម។
Huyen រស់នៅជាមួយមិត្តស្រីឈ្មោះ Nguyen Thi Luyen អាយុ ២៧ ឆ្នាំ និងកូនស្រីរបស់នាងអាយុ ៣ ឆ្នាំ នៅក្នុងផ្ទះមួយស្ថិតក្នុងសង្កាត់ Thach That ទីក្រុងហាណូយ។ រូបគេបាននិយាយថា វត្តមានកូនស្រីរបស់មិត្តស្រីរបស់គាត់បានធ្វើឲ្យ “ប៉ះពាល់ដល់ជីវិតរបស់ខ្លួន” ដូច្នេះ រូបគេបានធ្វើបាប និងធ្វើទារុណកម្មនាងបែបនេះ គឺ “មិនចាំបាច់ចិញ្ចឹមនាងទេ”។
ការស៊ើបអង្កេតបានរកឃើញថា Huyen បានធ្វើទារុណកម្មក្មេងស្រីចំនួន ៤ដង ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១ ដោយឲ្យផឹកថ្នាំសម្លាប់សត្វល្អិត លេបដែកគោល និងវាយបំបែកដៃរបស់នាង។ ហេតុការណ៍ហេតុចុងក្រោយ គឺបានកើតឡើងនៅថ្ងៃទី១៧ ខែមករា។ រូបគេបានទះកំផ្លៀងក្មេងស្រីរងគ្រោះជាច្រើនដង ដោយសារតែនាងមិនឆ្លើយតបនឹងសំណួររបស់ខ្លួន ហើយបានសម្រេចចិត្ត “ធ្វើទារុណកម្ម” នាងដោយយកដែកគោលដុំចូលក្បាលរបស់នាងតែម្តង។
ក្រោយមកស្ត្រីជាម្តាយបានបញ្ជូនកូនស្រីទៅមន្ទីរពេទ្យបង្អែកស្រុក ថាច់ ហើយបច្ចុប្បន្ន នាងកំពុងសន្លប់។ នាងត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានការប្រកាច់ និងរលាកស្រោមខួរ ហើយការស្កែនកាំរស្មីអ៊ិចបានបង្ហាញឱ្យឃើញដែកគោលចំនួន ៩ ដើម ត្រូវបានបង្កប់ក្នុងលលាដ៍ក្បាលរបស់នាង។ ចាប់តាំងពីពេលនោះមក នាងត្រូវបានផ្ទេរទៅមន្ទីរពេទ្យ Saint Paul ដែលជាមន្ទីរពេទ្យកម្រិតទីក្រុង សម្រាប់អ្នកជំងឺស្ថានភាពធ្ងន់ធ្ងរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




