ខេត្តបាត់ដំបង ៖ មន្ត្រីនៅច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង បានបង្ហើបឲ្យដឹងថា លោក អ៊ុ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង និងលោក អ៊ូ ថែអេង ជាអនុប្រធានទទួលបន្ទុកពិនិត្យឯកសារ និងមន្ត្រីមួយចំនួនបានឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយ ក្នុងការឲ្យក្រុមឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីថៃចូលមកកម្ពុជា។ ហើយគាបយកលុយលើតុក្រោមតុពីឈ្មួញ និងអាជីវករតូចតាចនាំចូលផ្លែឈើ និងទំនិញផ្សេងៗពីថៃ។

ប្រភពដដែលបានបន្តថា ការដែលប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង ហ៊ានធ្វើនេះដោយសារមានការបើកភ្លើងខៀវពីលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ប្រសិនបើគ្មានលោក យូ ហេង ជាបង្អែកទេនោះគឺលោក អ៊ុ ចាន់រតនា និងលោក អ៊ូ ថែអេង មិនហ៊ានប្រើតួនាទី និងអំណាចរបស់ខ្លួនប្រមូលលុយតាមរបៀបពុករលួយដូចសព្វថ្ងៃនេះទេ។

មន្ត្រីពាក់ព័ន្ធបានទម្លាយថា មេៗគយតាមច្រកព្រំដែនក្នុងស្រុកសំឡូត ស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ក៏បានឃុបឃិតជាមួយឈ្មួញ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ផងដែរ។ ការដែលមេៗគយតាមច្រកព្រំដែន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងមានលោក យូ ហេង ជាបង្អែក ហើយលោក យូ ហេង អាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជានៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផងដែរ។
ចំណែកលោក យូ ហេង , លោក អ៊ុ ចាន់រតនា និងលោក អ៊ូ ថែអេង មិនអាចសុំការអត្ថាធិប្បាយបានទេ៕ រក្សាសិទ្ធិដោយ ៖ CEN

