ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ នៃដំណើរទស្សនកិច្ចរបស់លោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅកម្ពុជា ពីថ្ងៃទី១៩-២០ ខែមករា ឆ្នាំ២០២២។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ប៊ូយ ថាញ់សឺន នៅកម្ពុជានាពេលនេះ គឺសំដៅលើកកម្ពស់ និងធ្វើឱ្យស៊ីជម្រៅទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរទ្វេភាគីរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោក ប៊ូយ ថាញ់សឺន បានអញ្ជើញចូលជួបសម្តែង ការគួរសមដាច់ដោយឡែកពីគ្នា ចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេសកម្ពុជា។
ថ្នាក់ដឹកនាំកម្ពុជាបានកោតសរសើរចំពោះសមិទ្ធផលដ៏ធំធេង ដែលវៀតណាមសម្រេចបាន ក្នុងការអភិវឌ្ឍប្រទេសជាតិ និងបានជូនពរដល់ប្រទេសវៀតណាមឱ្យអនុវត្តបានប្រកបដោយ ជោគជ័យនូវគោលដៅអភិវឌ្ឍន៍ ដែលបានកំណត់ក្នុងមហាសន្និបាតបក្សលើកទី១៣របស់ខ្លួន។ ទន្ទឹម នឹងការកោតសរសើរកម្ពុជា ចំពោះជោគជ័យដ៏ធំធេងក្នុងការអភិវឌ្ឍជាតិ និងការលើកកម្ពស់តួនាទី របស់ខ្លួននៅលើវេទិកាតំបន់ និងពិភពលោក ឯកឧត្តម ប៊ូយ ថាញ់សឺន បានសម្តែងនូវការគាំទ្ររបស់ វៀតណាម ចំពោះតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា និងអាទិភាពនានាសម្រាប់ឆ្នាំ២០២២។

នៅថ្ងៃដដែលនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តម ប៊ូយ ថាញ់សឺន បានជួបពិភាក្សាទ្វេភាគី ដែលនៅក្នុងឱកាសនោះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងរវាងកម្ពុជា និងវៀតណាម ដែលបានរីកធំធាត់ឥតឈប់ឈរ នៅលើគ្រប់វិសាលភាព ឈរលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីកិច្ចសហប្រតិបត្តិការ យូរអង្វែង និងគ្រប់ជ្រុងជ្រោយ។
ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម ប៊ូយ ថាញ់សឺន បានសម្តែងនូវការពេញចិត្តជាខ្លាំង ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ង្វៀន សួនហ្វុក ប្រធានរដ្ឋវៀតណាម នាពេលថ្មីៗនេះ ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១ និងលទ្ធផលនៃកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត និងបច្ចេកវិទ្យា (19h JC) ដែលរដ្ឋមន្ត្រីការបរទេសទាំងពីរបានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ នៅពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានផ្សាភ្ជាប់នូវ សារសំខាន់នៃការបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដងរវាងភាគីទាំងពីរ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការនានា និងការសម្រេចចិត្តនានារបស់ថ្នាក់ដឹកនាំនៃប្រទេស ទាំងពីរ។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានស្វាគមន៍ឆ្នាំ២០២២ ជា “ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម» និងបានទន្ទឹងដល់ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម។ ក្នុងន័យនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពប្តេជ្ញាធ្វើការសហការគ្នា ដើម្បី ធ្វើឱ្យសម្រេចបាននូវការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏ដូចជាការបញ្ចប់ បញ្ជីសកម្មភាពរំលឹកខួបអនុស្សាវរីយ៍រួមគ្នា រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានលើកទឹកចិត្តដល់ ក្រសួងស្ថាប័ន និងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរ បន្តការផ្លាស់ប្តូរទស្សនកិច្ចរបស់ពួកគេផងដែរ។
ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរបានសំដែង ការពេញចិត្តចំពោះកំណើន ប្រកបដោយស្ថិរភាព នៃពាណិជ្ជកម្មទ្វេភាគី និងបានចែករំលែកទស្សនៈគ្នា ក្នុងការលើកទឹកចិត្តដល់បណ្តាក្រសួង និងទីភ្នាក់ងារពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីរក្សានិរន្តរភាពនៃសន្ទុះកំណើននេះ។
ភាគីទាំងពីរ បានរំលឹកឡើងវិញនូវសារសំខាន់ នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ សន្តិសុខ និងការពារជាតិ តាមរយៈការផ្លាស់ប្តូរព័ត៌មាន និងការសម្របសម្រួល ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋ រួមមានការជួញដូរមនុស្ស និងការរត់ពន្ធគ្រឿងញៀន នៅតាមព្រំដែន រវាងប្រទេសទាំងពីរ។

ចំពោះកិច្ចការព្រំដែន ភាគីទាំងពីរបានកត់សម្គាល់ដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផលជា វិជ្ជមានដែលសម្រេចបានដោយគណៈកម្មការព្រំដែនចម្រុះ (JBC) ក្នុងការបោះបង្គោល និងកំណត់ ខណ្ឌសីមាព្រំដែន ព្រមទាំងបានស្វាគមន៍ចំពោះកំណត់ហេតុរវាងប្រធានគណៈកម្មការព្រំដែនចម្រុះ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ដែលភាគីទាំងពីរ បានប្តេជ្ញាបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបាន ទាំងសងខាង ចំពោះព្រំដែនគោកដែលនៅសេសសល់ ប្រមាណ ១៦%។
រដ្ឋមន្ត្រីបរទេសទាំងពីរ ក៏បានពិភាក្សាយ៉ាងស៊ីជម្រៅផងដែរ លើវិស័យនានានៃកិច្ចសហ ប្រតិបត្តិការទ្វេភាគី រួមមានវិស័យសុខាភិបាល អប់រំ កសិកម្ម ដឹកជញ្ជូន និងបរិស្ថានក្នុងចំណោមវិស័យផ្សេងៗទៀត។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ ដែលនឹងរួមចំណែកដល់ការពង្រឹង បន្ថែមទៀតនូវភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានចែករំលែកទស្សនៈដូចគ្នាថា វិស័យទេសចរណ៍ដើរតួនាទី យ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសក្នុងបរិបទក្រោយវិបត្តិជំងឺកូវីដ-១៩។ ក្នុងស្មារតីនេះ ភាគីទាំងពីរបានស្វាគមន៍វេទិកាទេសចរណ៍អាស៊ាន (ATF) ឆ្នាំ២០២២ ដែលត្រូវ បាន និងកំពុងរៀបចំនៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា ក្រោមប្រធានបទ «សហគមន៍សន្តិភាព និងអនាគតរួមគ្នា» ។
ចំពោះបញ្ហានានាពាក់ព័ន្ធនឹងអាស៊ាន ឯកឧត្តម ប្រាក់ សុខុន បានជម្រាបជូន ឯកឧត្តម ប៊ូយ ថាញ់សឺន ពីអាទិភាពនានារបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ និងបានគូស បញ្ជាក់អំពីបញ្ហាប្រឈមធំៗដែលអាស៊ានកំពុងជួបប្រទះ។ ឯកឧត្តម ប្រាក់ សុខុន ក៏បានជម្រាប ជូនឯកឧត្តម ប៊ូយ ថាញ់សឺន ផងដែរ អំពីគោលដៅចម្បង និងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧-៨ ខែមករា ឆ្នាំ ២០២២។ ឯកឧត្តម ប៊ូយ ថាញ់សឺន បានរំលឹកឡើងវិញ នូវការគាំទ្ររួមរបស់នាយករដ្ឋមន្ត្រីវៀតណាម និងឡាវ នាពេលថ្មីៗនេះ ចំពោះតួនាទី និងកិច្ចខិតខំប្រឹងប្រែង របស់សម្តេចតេជោនាយករដ្ឋមន្តី ហ៊ុន សែន ក្នុងការស្វែងរកវិធី និងមធ្យោបាយនានា ដើម្បីដោះស្រាយវិបត្តិមីយ៉ានម៉ា តាមរយៈ ដំណើរទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ានាពេលថ្មីៗនេះ និងបានអះអាងជាថ្មីម្ដងទៀតអំពីការគាំទ របស់វៀតណាម សម្រាប់ភាពជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា។ ឯកឧត្តម ប៊ូយ ថាញ់សឺន ក៏បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និងការគាំទ្រចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្តី ប្រាក់ សុខុន ដែលត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា។ ឯកឧត្តម ប្រាក់ សុខុន បានទទួលយកការអញ្ជើញរបស់ឯកឧត្តម ប៊ូយ ថាញ់សឺន ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម នៅក្នុងពេលឆាប់ៗខាងមុខនេះ។
ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នា ទៅវិញទៅមកលើបញ្ហា ដែលជាការចំណាប់អារម្មណ៍ និងការព្រួយបារម្ភរួម និងសម្តែងការគាំទ យ៉ាងពេញទំហឹងចំពោះគ្នាទៅវិញទៅមក នៅក្នុងវេទិកាពហុភាគីនានា ជាពិសេសក្នុងក្របខ័ណ្ឌ អាស៊ាន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

