ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន លើកទី២៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានធ្វើឡើង នាឱកាសវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

១. ក្នុងអំឡុងវេទិកាទេសចរណ៍អាស៊ាន ២០២២ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ “តារារះ ទិសនិរតី” នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងទេសចរណ៍កម្ពុជាបានរៀបចំ និងដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ អាស៊ានលើកទី២៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ក្នុងទំហំតូចល្មមអាចគ្រប់គ្រងបាន និង ស្របតាមបរិបទកូវីដ-១៩ បច្ចុប្បន្ន នៅកម្ពុជា តាមទម្រង់ផ្ទាល់ រវាងប្រទេសសមាជិកអាស៊ាន និងដៃគូអាស៊ាន មួយចំនួនមានដូចជា៖ អង្គការទេសចរណ៍ពិភពលោក (UNWTO), សមាគមន៍ទេសចរណ៍អាស៊ាន (ASEANTA) និងសមាគមន៍ទីភ្នាក់ងារធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក (PATA)។ រីឯ ដៃគូអាស៊ានមួយចំនួនច្រើនទៀត ដូចជាប្រទេស បូកបី ឥណ្ឌា រុស្ស៊ី ស្ថាប័នទេសចរណ៍ដៃគូអាស៊ាន និងផ្នែកឯកជន បានចូលរួមតាមប្រព័ន្ធអនឡាញ។ កិច្ចប្រជុំ មានការចូលរួមពីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ទាំងផ្ទាល់ និងអនឡាញ ថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន និងតំណាងអង្គទូតនានា នៃបណ្តាប្រទេសអាស៊ានប្រចាំកម្ពុជា ផងដែរ។

២. រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានគាំទ្រ និងទទួលអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យពិភាក្សាបើកទេសចរណ៍អាស៊ានឡើងវិញ ដោយត្រូវជំរុញបើកទេសចរណ៍ផ្ទៃក្នុងរបស់ខ្លួន (Intra-ASEAN_Travel) ឲ្យបានឆាប់ចំពោះមុខ តាមរយៈ ការគិតគួររៀបចំអនុវត្តច្រករបៀង នៃការធ្វើដំណើរក្នុងតំបន់អាស៊ាន (ASEAN Travel Corridor), ការគិតគូរ បង្កើតឲ្យមានប្រព័ន្ធរួមទទួលស្គាល់ការចាក់វ៉ាក់សាំង ដូចជាលិខិតបញ្ជាក់ការចាក់វ៉ាក់សាំង តាមប្រព័ន្ឋឌីជីថល (Digital Vaccination Certificate) ជាដើម។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានឯកភាពជំរុញអនុវត្ត ផែនការ និងគោលការណ៍ដែលបានអនុម័តមានដូចជាផែនការស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញ និង គោលការណ៍ណែនាំអាស៊ាន ស្តីពីវិធានសុវត្ថិភាព និងអនាម័យអាស៊ាន ស្របតាមសេចក្តីថ្លែងការណ៍ភ្នំពេញ ស្តី ពីទេសចរណ៍អាស៊ាន ប្រកបដោយចីរភាព, បរិយាបន្ន និងភាពធន់កាន់តែប្រសើរ។
៣. រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានពិភាក្សា និងពិនិត្យឃើញថា ប្រទេសសមាជិកនីមួយៗ មានលក្ខណៈគ្រប់គ្រាន់សមស្រប ក្នុងការបើកទេសចរណ៍អន្តរជាតិ ជាបណ្តើរៗ ក្នុងបរិបទកូវីដ-១៨។ ក្នុងន័យនេះ នាឱកាសវេទិកាទេសចរណ៍ អាស៊ាន២០២២ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានឯកភាពគ្នា ប្រកាសចេញពីខេត្តព្រះសីហនុនៃព្រះរាជាណាចក្រកម្ពុជា បើកទេសចរណ៍អាស៊ានឡើងវិញ ក្រោមបរិបទកូវីដ-១៨ ទាំងទេសចរណ៏ផ្ទៃក្នុងអាស៊ាន និងទេសចរណ៍អន្តរជាតិ ។
៤. រដ្ឋមន្ត្រីទេសចរណ៍អាស៊ានក៏បានលើកទឹកចិត្តឲ្យពង្រឹងកិច្ចសហប្រតិបត្តិការឡើងវិញថែមទៀត ជាមួយដៃគូ អន្តរជាតិ សមាគមទេសចរណ៍នានា និងផ្នែកឯកជន ដើម្បីបង្កើនការចូលរួមជ្រោមជ្រែងការបើកទេសចរណ៍ តំបន់ឡើងវិញ ប្រកបដោយភាពរលូន និងកំណើន។ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានអះអាងជាថ្មី ជំរុញការ អភិវឌ្ឍទេសចរណ៍តំបន់ឲ្យក្លាយជាគោលដៅទេសចរណ៍តែមួយប្រកបដោយសុវត្ថិភាព និងភាពកក់ក្ដៅ។
៥. រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានឯកភាព និងអនុម័តលើឯកសារស្នើឡើង ដោយប្រធានស្ថាប័នជាតិទេសចរណ៍ អាស៊ាន (ASEAN NTOS) មានដូចតទៅ៖
-ស្តង់ដាទីតាំងម៉ាយអាស៊ានសម្រាប់ព្រឹត្តិការណ៍ពិសេស និងការទទួលស្គាល់ (ASEAN MICE Venue Standard for Special Event Venues and its certification process);
-និម្មិតសញ្ញាទេសចរណ៍អាស៊ានថ្មី និងគោលការណ៍ណែនាំស្តីពីនិម្មិតសញ្ញា (New ASEAN TourismLogo and its Guidelines;
-បច្ចុប្បន្នភាពស្តង់ដាសមត្ថភាពសម្រាប់អ្នកជំនាញទេសចរណ៍អាស៊ាន (Updated ASEAN CommonCompetency Standards for Tourism Professionals);
-គោលការណ៍ណែនាំអាស៊ានស្តីពីសុវត្ថិភាព និងអនាម័យសម្រាប់អ្នកបម្រើការងារ និងសហគមន៍ ក្នុង ឧស្សាហកម្មទេសចរណ៍ ព្រមទាំងឡាប៊លអាស៊ានស្តីពីការធ្វើដំណើរប្រកបដោយ “ភាពកកំក្ដៅ និងសុវត្ថិភាព(ASEAN Guidelines on Hygiene and Safety for Professionals and the Communities in theTourism Industry including ASEAN Safe Travel Stamp “Safe and Warm”)
-គោលការណ៍ណែនាំស្តីពីយន្តការទទួលស្គាល់ការសិក្សាពីមុនសម្រាប់អ្នកជំនាញទេសចរណ៍អាស៊ាន (TheGuidelines on RPL Mechanism for ASEAN Tourism Professionals)
-បច្ចុប្បន្នភាពស្តង់ដាស្តីពីសហគមន៍ទេសចរណ៍អាស៊ាន (The Updated : ASEAN Communlty-BasedTourism Standard) -សេចក្តីថ្លែងការណ៍ភ្នំពេញស្ដីពីបរិវត្តកម្មទេសចរណ៍អាស៊ាន (Phnom . Penh DeclarationTransforming ASEAN Tourism ដើម្បីសុំការឯកភាពពីកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២
-លក្ខខណ្ឌការងារសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន (Terms of Reference for the Meeting of ASEAN Tourism Ministers);
-សេចក្ដីប្រកាសព័ត៌មានរួមរបស់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥ (Joint Media Statement of 25th M-ATM)
-ឯកសារអាស៊ាននានាផ្សេងទៀត។
៦. រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានឯកភាពគ្នា ផ្តល់កិច្ចសហការសម្របសម្រួលនានាចាំបាច់ ដើម្បីអនុវត្តការបើក ទេសចរណ៍អាស៊ាន ប្រកបដោយភាពរលូន ជាដំណាក់កាល និងទទួលបាននូវចីរភាព និងកំណើន។
៧. រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ការគាំទ្រខ្ពស់ដល់វិស័យទេសចរណ៍អាស៊ាន និងអនុសាសន៍ណែនាំ ប្រកបដោយគតិបណ្ឌិត នាឱកាសពិធីបើកវេទិកាទេសចរណ៍អាស៊ាន២០២២ និងជំនួបសម្តែងការគួរសមដោយរដ្ឋមន្ត្រីថ្នាក់ដឹកនាំទេសចរណ៍ និងដៃគូអាស៊ាន។ ថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន និង ផ្នែកឯកជននៃវិស័យទេសចរណ៍អាស៊ាន ក៏បានថ្លែងអំណគុណដ៏ជ្រាលជ្រៅដល់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់កាត់ខ្សែបូ សម្ពោធការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ (Travex)៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី


















