Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បញ្ជាក់ពីភាពជោគជ័យនៃព្រឹត្តិការណ៍ ATF 2022 ដោយប្រទេសសមាជិកអាស៊ាន បានឯកភាព លើការប្រកាសបើកដំណើរការទេសចរណ៍អាស៊ានឡើងវិញជាជំហានៗ

ព្រះសីហនុ៖ វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) បានបិទបញ្ចប់ដោយរដ្ឋមន្ត្រីទេស​ចរណ៍កម្ពុជា អះអាងថា ព្រឹត្តិការណ៍ ATF 2022 នេះ បាននាំមកនូវលទ្ធផល និងសមិទ្ធផលដ៏អស្ចារ្យ។ ជាក់ស្តែង ប្រទេសសមាជិកអាស៊ាន បានឯកភាពលើការប្រកាសបើកដំណើរការទេសចរណ៍អាស៊ានឡើងវិញជាជំហានៗ ដែលនេះវាគឺជាសារប្រកបដោយក្តីសង្ឃឹមដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់។ ការប្រកាសនេះនឹងជំរុញការជឿជាក់និងទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ។

ឯកឧត្តមរដ្ឋមន្រ្តី​ បានបញ្ជាក់ពីភាពជោគជ័យនៃព្រឹត្តិការណ៍នេះ ថានឹងមិនអាចទៅរួចនោះទេ ប្រសិនបើមិនមានការគាំទ្រយ៉ាងខ្លាំងពីប្រទេសសមាជិកទាំងអស់ តំណាងការទូតរបស់ប្រទេសសមាជិក និងប្រទេសជាដៃគូ ដៃគូអាស៊ាន អ្នកទិញ អ្នកលក់ អ្នកសារព័ត៌មាន ដែលបានចូលរួមយ៉ាងសកម្ម និងទទួលខុសត្រូវក្នុងព្រឹត្តិ​ការណ៍មួយនេះ ហើយបានផ្តល់ឱ្យអាស៊ាន និងភាគីពាក់ព័ន្ធនូវការសម្របសម្រួលទាំងអស់ ដើម្បីឱ្យការចូលរួមប្រកបដោយប្រសិទ្ធភាព។

រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានអះអាងថា៖ ព្រឹត្តិការណ៍ ATF 2022 អាស៊ានពិតជាត្រូវការគ្នាទៅវិញទៅមកដើម្បីការរីកចម្រើន និងការផ្សារភ្ជាប់គ្នា។ ក្រោមការវាយតម្លៃរបស់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានបង្ហាញថា តាមរយៈវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២នេះ ប្រទេសសមាជិកអាស៊ាន អាស៊ានបូកបី អាស៊ាន-ឥណ្ឌា អាស៊ាន-រុស្ស៉ី និងអង្គការដៃគូពាក់ព័ន្ធទាំងអស់ពិតជាត្រូវការគ្នាទៅវិញទៅមក ដើម្បីការរីកចម្រើន និងការផ្សារភ្ជាប់គ្នា។

សួមជម្រាបថា បន្ទាប់ពីបញ្ចប់ការថ្លែងសុន្ទរកថា ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានប្រគល់ស្លាកបន្តវេនទៅឱ្យប្រទេសឥណ្ឌូណេស៊ី ក្នុងនាមម្ចាស់ផ្ទះបន្ទាប់ ដើម្បីរៀបចំវេទិកាទេសចរណ៍អាស៊ាននៅឆ្នាំ២០២៣។

គួរបញ្ជាក់ថា វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២នេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ» ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។ ប្រទេសសមាជិកអាស៊ានបានឯកភាពលើការប្រកាសបើកដំណើរការទេសចរណ៍អាស៊ានឡើងវិញជាជំហានៗ ខណៈកម្ពុជាបានប្រកាសបើកប្រទេសទាំងស្រុង និងខិតខំផ្សព្វផ្សាយប្រទេសរបស់ខ្លួនជាគោលដៅទេសចរណ៍សុវត្ថិភាពទូទាំងប្រទេស៕

×