Sunday, March 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល ធ្វើបច្ចុប្បន្នភាព នីតិវីធីសម្រាប់បង្ការ និងទប់ស្កាត់ការចម្លង និងរីករាលដាលនៃវីរុសកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង សម្រាប់អ្នកដំណើរចូលប្រទេសកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាស អំពីការធ្វើបច្ចុប្បន្នភាព នីតិវីធីសម្រាប់បង្ការ និងទប់ស្កាត់ការចម្លង និងរីករាលដាលនៃវីរុសកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង (Omicron) សម្រាប់អ្នកដំណើរចូលប្រទេសកម្ពុជាទាំងអស់។

យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានចេញសារពិសេសណែនាំ ឲ្យកែប្រែលក្ខខណ្ឌព្យាបាលអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង (Omicron) បន្ទាប់ពីឃើញស្ថានភាពជំងឺនែះ មិនមានសភាពធ្ងន់ធ្ងរ។

ក្រសួងសុខាភិបាល មានកិត្តិយសសូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបពីការធ្វើបច្ចុប្បន្នភាព នីតិវិធីសម្រាប់បង្ការ និងទប់ស្កាត់ការចម្លង និងរីករាលដាលនៃវីរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង (Omicron) សម្រាប់អ្នកដំណើរចូលប្រទេសកម្ពុជាទាំងអស់៖

  • ក្នុងករណីទទួលបានលទ្ធផលតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ អវិជ្ជមាន ត្រូវបានអនុញ្ញាត ឱ្យធ្វើដំណើរធម្មតា។ សម្រាប់អ្នកដំណើរដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ដើម្បីតាមដាន និងត្រួតពិនិត្យសុខភាព។
  • ក្នុងករណីទទួលបានលទ្ធផលតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ វិជ្ជមាន ត្រូវយកសំណាកធ្វើ តេស្ត PCR បញ្ជាក់ និងធ្វើ Sequencing រកប្រភេទវីរុស ព្រមទាំងត្រូវស្នាក់នៅដាច់ដោយឡែក ដោយអនុវត្ត ដូចខាងក្រោម៖

១-សម្រាប់ជនបរទេសទាំងអស់ដែលចូលមកព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យព្យាបាល នៅសណ្ឋាគារ ឬនិវេសនដ្ឋានរបស់ស្ថានទូត ឬទីកន្លែងដែលពួកគាត់ជ្រើសរើស ដោយពុំចាំបាច់ទៅ សម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ របស់រដ្ឋទ។

២-សម្រាប់ជនជាតិខ្មែរ ទាំងអ្នកមកពីបរទេស និងអ្នកនៅក្នុងប្រទេស អនុញ្ញាតឱ្យស្នាក់នៅ ព្យាបាលតាមផ្ទះ ដូចករណីអ្នកជំងឺកូវីដ-១៩ ប្រភេទអាល់ហ្វា ឬដែលតា ដែរ ដោយគោរពតាមនីតិវិធី ប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។ ប្រសិនបើមាន កត្តាហានិភ័យសុខភាព អ្នកជំងឺអាចធ្វើការជ្រើសរើសធ្វើការព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ រដ្ឋ ឬឯកជន ដែលទទួលបានការអនុញ្ញាតឱ្យព្យាបាលជំងឺកូវីដ-១៩។

៣- ចំពោះអ្នកជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ជាជនបរទេស ឬជនជាតិខ្មែរ ដែលកំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ប្រសិនជាមានបំណងចាកចេញទៅព្យាបាលនៅតាមផ្ទះ ឬសណ្ឋាគារ ត្រូវបានអនុញ្ញាតឱ្យចាកចេញចាប់ពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នេះតទៅ។ ក្នុងករណីដែលអ្នកជំងឺមានគេហដ្ឋានសមរម្យ អាចស្នាក់នៅព្យាបាលដាច់ដោយឡែកពីក្រុមគ្រួសារ និង ត្រូវគោរពតាមនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដោយមានការចូលរួមសហការរាយការណ៍ជូនដល់អាជ្ញាធរមូលដ្ឋាន។ សេចក្ដីប្រកាសព័ត៌មាននេះ មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×