ភ្នំពេញ ៖ ឯកឧត្តម ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា រំពឹងថា នឹងពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ(កម្ពុជា.បារាំង) ឱ្យកាន់តែស៊ីជម្រៅ និងប្រសើរឡើង ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំង ក្នុងវិស័យសិទ្ធិមនុស្ស។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីជំនួបរវាង ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងឯកឧត្តម ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា។
នៅរសៀលថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី និងជាប្រធានគណៈ កម្មាធិការ សិទ្ធិមនុស្ស កម្ពុជា បានអនុញ្ញាតទទួលជួបសន្ទនាលើកដំបូងជាមួយ ឯកឧត្តម ហ្សាក់ ប៉ឺឡេ ឯក អគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី ម៉ិញ ឌីតាំង ប្រធានផ្នែកអាស៊ី អាគ្នេយ៍នៃក្រសួងការបរទេសបារាំង និងលោក ហ៊ូហ្គូ វ៉ាវរីន លេខាទី១ស្ថានទូតបារាំង នៅទីស្នាក់ការគណៈ កម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីពិភាក្សា លើការងារ មួយចំនួនរួមមាន (១)បញ្ហាទាក់ទងនឹងសិទ្ធិមនុស្ស (២)បេសកកម្មការងារ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង(៣)អំពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC)។

ក្នុងជំនួបនេះ ភាគីទាំងពីរបានជជែកពិភាក្សាលើរបៀបវារៈ សំខាន់ៗចំនួន ៣ ដូចខាងក្រោម៖
១.បញ្ហាទាក់ទងនឹងសិទ្ធិមនុស្ស
២. បេសកកម្មការងាររបស់គណៈកម្មាធិការសិទ្ធិមនុស្ស
៣. អំពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ។
ឯកឧត្តម កែវ រ៉េមី បានជម្រាបជូនពីវឌ្ឍនភាព ដ៏ល្អប្រសើរ នៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា តាមរយៈកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ជាពិសេសក្នុងកំឡុងពេលនៃ រីករាលដាលនៃជំងឺកូវីដ-១៩។
ឯកឧត្តមក៏បានជម្រាបជូនផងដែរ នូវបេសកកម្មការងារ និងសមិទ្ធផលស្នាដៃ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការងារសរសេររបាយការណ៍ជាតិសិទ្ធិមនុស្ស ការងារស៊ើបអង្កេត យន្តការទទួល និងដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធ នឹងការរំលោភបំពានសិទ្ធិមនុស្ស និងការផ្តល់ជំនួយផ្នែក ច្បាប់ដោយមិនគិតថ្លៃ។

ដោយឡែកចំពោះកិច្ចការនៃសាលាក្ដីខ្មែរក្រហម ឯកឧត្តមបានជម្រាបជូននូវសមិទ្ធផល និងជោគជ័យធំៗចំនួន៥ គួរឱ្យកត់សម្គាល់របស់សាលាក្តីកូនកាត់មួយនេះ (១) បានក្លាយជាតុលាការអន្តរជាតិ គំរូដែលប្រទេសមួយចំនួនកំពុងរៀនសូត្រតាមរួមមាន ប្រទេសបង់ក្លាដេស កេនយ៉ា សេនេហ្គាល់ ស្រីលង្កា និងអាហ្វ្រិកកណ្ដាល (២) ជាតុលាការអន្តរជាតិដែលប្រើប្រាស់ថវិកាកិចជាងគេ (ជាង២០លានដុល្លាក្នុងមួយឆ្នាំ បើធៀបទៅតុលាការអន្តរជាតិផ្សេងទៀតបានប្រើប្រាស់ថវិកា១០០លានដុល្លារក្នុងមួយឆ្នាំ (៣)ជាកុលាការដែល អនុញ្ញាតឱ្យមានការចូលរួមស្ដាប់សវនាការពីដើមបណ្តឹងរដ្ឋប្បវេណីមានចំនួនច្រើនជាងគេ (៤) បានបន្សល់នូវ កេរ្តិ៍ដំណែលសម្រាប់ការបង្កើតនូវរដ្ឋបាលតុលាការ នៃប្រព័ន្ធតុលាការគ្រប់ជាន់ថ្នាក់នៅកម្ពុជា (៥)ដំណើរការតុលាការនេះ បានបង្ហាញនូវភាពម្ចាស់ការ និងការដឹកនាំរបស់កម្ពុជា ដែលនាំមកនូវការបង្រួបបង្រួមនិងផ្សះផ្សាជាតិ និងអធិបតេយ្យភាពជាតិ។

ឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង ក្នុងបេសកកម្មការងារសិទ្ធិមនុស្ស នាពេលកន្លងមក ដោយទទួលបានសមិទ្ធផល ជាច្រើន ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងថា ការងារសិទ្ធិមនុស្ស គឺជាការងារមួយដែលមានការពាក់ព័ន្ធ ជាអន្តរវិស័យ និងមិនមានភាពងាយស្រួលនោះទេ ដែលទាមទារ នូវការយកចិត្តទុកដាក់ខ្ពស់។
ជាទីបញ្ចប់ ឯកឧត្តមឯកអគ្គរដ្ឋទូតរំពឹងថា នឹងពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ និងប្រសើរឡើង ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងបារាំង ក្នុងវិស័យសិទ្ធិមនុស្ស៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី









