ភ្នំពេញ ៖ យោងតាមលេខាធិការដ្ឋាន មូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា សម្រាប់ ឆ្នាំ ២០២១ នេះមូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបចំនួនជាង ៦ លានដុល្លារអាមេរិក និងជាង ៥៦.៣៥១លានរៀល។
ថវិកាដែលមូលនិធិទទួលបាននេះ រួមបញ្ចូលទាំងថវិកាបរិច្ចាគ ចំនួន ១ ៤៧៤ ៥៥៨ ដុល្លារអាមេរិកដែលសប្បុរសជន បានបរិច្ចាគដោយផ្ទាល់ នៅ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (ឬមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប) និងថវិកាទទួលបានពីហិបបរិច្ចាគ នៅតាមទីតាំង សំខាន់ៗ។

ក្នុងពេលជាមួយគ្នានេះដែរ មូលនិធិគន្ធបុប្ផាកម្ពុជាក៏បានផ្ទេរថវិកាចំនួន៤ ៥២១ ៦៣០ ដុល្លារ អាមេរិក និង ២០០ ០០០ ០០០ រៀល ជូនមន្ទីរពេទ្យគន្ធបុប្ផាដើម្បី រក្សានិរន្តរភាពនៃកិច្ចដំណើរការ ក្នុងការ ផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺ ដល់កុមារនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើង ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន និង ភរិយា ក្នុងទស្សន វិស័យកុមារជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា នៅតែទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ ទីតាំង ក្នុង ប្រទេសកម្ពុជាតាមរយៈការចូលរួមបរិច្ចាគថវិកា ពីសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស៕ រក្សាសិទ្ធិដោយ ៖ សុភក្ត្រា

