សៀមរាប ៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានថ្លែងអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលមានដីធ្លី នៅក្នុងតំបន់ជាប់ព្រំប្រទល់ រវាងឃុំខ្នារសណ្តាយ ឃុំរំចេក និងឃុំព្រះដាក់ ជាពិសេសតំបន់ចន្លោះផ្លូវជាតិលេខ៦៦ និងផ្លូវជាតិលេខ៦៧ សុទ្ធសឹងតែជាដីជាប់ នៅក្នុងផែនទីគម្របព្រៃឈើឆ្នាំ២០០២ រួសរាន់ផ្តល់ឯកសារពាក់ព័ន្ធនឹងការកាន់កាប់អាស្រ័យផលលើដីរបស់ខ្លួន ដើម្បីផ្តល់ជាមូលដ្ឋានឱ្យរដ្ឋបាលស្រុក មានទិន្នន័យពេញលេញជាលក្ខណៈប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ ក្នុងការដោះស្រាយបញ្ចប់វិវាទទាំងឡាយ ដែលបានអូសបន្លាយអស់ជាង១៥ឆ្នាំ។

នៅលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានមានប្រសាសន៍ថា “ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាព ផ្តល់ភាពច្បាស់លាស់ និងគ្រប់គ្រងឱ្យបានទិន្នន័យជារួម នៅក្នុងតំបន់ដែលមានភូមិសាស្ត្រស្មុគស្មាញ ឯកសារជាន់គ្នា ព្រំប្រទល់មិនច្បាស់លាស់ និងសម្បូរទៅដោយវិវាទ រដ្ឋបាលស្រុកបន្ទាយស្រី សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលមានដីធ្លី នៅក្នុងតំបន់ដូចដែលមានបង្ហាញនៅក្នុងផែនទីខាងក្រោមនេះ ទោះបីគិតថាមាន ឬគ្មានវិវាទក៏ដោយ មេត្តារួសរាន់ផ្តល់ឯកសារពាក់ព័ន្ធនឹងការកាន់កាប់អាស្រ័យផលលើដីរបស់ខ្លួន ដើម្បីផ្តល់ជាមូលដ្ឋានឱ្យរដ្ឋបាលស្រុក មានទិន្នន័យពេញលេញជាលក្ខណៈប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ ក្នុងការដោះស្រាយបញ្ចប់វិវាទទាំងឡាយ ដែលបានអូសបន្លាយអស់ជាង១៥ឆ្នាំមកហើយនេះ”។

លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា “ដីនៅក្នុងតំបន់ជាប់ព្រំប្រទល់ រវាងឃុំខ្នារសណ្តាយ ឃុំរំចេក និងឃុំព្រះដាក់ ជាពិសេសតំបន់ចន្លោះផ្លូវជាតិលេខ៦៦ និងផ្លូវជាតិលេខ៦៧ សុទ្ធសឹងតែជាដីជាប់នៅក្នុងផែនទីគម្របព្រៃឈើឆ្នាំ២០០២នៅឡើយ ដែលត្រូវបានប្រជាពលរដ្ឋ រស់នៅកាន់កាប់អាស្រ័យផល ជិតម្ភៃឆ្នាំរួចមកហើយ ប៉ុន្តែក៏ជាតំបន់ដែលមានការទាមទារត្រួតស៊ីគ្នា រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ឬរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ដែលបានទិញដីបន្តពីប្រជាពលរដ្ឋ ដែលទាមទារឱ្យមានការត្រួតពិនិត្យជាប្រព័ន្ធ និងធ្វើការវិនិច្ឆ័យជារួមដំណាលគ្នា ទើបសង្ឃឹមអាចរកច្រកចេញបាន”។
ម្ចាស់ដីទាំងអស់ នៅក្នុងតំបន់ទាំងនេះ នឹងត្រូវបានទុកពេលឱ្យរយៈពេល១ខែ ដើម្បីបង្ហាញឯកសារ កាន់កាប់ដែលមានសុពលភាព នៅលើដីរបស់ខ្លួន មកកាន់ក្រុមការងាររបស់រដ្ឋបាលស្រុក ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងវាយតម្លៃ មុននឹងកំណត់ឱ្យច្បាស់ថា តំបន់ណាត្រួតជាន់គ្នាពិតប្រាកដ ហើយត្រូវដោះស្រាយបញ្ចប់ ដោយតម្រូវឱ្យម្ចាស់ដីពិតប្រាកដ ចេញមុខតវ៉ាដោះស្រាយដោយផ្ទាល់ និងមិនអនុញ្ញាត ឱ្យតំណាង ឬម្ចាស់ដីដើម ចេញមុខតវ៉ាជំនួសឡើយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី




