Sunday, May 22, 2022

ទេសរដ្ឋមន្រ្តី អៀង មូលី ៖ ថវិកាជិត៩០០លានដុល្លារ ត្រូវបានចំណាយ សម្រាប់ការឆ្លើយតប ការប្រយុទ្ធប្រឆាំងមេរោគអេដស៍ និងជំងឺអេដស៍

ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ បានថ្លែងបញ្ជាក់ថា កាលពីសាមសិបឆ្នាំមុន ករណីផ្ទុកមេរោគអេដស៍ដំបូង នៅក្នុងប្រទេសកម្ពុជា ហើយកាលពី២០ឆ្នាំមុនអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបានបង្កើតឡើង ដើម្បីដឹកនាំការឆ្លើយតបទូលំទូលាយ និងពហុវិស័យចំពោះមេរោគអេដស៍ និងជំងឺអេដស៍។
ដោយក្នុងនោះថវិកាប្រមាណជិត៩០០លានដុល្លារអាមេរិក ត្រូវបានប្រមូលនិងចំណាយ សម្រាប់ការឆ្លើយតបរយៈពេលបីទសវត្សរ៍កន្លងទៅនេះ។ ពេលនេះយើងបានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាព និងការឆ្លើយតបនឹងមេរោគអេដស៍ និងអំពីសមិទ្ធផលនៃគោលបំណងចំនួនបួន នៃផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥ដែរ។

ការបញ្ជាក់នេះ នៅក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការពិនិត្យឡើងវិញ ពាក់កណ្តាលអាណត្តិផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥ (២០១៩-២០២៣) កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារកាំបូឌីយ៉ាណា ។

ឯកឧត្តមទេសរដ្ឋមន្រី្ត អៀង មូលី បានរំឭកឡើងវិញ នូវតម្រូវការ ក្នុងការអនុវត្តតាមការណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលអំពាវនាវ ជនរួមជាតិទាំងអស់ ឱ្យចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាចរន្តជាតិមួយ ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រី្ត អៀង មូលី បានអំពាវនាវឲ្យរដ្ឋាភិបាលទាំងឡាយ អង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងតំណាងប្រជាជនគន្លឹះ និងអ្នកផ្ទុកមេរោគអេដស៍ ឱ្យចូលរួមក្នុងការងារយុទ្ធសាស្ត្រនីមួយៗ ដើម្បីអនុវត្ត “វិធីសាស្រ្តថាមវន្តនៃប្រព័ន្ធអ្នកពាក់ព័ន្ធ” នៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទីបួន។ វិធីសាស្រ្តនេះ មានគោលបំណង ឱ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន មិនត្រឹមតែក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដោយមិនបន្ទោសគ្នា ទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើការសម្របសម្រួល និងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ទៅវិញទៅមក ដើម្បីសម្រេចរាល់បេសកកម្ម និងគោលបំណងគោលនយោបាយ របស់រាជរដ្ឋាភិបាល ព្រមទាំងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះ “កង្វល់ ឬការទាមទាររបស់ប្រជាពលរដ្ឋ”៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ