ភ្នំពេញ ៖ តារាសម្តែងដែលចូលចិត្តសម្ញែងភាពស៊ិចស៊ីនាង ដេនី ក្វាន់ ប្រកាសដំណឹង ពីគម្រោងរៀបចំមង្គលការ នៅបំណាច់ឆ្នាំ២០២២ ខាងមុខនេះ បន្ទាប់ពីនាងបានបង្ហាញមុខបុរស ដែលជាអនាគតស្វាមី។
ដំណឹងនេះ ត្រូវបាន ដេនី ក្វាន់ ប្រកាសជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុក ខណៈពេលគម្រោងរបស់នាង នាពេលនេះក៏ទទួលបានការគាំទ្រ ពីប្រិយមិត្តគាំទ្រផងដែរ។

យ៉ាងណា ដេនី ក្វាន់ នៅមិនទាន់បានកំណត់ពេលវេលាច្បាស់លាស់ នៃការរៀបចំមង្គលរបស់នាងនៅឡើយទេ ប៉ុន្តែតារារូបនេះ បានបញ្ជាក់ពីជំហ៊រខាងលើនេះគឺជាការពិត។
ជាការកត់សម្គាល់ តារាសម្តែងនាង ដេនី ក្វាន់ បានពើបប្រទះរឿងស្នេហាមិនសមប្រកបចំនួន២លើកមកហើយ ហើយស្នេហាទីពីររបស់នាងជាមួយ នឹងលោក មករា នោះក៏បានជួបប្រទះនូវរឿងចាញ់បោកប្រាក់កាក់ផងដែរ។
ដេនី ក្វាន់ ប្រកាសយ៉ាងក្តែងៗជាសាធារណៈឲ្យលោក មករា ប្រញ៉ាប់ចូលខ្លួនដោះស្រាយរឿងលុយនេះជាបន្ទាន់ និងបានព្រមានកុំឲ្យលោកព្យាយាមរត់គេច។

ទោះជាយ៉ាងណាសម្រាប់ស្នេហាលើកទីបីរបស់ ដេនី ក្វាន់ នាពេលនេះគឺកំពុងមានភាពផ្អែមល្ហែមដូចស្រមោចនឹងស្ករ ក្នុងពេលដែលតារារូបនេះ កាន់តែបើចំហរពីអត្តសញ្ញាណអនាគតស្វាមីផងដែរ។
អ្វីដែលពិសេសទៀតនោះ ដេនី ក្វាន់ ក៏បានប្រកាសពីការពពោះកូនក្នុងផ្ទៃ ជាមួយបុរសរូបនេះផងដែរ បើទោះបីជាអ្នកទាំង២ មិនទាន់បានរៀបចំមង្គលនៅឡើយក្តី។
យ៉ាងណា មហាជន ជាពិសេសបណ្តាអ្នកគាំទ្ររំពឹងថា ស្នេហាលើកទីបីរបស់ ដេនី ក្វាន់ នាពេលនេះនឹងមានភាពរឹងមាំ ដែលអាចឈានដល់ការកាន់ដៃគ្នារហូតចាស់កោងខ្នង៕ រក្សាសិទ្ធិដោយ ៖ សំណាង sv





