ភ្នំពេញ ៖ គុណធម៌របស់សមាជិកបក្សម្នាក់ៗ គឺជាកត្តាជោគជ័យរបស់បក្សប្រជាជនកម្ពុជា ដូច្នេះទោះក្នុងរូបភាពជាក្រុម ឬជាបុគ្គល យើងត្រូវបន្តធ្វើអំពើល្អបម្រើប្រជាជន ស្មោះត្រង់ជាមួយប្រជាជន និងនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ រួមទាំងការយកចិត្តទុកដាក់លើសុខទុក្ខ និងការជួយសម្រួលដោះស្រាយការលំបាកជូនអតីតយុទ្ធជន ដើម្បីជាការតបស្នងសងគុណ ចំពោះពលិកម្មដែលពួកគាត់ បានបំពេញក្នុងបុព្វហេតុជាតិ មាតុភូមិ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការ ក.២៦.១៣ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណៈកម្មការ ក.២៦.១៣ ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្តថា ទន្ទឹមនេះ ការចូលរួមចំណែកផ្សព្វផ្សាយ និងចែករំលែកអំពីស្នាដៃ និងសមិទ្ធផលនានារបស់បក្ស ក៏ដូចជារបស់ថ្នាក់ដឹកនាំ និងសមាជិកបក្ស ក៏ជាកិច្ចការសំខាន់ផងដែរ ដើម្បីធ្វើយ៉ាងឱ្យប្រជាជនយើង អាចសម្រេចចិត្តបានត្រឹមត្រូវដោយបន្តផ្តល់ទំនុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជន បន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាព និងនិរន្តរភាពនៃសន្តិភាពសម្រាប់អ្នកជំនាន់ក្រោយ ដូចប្រសាសន៍ សម្តេចតេជោ ប្រធានគណបក្ស បានមានប្រសាសន៍ថា៖ “គ្រប់កាលៈទេសៈណាក៏ដោយ គណបក្សប្រជាជនត្រូវតែឈ្នះ ដើម្បីបន្តដឹកនាំប្រទេស ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍរាប់សិបឆ្នាំតទៅមុខទៀត”។
ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារនានា ដែលសម្រេចក្នុងឆ្នាំ២០២១ កន្លងមកនេះ ក្រោមកិច្ចខិតខំប្រឹងប្រែង ប្រកបដោយការប្តេជ្ញាចិត្ត និងការលះបង់ខ្ពស់របស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មការ ក.២៦.១៣ នៅទូទាំងប្រទេស។ ពិតណាស់ ទោះបីមានការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែអង្គការចាត់តាំងបក្សចំណុះគណៈកម្មការ ក.២៦.១៣ គ្រប់លំដាប់ថ្នាក់ ជាពិសេសអង្គការចាត់តាំងនៅតាមមូលដ្ឋាន បានបន្តបំពេញសកម្មការងារលើគ្រប់វិស័យបានជាប់ជាប្រចាំដូចភ្លៀងរលឹម ទាំងភារកិច្ចស្នូល និងកិច្ចការជីវភាពបក្ស ជាពិសេសការចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីក្នុងការទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានឯកភាពចំពោះការដាក់ចេញនូវទិសដៅការងារសម្រាប់ឆ្នាំ២០២២ នេះ ដែលជាឆ្នាំដ៏សំខាន់ពោរពេញ ដោយភារកិច្ចយ៉ាងមមាញឹកសម្រាប់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មការ ក.២៦.១៣ គ្រប់រូប ពីព្រោះទន្ទឹមនឹងការណ៍ដែលកម្ពុជា ត្រូវបំពេញភារកិច្ច ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជាក៏ត្រូវរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលបានដំណើរការយ៉ាងទៀងទាត់ រាប់ចាត់តាំងពីអាណត្តិទី១ ក្នុងឆ្នាំ២០០២ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ




