ភ្នំពេញ ÷ បុរសជនជាតិចិនបានបើករថយន្តម៉ាក starex មួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុ.កខឿន ព័ទ្ធសួនផ្លូវបាក់ជាច្រើនកង់ រួចបន្តទៅបុ.កបង្គោលស្លាកដាក់ដើម បណ្តាលឲ្យមនុស្សបីនាក់ ជាជនជាតិចិន រងរបួសធ្ងន់និងស្រាល ត្រូវដឹកយកទៅសង្រ្គោះភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២ និង ៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ គេបានឃើញបុរសជនជាតិចិនមួយក្រុម បានបើករថយន្តម៉ាក starex ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BB-2378 បើកបរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតហោះឡើងសួនផ្លូវ ទៅបុ.កខឿនបាក់អស់ជាច្រើនកង់ រួចបន្តទៅបុ.កបង្គោលស្លាកសញ្ញា បាក់មួយដើម បណ្តាលឲ្យមនុស្សបី នាក់ នៅក្នុងរថយន្តរបួសធ្ងន់និងស្រាល ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ចុះមកវាស់វែង និងស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយ នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត




