បាត់ដំបង ៖ លោកវរសេនីយ៍ទោម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំឡូត ធ្វើការឃាត់ខ្លួនបុរសម្នាក់ឈ្មោះរ៉ាន់ រឹម ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងមូលដ្ឋានខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរស្រាវជ្រាវក្នុងករណី (ដាំនិងជួញដូរកញ្ឆាក្រៀម) កាលពីថ្ងៃ សុក្រ ទី២១ ខែមករា ឆ្នាំ២០២២ នៅចំណុចក្រុម ទី១៤ ភូមិអូរច្រាបឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

ប្រតិបត្តិការនេះបង្រ្កាបនេះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន និងដោយបានការសម្របសម្រួលលើនីតិវិធី ពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុក បានឱ្យដឹងថា នៅថ្ងៃកើតហេតុ ក្នុងពេលដែលមន្រ្តីនគរបាលរបស់លោក ចុះបំពេញភារកិច្ចដូចធម្មតា ក៏ស្រាប់តែបុរសខាងលើ បានជិះម៉ូតូឌុបការ៉ុងបិទជិតពីក្រោយ ក្នុងមូលដ្ឋានស្រុកសំឡូត ។ នៅពេលប្រទះឃើញកម្លាំងនគរបាលបុរសនេះ បានផ្តួលម៉ូតូកំពុងដឹកការ៉ុងនោះចោល ហើយរត់គេចខ្លួនបាត់ ដែលបញ្ហានេះ បាននាំឱ្យសមត្ថកិច្ចនគរបាល មានការសង័្សយ ហើយត្រួតពិនិត្យមើលក្នុងការ៉ុងនោះ មានសុទ្ធតែកញ្ឆាក្រៀម ដូចនេះសមត្ថកិច្ចនគរបាលបាននាំយកម៉ូតូ និងកញ្ឆានោះមកកាន់អធិការដ្ឋាន ដើម្បីស្រាវជ្រាវ ។

លោកអធិការបន្តទៀតថា នៅពេលស្រាវជ្រាវបានដឹងថា ម៉ូតូនេះជារបស់បុរសខាងលើ និងបានតាមស្វែងរកគាត់ មកបញ្ជាក់ពីបញ្ហានេះ ហើយពេលរកឃើញ និងនាំគាត់មកសាកសួរទើបគាត់ប្រាប់ថា ក្នុងរយៈពេលថ្មីៗនេះ មានគេទំនាក់ទំនងតាមទូរស័ព្ទ ឱ្យគាត់ដាំកញ្ឆា នៅពេលបានផលយកទៅលក់ឱ្យគេ ដូចនេះហើយទើបគាត់ទៅដាំដើមកញ្ឆា នៅក្នុងដីព្រៃមួយកន្លែងមិនមានម្ចាស់ ហើយពេលទទួលផលគាត់ យកកញ្ឆាក្រៀមចំនួន១៧គីឡូក្រាមនេះ ទៅលក់ឱ្យអ្នកទទួលទិញនោះជាលើកដំបូង នៅស្រុកសំពៅលូន តែទៅមិនទាន់ដល់ផង ក៏ប្រទះជាមួយសមត្ថកិច្ចគាត់ភ័យពេក ក៏ផ្តួលម៉ូតូដែលដឹកកញ្ឆានោះចោល រត់យករួចខ្លួនសិន ព្រោះកាត់ដឹងថា ការធ្វើអាជីវកម្មកញ្ឆាក្រៀមរបស់គាត់ខុសច្បាប់។
នៅពេលសាកសួររួចសមត្ថកិច្ច បាននាំគាត់ឱ្យទៅបង្ហាញទីតាំងដាំកញ្ឆានោះ និងបានឃើញដើមកញ្ឆាស្រស់ចំនួន៧៥ដើម ដែលត្រូវបានសមត្ថកិច្ចធ្វើការបំផ្លាញចោលនៅទីនោះ។
វត្ថុតាងចាប់យកបានរួមមាន៖ -កញ្ឆាក្រៀម ចំនួន ១៧ គីឡូក្រាម -ម៉ូតូចំនួន០១ គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០២២ ពណ៌ខ្មៅ ពាក់
ផ្លាកលេខ បាត់ដំបង 1AO.9674 លេខតួ និងលេខម៉ាស៊ីន DN125 ME-6111882 ។
ករណីខាងលើនេះ សមត្ថកិច្ចនគរបាលស្រុកបាន កសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ
នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី


