ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យទី២៣មករា ឯកឧត្តមឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារជួយខណ្ឌព្រែកព្នៅ និងលោកជំទាវជា ស៊ីណា ឃួងស្រេង បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិការ គណបក្សប្រជាជនកម្ពុជានៅក្នុងសង្កាត់ទាំង៥ ជាបន្តបន្ទាប់នៅក្នុងខណ្ឌព្រែកព្នៅ ដើម្បីត្រៀមដណ្តើមជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់នាពេលខាងមុខ។

ក្នុងឱកាសនោះឯកឧត្តមឃួង ស្រេង បានផ្តាំផ្ញើរដល់សមាជិកសមាជិការក្រុមប្រឹក្សាសង្កាត់ទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាថែមទៀតទៅលើការផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋដែលបានមករក អាជ្ញាធរឲ្យជួយ, ជំរុញការអភិវឌ្ឍន៍មូលដ្ឋាន ជាពិសេសទៀតនោះ គឺបន្តពង្រឹងសុន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានតាមគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាពដែលធ្វើឲ្យ ប្រជាពលរដ្ឋមានសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្តមានសុខដុមរមនាក្នុងការរស់ នៅនិងប្រកបរបររកស៊ីលើកតំកើងជីវភាពគ្រួសារ។

ឯកឧត្តម បន្តថា៖យើងជាអ្នកបម្រើ ប្រជាពលរដ្ឋជាចៅហ្វាយ ពេលបងប្អូនមានការលំបាកយើងជាអ្នកចេញមុខដោះ ស្រាយនិងគិតគូពីសុខទុក្ខរបស់បងប្អូន។ ឯកឧត្តមឃួង ស្រេង បន្តទៀតថា៖អ្នកការពារ និងអ្នកអភិវឌ្ឍន៏ជាតិមានមុខដដែលៗ គឺគណបក្សប្រជាជនកម្ពុជា ជាពិសេសស្ថាបនិកសន្តិភាពតែម្នាក់គត់ដែលបានលៈបង់ និងធ្វើពលីកម្មគ្រប់បែប យ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជនគឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រជាធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សមាជិកសមាជិកាគណៈបក្សប្រជាជនកម្ពុជាតាមសង្កាត់ទាំង៥ បានឲ្យដឹងថា៖ ក្រោយពីឯកឧត្តមឃួង ស្រេង បានចុះជួយមូលដ្ឋានខណ្ឌព្រែកព្នៅ បានធ្វើឲ្យភូមិសាស្ត្រខណ្ឌទាំងមូលមានការអភិវឌ្ឍន៏ប្រែមុខមាត់ថ្មីយ៉ាងលឿន ជាពិសេសហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់កើតមានខ្វាត់ខ្វែង សំណង់បុរី សំណង់លំនៅដ្ឋាន អគារសាធារណៈនានា បានកើតឡើងយ៉ាងព្រោងព្រាតនឹកស្មានមិនដល់ ធ្វើឲ្យតំបន់ព្រែកព្នៅដែលពីមុនហាក់នៅឆ្ងាយពីទីក្រុង តែព្រែកព្នៅ ពេលនេះពោរពេញទៅដោយការអភិវឌ្ឍន៍ប្រកបដោយមោទនៈភាព៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី










