Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា បាននាំចេញស្រូវជាង ១លានតោន ទៅកាន់ប្រទេសវៀតណាម នៅឆ្នាំ២០២១

ភ្នំពេញ៖ បើតាមលោក លី សាវេត ដែលជាអភិបាលរងខេត្តតាកែវ បានលើកឡើងកាលពីពេលថ្មីនេះថា នៅក្នុងរយៈពេលពេញមួយឆ្នាំ២០២១ យើងបាននាំចេញស្រូវ ជាង១លានតោន តាមច្រកនៃខេត្តតាកែវ ទៅកាន់ប្រទេសវៀតណាម ដោយចំនួននេះ បានកើនឡើងច្រើន បើធៀបនឹងឆ្នាំ២០២០ ដែលបាននាំចេញតែជាង១៦ម៉ឺនតោនប៉ុណ្ណោះ។

លោកអភិបាលរងខេត្តតាកែវ បានបន្តថា ការនាំចេញស្រូវ មានការកើនឡើងនេះ ដោយសាររដ្ឋបាលខេត្ត មានទំនាក់ទំនងល្អ ជាមួយភាគីវៀតណាម ខណៈខេត្តតាកែវ ជាខេត្តមានព្រំដែនជាប់ប្រទេសវៀតណាម ហើយជាច្រកចេញ-ចូលមួយ ដ៏មានសារៈសំខាន់មួយរបស់កម្ពុជា។​

ជាមួយគ្នានេះ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ បានមានប្រសាសន៍ថា ការងារបង្កបង្កើនផលស្រូវរដូវប្រាំង ឆ្នាំ២០២០-២០២១ របស់ខេត្តតាកែវ (សម្រាប់គណនាតុល្យភាពស្បៀង ឆ្នាំ២០២២) ផ្ទៃដីអនុវត្តបានជាង ១០ម៉ឺន ៧ពាន់ហិកតា  ស្មើនឹង ១៣៤,២២% លើផែនការ៨ម៉ឺនហិកតា, ផ្ទៃដីប្រមូលផលសរុបជាង១០ម៉ឺន៧ពាន់ហិកតា  ស្មើនឹង១០០%  ដោយទិន្នផលមធ្យម ប្រមាណ៥តោនក្នុងមួយហិកតា (៥,០០៥តោន/ហត), បរិមាណផលសរុបចំនួនជាង ៥៣ម៉ឺនតោន និងដំណាំរួមផ្សំដាំបាន  ៤.១៣៣ហិកតា។

ដោយឡែក ចំពោះការងារបង្កបង្កើនផលស្រូវរដូវវស្សា ស្រូវរដូវប្រាំង និងដំណាំរួមផ្សំ របស់ប្រជាកសិករ ក្នុងខេត្តតាកែវ សម្រេចបានគិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១, ផ្ទៃដីអនុវត្តបានជាង ២១ម៉ឺនហិកតា  ១១៨,៦២% លើផែនការ ១៨ម៉ឺនហិកតា, ផ្ទៃដីប្រមូលផលបានស្មើ១០០% ដោយទិន្នផលមធ្យមចំនួនជាង៣តោនក្នុងមួយហិកតា  ហើយបរិមាណផលសរុបចំនួន ជាង៧៣ម៉ឺនតោន  និងដំណាំរួមផ្សំដាំបានចំនួន ២,៧០០ហិកតា៕

×