នេះជាខណៈពេលដ៏រន្ធត់ និងគួរឲ្យហួសចិត្តខ្លាំងណាស់ គ្រាដែលបានឃើញម៉ូតូ១គ្រឿង ត្រូវបានក្រណាត់គ្របការពារធ្លាក់ទំនិញ ពីឡានធំ១គ្រឿង បានរបូតខ្សែចង ប៉ើងធ្លាក់គ្របពីលើទាំងកម្រោល បណ្តាលឲ្យមើលផ្លូវមិនឃើញ ប៊ិះដួលចូលក្រោមឡានធំ១គ្រឿងទៀត គួរឲ្យស្រៀវសាច់ជំនួសជាខ្លាំង។
តាមរយៈវីដេអូចែករំលែករយៈពេល ០:១២ នាទី បានបង្ហាញក្រណាត់គ្រប ត្រូវបានខ្យល់បកផាត់គ្រលាស់ចេញពីឡានដឹកទំនិញ១គ្រឿង និងទីបំផុត ក៏បានធ្លាក់គ្របទៅលើអ្នកជិះម៉ូតូ២នាក់ ទាំងកម្រោលតែម្តង។ ភ្លាមៗនោះ គេក៏បានឃើញម៉ូតូជនរងគ្រោះ ព្រោះតែមិនអាចជាន់ហ្វ្រាំងជាប់ បានបន្តដំណើរទាំងក្រណាត់គ្របពីលើ រ៉េទៅចូលឡានដឹកប្រេង ប៉ុន្តែ សំណាងមួយក្នុងមួយពាន់មួយម៉ឺនគ្រោះថ្នាក់ ម៉ូតូបានដួលគេចផុតពីកង់ឡាន ដែលកំពុងបើកក្នុងល្បឿនយ៉ាងលឿន។
បន្ទាប់ពីដួលម៉ូតូ បុរសម្នាក់ ក៏ត្រូវបានឃើញស្រវ៉ាក្រោកឡើងយ៉ាងលឿន ខណៈម្នាក់ទៀត កំពុងដេកដួលជាមួយម៉ូតូ ទាំងក្រណាត់គ្របជាប់គួរឲ្យអាសូរ។ តែទោះយ៉ាងណា ចំពោះហេតុការណ៍ ប្រភពចែករំលែក ពុំបានបញ្ជាក់ឲ្យដឹងថាកើតឡើងនៅទីកន្លែងណា ឬក្នុងប្រទេសណានោះទេ។
ប៉ុន្តែ បើទោះជាកើតឡើងនៅទីកន្លែងណាក៏ដោយ អ្នកលេងបណ្តាញសង្គម ក្រោយពីបានឃើញបែបនេះ បានលាន់មាត់ថា៖ «ព្រលឹងហោះស៊ីព្រលិត សំណាងហេីយអត់មានឡានមកទៀត កុំអីចប់, បើតែយ៉ាងហ្នឹងវានឹងស្លាប់នាក់ជិះពីក្រោយអស់ហើយ, មើលម៉ា100ដងនៅតែសើច, អ្នកបើកម៉ូតូឥឡូវជិះតែគន្លងឡាន ឆ្ងល់ដល់ហើយ ចង់ប្រជែងជីវិតជាមួយឡានម្ល៉េះ,….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







