បាត់ដំបង ៖ ក្រុមក្មេងទំនើងចំនួន៥នាក់ ដែលបង្កហិង្សាលើអ្នកដទៃក្នុងមូលដ្ឋាន បណ្តាលឲ្យបុរសម្នាក់រងរបួសជាទម្ងន់ ត្រូវបានត្រូវឃាត់ខ្លួន ហើយនៅថ្ងៃទី២៩ខែមេសា ឆ្នាំ២០១៨នេះ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល រៀបចំសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់។
ប្រតិបត្តិការបង្ក្រាបក្មេងទំនើង ក្នុងករណីហិង្សានេះ ដោយអនុវត្តន៍តាមការណែនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នង ការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាការចង្អុលដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលលើនីតិវិធីពី លោក នួន សាន ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តបាត់ ដំបង។
លោកវរសេនីយ៍ត្រី ឈឿង គឹមសុង នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំក្រុមអន្តរាគមន៍បង្ការបង្ក្រាបចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ដែលបាន ប្រព្រឹត្តហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាប់ដោយកាំបិត ទៅលើជនរងគ្រោះម្នាក់ នៅត្រង់ចំណុចទល់មុខព្រលានយន្តហោះវាលបែកចាន ស្ថិតក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១៧និង៥០នាទី ។
នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតសម្ភារៈ មាន ៖ ១- ម៉ូតូ ទ្រីមស៊េរីឆ្នាំ2011ពណ៌ខ្មៅស្លាកលេខ ប.ប 1k. 1041។ ២- ម៉ូតូហុងដាទ្រីមសង់ស៊េរីឆ្នាំ2011 ពណ៌ខ្មៅ ស្លាកលេខ ប.ប-1J8599 និង៣-កាំបិត1ដើម។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល រៀបចំសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ដោយ ៖ បញ្ញាស័ក្តិ