Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងបរិបទកូវីដ-១៩ នៅកម្ពុជា មានអ្នកប្រើអ៊ីនធឺណិតកើនឡើងប្រមាណ ១២ លាននាក់ និងសហគ្រាស SMEs ប្រមាណ ២/៣ បាននឹងកំពុងអនុវត្តសកម្មភាពឌីជីថលក្នុងប្រតិបត្តិការរបស់ខ្លួន

spot_img

ភ្នំពេញ៖ ក្នុងជំនួបរវាង ឯកឧត្តម សុខ សុភ័ក្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយលោក Alvin Tan អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី តាមប្រព័ន្ធវីដេអូនាពេលថ្មីៗនេះ ឯកឧត្តម សុខ សុភ័ក្រ បានលើក​ឡើងពីវឌ្ឍនភាពនៃវិស័យឌីជីថលនៅកម្ពុជា ពិសេសក្នុងបរិការណ៍កូវីដ-១៩ ដែលក្នុងនោះរួមមានការកើនឡើងនៃអ្នកប្រើប្រាស់អ៊ីនធឺណិតដល់ប្រមាណ ១២លាននាក់នៅកម្ពុជា ហើយសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ប្រមាណ២/៣ នៅកម្ពុជា បាននឹងកំពុងអនុវត្តសកម្មភាពឌីជីថលក្នុងប្រតិបត្តិការរបស់គេ។

ឯកឧត្តម បន្តថា កម្ពុជាគាំទ្រការអនុវត្តនូវគំនិតផ្តួចផ្តើមក្របខណ្ឌតំបន់ពាក់ព័ន្ធនឹងវិស័យឌីជីថល ដែលរួមមាន៖ ផែនការមេស្តីពីឌីជីថលក្នុងអាស៊ានឆ្នាំ២០២៥ ផែនការសកម្មភាពសម្រាប់អនុវត្តកិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងផែនទីបង្ហាញផ្លូវបង់ដាសេរីបេហ្កាវ៉ាន់ ដែលទើបតែត្រូវបានអនុម័តកាលពីឆ្នាំ២០២១។ ឯកឧត្តម បានរំលេចពីបញ្ហាប្រឈមមួយចំនួន ដែលកម្ពុជាជួបប្រទះ ពិសេសកង្វះខាតនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសម្រាប់គាំទ្រសេដ្ឋកិច្ចឌីជីថល កង្វះខាតធនធានមនុស្ស និងភាពនៅមានកម្រិតនៃបទប្បញ្ញត្តិចាំបាច់ ដែលត្រូវការការគាំទ្រពីដៃគូនានា រួមមានពីដៃគូសិង្ហបុរីនេះផងដែរ។​

ក្នុងជំនួបនោះដែរ អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានបង្ហាញការអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្របខ្លួនអនុវត្តសកម្មភាពឌីជីថលបានយ៉ាងច្រើន និងឆាប់រហ័សធៀបនឹងប្រទេសក្នុងតំបន់។ ជាមួយនឹងសុទិដ្ឋិនិយមខ្ពស់នេះ លោក បានស្នើកម្ពុជា​ ពិចារណាគាំទ្រការសិក្សារួមគ្នាស្តីពីការធ្វើអត្តសញ្ញាណធុរកិច្ចរួមមួយសម្រាប់តំបន់អាស៊ាន ដើម្បីធានាសង្គតិភាព នៃការស្តុកទុកព័ត៌មានធុរកិច្ចក្នុងតំបន់នេះ និងគាំទ្រអន្តរប្រតិបត្តិការ (Interoperability) នៃការធ្វើធុរកិច្ចបែបឌីជីថលក្នុងតំបន់ផងដែរ។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មសិង្ហបុរី បានសន្យានឹងបញ្ជូនអ្នកជំនាញការសិង្ហបុរី មកផ្តល់ជាជំនាញបច្ចេក​ទេសផ្នែកឌីជីថលដល់ SMEs និងក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា។

អនុរដ្ឋមន្ត្រីពាណិជ្ជកម្មសិង្ហបុរី ក៏បានស្នើឱ្យភាគីកម្ពុជា ជួយបន្ថែមការផ្សព្វផ្សាយពីអត្ថប្រយោជន៍នានាក្រោមច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដល់វិនិយោគិន និងធុរជនសិង្ហបុរីនៅកម្ពុជាផងដែរ។ លោកអនុរដ្ឋមន្រ្តី ក៏បានគាំទ្រសំណើកម្ពុជាក្នុងការបង្កើតក្របខ័ណ្ឌឌីជីថលលើទីផ្សារបន្ថែមទៀត ពិសេសទីផ្សារអេឡិចត្រូនិក (E-Marketplaces) សំដៅពង្រឹងសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក រវាងប្រទេសទាំងពីរ៕

spot_img
×