Sunday, May 22, 2022

ជនបំពានទៅបោះបង្គោលព្រំព័ទ្ធយកដីលិចទឹកក្នុងស្រុកបាទី ធ្វើជាកម្មសិទ្ធិ តួនាទីមេឃុំពិបាកចាត់ការ ចុះហេតុអ្វីអាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ មិនព្រមចាត់ការ ?!

តាកែវ ៖ ប្រជាពលរដ្ឋបានផ្ញើរូបភាព និងខ្លឹមសារខ្លះៗ ស្ដីពីមានជនបំពានរំលោភយកដីលិចទឹករបស់រដ្ឋក្នុងស្រុកបាទី ខេត្តតាកែវ ដោយខ្លឹមសារនោះឱ្យដឹងថា ដីលិចទឹកមួយកន្លែមានទំហំរាប់សិបហិចតា ជាសម្បត្តិរបស់រដ្ឋ ស្ថិតក្នុង ភូមិអញ្ចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ត្រូវបានក្រុមអ្នកមានលុយយកបង្គោលថ្ម ទៅបោះកំណត់ព្រំ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយអាជ្ញាធរ បែរជាឆ្លើយថា មិនដឹង ដែលមើលទៅរូបភាពនេះ បង្ហាញពីភាពអនាធិបតេយ្យទៅលើការគ្រប់គ្រង និងកាន់កាប់ដីធ្លី និងភាពកម្សោយរបស់សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដីក្នុងខេត្តតាកែវ។

ពលរដ្ឋបានបង្ហើបប្រាប់មជ្ឈមណ្ឌលព័ត៌មាន CEN ឲ្យដឹងថា ដីលិចទឹកដែលកំពុងរងគ្រោះដោយសារក្រុមអ្នកមានអំណាចទឹកលុយ និងអំណាចតួនាទី រំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ ស្ថិតនៅចំណុចកែងព្រំប្រទល់ ៣ស្រុក គឺស្រុកបាទី ស្រុកសំរោង និងស្រុកព្រៃកប្បាស តែដីដែលក្រុមអ្នកមានអំណាចទឹកលុយ និងអំណាចតួនាទី បោះបង្គោលថ្មយកជាកម្មសិទ្ធិនេះ ស្ថិតនៅ ភូមិអញ្ចេក ឃុំត្នោត ស្រុកបាទី ដោយគេដឹងថា ដីខាងលើនេះ ជាដីរបស់រដ្ឋសម្រាប់រំដោះទឹកជំនន់នារដូវវស្សា។

ប្រជាពលរដ្ឋលើកជាចម្ងល់ថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាម៉ឺងម៉ាត់ទៅអាជ្ញាធរពាក់ព័ន្ធ ស្ថាប័នពាក់ព័ន្ធ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ចាត់ការតាមនីតិវិធីច្បាប់ដែលមានជាធរមាន ស្រាវជ្រាវ រកមុខជនបំពានទាំងឡាយ ដែលឈូសឆាយ រុករាន កាប់ឆ្ការ រំលោភយកដីព្រៃលិចទឹករបស់រដ្ឋទៅធ្វើជាកម្មសិទ្ធិឯកជន គឺចាត់ការឃាត់ខ្លួន និងកសាងសំណុំរឿងទៅតុលាការ, ចុះហេតុអ្វីដីលិចទឹកនៅចំណុចខាងលើនេះ ស្ថិតនៅ ភូមិអញ្ចេក ឃុំត្នោត ស្រុកបាទី ហេតុម៉េចបានជាមិនមានអាជ្ញាធរមានសមត្ថកិច្ច ចុះស្រាវជ្រាវជ្រាវស៊ើបអង្កេត ស្វែងរកឃាត់ខ្លួនជនបំពានទាំងនោះ កសាងសំណុំរឿងទៅតុលាការ ?! ឬមួយថា បើស្រាវជ្រាវរកឃើញយ៉ាងណាហើយនោះ គួរណាស់តែចេញរបាយការណ៍ជាខ្លឹមសារគោលច្បាស់លាស់មួយ បញ្ជាក់ជូនទៅរាជរដ្ឋាភិបាល ដើម្បីឲ្យរាជរដ្ឋាភិបាលទទួលដឹងឮ និងមានវិធានការ។ បើធ្វើបែបនេះ ក៏ដូចជាធ្វើឲ្យប្រជាពលរដ្ឋអស់មន្ទិលសង្ស័យ និងអស់ចិត្តផងដែរ។

ប្រជាពលរដ្ឋប្រាប់ថា ដីខាងលើនេះ បើរដូវវស្សា គឺជាផ្លូវទឹកដ៏សំខាន់ក្នុងការជម្លៀសទឹកជំនន់ជន់លិច តែបើរដូវប្រាំងវិញ គឺពលរដ្ឋព្រោះស្រូវ ឬថែរក្សាស្មៅដើម្បីច្រូតកាត់ជាចំណីសត្វចិញ្ចឹម ដោយវាពុំមានជាកម្មសិទ្ធរបស់អ្នកណាឡើយ គឺជាកម្មសិទ្ធិសាធារណៈរបស់រដ្ឋ។ មកដល់ពេលថ្មីៗនេះ អាចថា មានការគប់គិតគ្នាជាប្រព័ន្ធក៏មិនដឹង ស្រាប់តែពួកគាត់បានឃើញ លោកមេភូមិអញ្ចេក នាំក្រុមអ្នកមានលុយមកបោះបង្គោលថ្មរាប់ពាន់បង្គោល ព័ទ្ធយកដីនោះ ដោយពួកគាត់បានត្រឹមតែឈរមើលគេដាំបង្គោលយកដីរដ្ឋតែប៉ុណ្ណោះ, ហើយក្នុងខ្លួនទទួលអារម្មណ៍ថា លែងបានច្រូតកាត់ស្មៅធ្វើជាចំណីសត្វចិញ្ចឹមទៀតហើយ, និងថា ទៅថ្ងៃក្រោយ នៅពេលដែលអ្នកមានលុយទាំងនោះ ចាក់ដីបំពេញដីលិចទឹកនៅទីនោះ ច្បាស់ជាទឹកនឹងរាចសាច សាយវាល ចូលទៅលិចលង់ភូមិដ្ឋានផ្ទះសំបែងប្រជាពលរដ្ឋដែលនៅក្បែរៗនោះ ជាមិនខាន។

បើតាមពលរដ្ឋថា ក្នុងស្រុកបាទី ទាំងមូលបានចុះបញ្ជីដីធ្លីជាប្រពន្ធ័រួចរាល់ហើយ ចំណែកដីនៅចំណុចគេបោះបង្គោលនោះ គឺខាងជំនាញភូមិបាល បានកាត់ឆ្វៀលកំណត់ទុកជាដីរបស់រដ្ឋ ជាប្រភេទដីលិចទឹកដោយគ្មានជនណាអាចមករំលោភយកបានឡើយ ប៉ុន្តែហេតុអ្វី បានជាពេលនេះ ស្រាប់តែគេបោះបង្គោលរាប់ពាន់បង្គោល ធ្វើជាព្រំដីឯកជនទៅវិញ ?!

ពាក់ព័ន្ធករណីខាងលើ លោក អ៊ុក សំបូរ មេឃុំត្នោត បានថ្លែងថា ដីនៅចំណុចភូមិអញ្ចេកនោះ គឺពិតជាដីរដ្ឋមែន ហើយលោកមិនបានដឹងថា មានគេបោះបង្គោលថ្មរំលោភយកនោះទេ, ហើយដីនៅទីនោះទៀតសោត គឺលក់-ទិញ មិនបានទេ ហើយខាងជំនាញធនធានទឹក ហេតុអីមិនចុះមកជួយមើលផង ព្រោះជាដីលិចទឹកក្រោមការគ្រប់គ្រងដោយក្រសួងធនធានទឹក ហើយលោកមិនបានដឹងថា ខាងធនធានទឹក គេមានឯកសារកាត់ឆ្វៀលប៉ុន្មានហិចតានោះដែរ។

បើតាម លោកមេឃុំ អ៊ុក សំបូរ ថា លោកនឹងចុះទៅពិនិត្យ ហើយបើពិតជាមានគេបោះបង្គោលព័ទ្ធយកដីនោះមែន លោកនិងរាយការណ៍ជូនថ្នាក់លើដើម្បីសុំគោលការបន្ត, មួយវិញទៀត ឋានៈលោកត្រឹមមេឃុំ បានត្រឹមតែដឹងឮ ឬថា យល់ដឹងខុស និងត្រូវតែប៉ុណ្ណោះ ប៉ុន្តែពុំមានលទ្ធភាពទៅអនុវត្តលើជនបំពានដែលមានអំណាចទឹកលុយ និងអំណាចតួនាទីធំជាងរូបខ្ញុំនោះទេ, ករណីនេះមជ្ឈមណ្ឌលព័ត៌មាន CEN រង់ចាំការស្រាវជ្រាវបកស្រាយពីមន្ត្រីអាជ្ញាធរខេត្តតាកែវ និងមន្ត្រីជំនាញនៃស្ថាប័នពាក់ព័ន្ធបន្ថែមទៀត ដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋអស់មន្ទិលសង្ស័យទៅលើដីនោះ ថាតើ មានការប្រែប្រួលយ៉ាងម៉េចខ្លះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN