វីដេអូឃ្លីបមួយ បើទោះជាបានកន្លងផុតច្រើនឆ្នាំទៅហើយក្តី តែនៅតែទទួលការចាប់អារម្មណ៍ និងត្រូវបានចែករំលែកសារជាថ្មី ពីសំណាក់អ្នកលេងបណ្តាញសង្គម។
ពិតណាស់ ក្នុងឃ្លីបដ៏ទាក់ទាញការចាប់អារម្មណ៍នេះ បានបង្ហាញពីទិដ្ឋភាពគ្រាដែលប៉ូលីសថៃម្នាក់ ខណៈកំពុងអនុវត្តត្រួតពិនិត្យយានយន្ត បានធ្វើរឿងដ៏មិននឹកស្មាន ដោយពុំធ្វើការផាកពិន័យទៅលើអ្នកបើកបរម្នាក់ ដែលមិនពាក់ខ្សែក្រវាត់ការពារនោះទេ និងផ្ទុយទៅវិញ គឺបានដើរចូលទៅទាញខ្សែក្រវាត់ពាក់ឲ្យអ្នកបើកបររូបនោះយ៉ាងត្រឹមត្រូវ និងព្រមទាំងច្រៀងបទចម្រៀងអប់រំយ៉ាងពិរោះទៀតផង។
ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គមខ្មែរយើង បានសម្តែងការកោតសរសើរទៅដល់ប៉ូលីសថៃជាខ្លាំង ដល់ថ្នាក់និយាយបែបនេះថា៖ «គេអើយៗ អីក៍ល្អម្ល៉េះលោកព្រះ, ហេតុអ្វីបានជាលោកប៉ូលីសថៃ គេអាចសម្ដែងអត្តចរិតបែបសាមញ្ញៗជាមួយពលរដ្ឋគេនៅលើផ្លូវសាធារណៈបានដូចនេះ? គួរឲ្យសរសើរមែនទែន,….»។ រីឯអ្នកខ្លះទៀត ក៏បាននិយាយចំៗគួរឲ្យអស់សំណើចថា «បើនៅខ្មែរ ចុះពីឡាន អញ្ជើញទៅនិយាយជាមេ ១២ម៉ឺន គ្មានឲ្យរួចខ្លួនទេវើយ!»។
តែទោះយ៉ាងណា នេះគ្រាន់តែជារូបភាពកើតឡើងនៅស្រុកថៃប៉ុណ្ណោះ។ ហេតុនេះ ដើម្បីអាយុជីវិតខ្លួនឯង និងអ្នកដទៃ យើងទាំងអស់គ្នា ទាំងអ្នកបើកបរ និងអ្នករួមដំណើរ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីជៀសវាងប៉ូលីសផាកពិន័យ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








