Sunday, May 22, 2022

ទីប្រឹក្សា សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ច្បាស់ហើយថា អភិបាលស្រុកអូររាំង និងឧកញ៉ា ស្រី ចន្ធូរ ពិតជាបានកាន់កាប់ដីរដ្ឋ និងរំលោភលើដីជនជាតិដើមភាគតិច

ស្រុកអូររាំង ៖ រឿងអាស្រូវរបស់ លោក សៀក មុន្នី អភិបាលស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាមួយឧកញ៉ា ស្រី ចន្ធូរ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បានវិវត្តទៅមុខមួយជំហានទៀតហើយ គឺលោក ប៉ែន អ៊ាន ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានធ្វើ លិខិតអន្តរាគមន៍មួយច្បាប់ គោរពជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយស្នើសុំសម្ដេចក្រឡាហោម ស ខេង ធ្វើការពិនិត្យលើលោក សៀក មុន្នី អភិបាលស្រុកអូររាំង ខេត្តមណ្ឌលគិរី, អ្នកពាក់ព័ន្ធដូចជា ឧកញ៉ា ស្រី ចន្ធូរ និងមន្ត្រីស្រុកអូររាំងមួយចំនួន ទៀត ដែលតែងតែប្រើអំណាច គំ.រាមកំ.ហែងប្រជាពលរដ្ឋជនជាតិដើមភាគតិច និងគប់គិតគ្នាជាប្រព័ន្ធធ្វើឯកសារក្លែងយកដីរដ្ឋ និងដីប្រជាពលរដ្ឋ ជនជាតិដើមភាគតិច ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន រួចយកទៅលក់ឲ្យឈ្មួញ គឺឧកញ៉ា ស្រី ចន្ធូរ ហ្នឹងឯង។

ជនជាតិដើមភាគតិច ៨គ្រួសារ រស់នៅឃុំសែនមនោរម្យ (បច្ចុប្បន្នក្រុងសែនមនោរម្យ) ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានចោទ អភិបាល ស្រុក នេះ ថា បានគិតគ្នា ជា មួយ ឧកញ៉ា ម្នាក់ លួច ធ្វើប្លង់ កម្មសិទ្ធិ លើ ដី ចំនួន ៤ ហិកតា ដែល ពួកគាត់បាន និង កំពុង អាស្រ័យ ផល តាំង ពី ឆ្នាំ១៩៩៧ រហូត មក ដល់ បច្ចុប្បន្ន។

គួររំលឹកដែរថា ករណីឧកញ៉ា ស្រី ចន្ធូរ បានទន្ទ្រានកាន់កាប់ដីព្រៃនៅចំណុចនិយាមកា លេខ (៧៣៩៣២៤-១៣៦៤៦៣៣) នៅភូមិពូរាំង ឃុំសែនមនោរម្យ (បច្ចុប្បន្នក្រុងសែនមនោរម្យ) ស្រុកអូររាំង ខេត្តមណ្ឌលគិរី គឺមានការគប់គិតពីសំណាក់ មេឃុំសែនមនោរម្យ និងលោក សៀក មុន្នី អភិបាលស្រុកអូររាំង ផងដែរ។ ប្រសិនបើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធទេនោះ គឺឧកញ៉ា ស្រី ចន្ធូរ និងឈ្មួញដទៃទៀត មិនអាចទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋនៅក្នុង ភូមិពូរាំង តាមអំពើចិត្តបានឡើយ។ មជ្ឈដ្ឋាននានា បានលើកឡើងថា ការវែកមុខមន្ត្រីជាប់ពាក់ព័ន្ធដើម្បីយកមកចាត់វិធានការតាមផ្លូវច្បាប់ គឺជាបញ្ហាដ៏សំខាន់ ដើម្បីឲ្យមានការបង្ក្រាបទប់ស្កាត់ករណីកាន់កាប់ដីព្រៃរបស់រដ្ឋនៅ ក្រុងសែនមនោរម្យ ឲ្យមានប្រសិទ្ធភាពពិតប្រាកដ។

មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានលើកឡើងថា ប្រសិនបើគ្មានការវែកមុខមន្ត្រីជាប់ពាក់ព័ន្ធ ដើម្បីយកមកចាត់វិធានការតាមផ្លូវច្បាប់នោះទេ គឺប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ និងដីចម្ការស្រល់ ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី បានត្រឹមតែធ្វើឲ្យល្អមើលប៉ុណ្ណោះ។

ទង្វើរបស់ លោក សៀក មុន្នី ក្នុងតួរនាទីជាអភិបាលស្រុកអូររាំង ដូចខាងលើនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម , លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី គួរចាត់វិធានការតាមផ្លូវច្បាប់ទៅលើក្រុមឈ្មួញ និងមន្ត្រីដែលជាប់ពាក់ព័ន្ធ ដើម្បីកុំឲ្យពលរដ្ឋជនជាតិភាគតិច រិះគន់ថា ធ្វើឲ្យតែល្អមើល ខាតពេលវេលា និងថវិការដ្ឋឥតប្រយោជន៍តែប៉ុណ្ណុះ។

ការលើកឡើងបែបនេះ គឺមហាជនចង់ឃើញភាពច្បាស់លាស់របស់សមត្ថកិច្ច , ស្ថាប័នពាក់ព័ន្ធ , អាជ្ញាធរដែនដី ទៅលើ ឧក ញ៉ា ស្រី ចន្ធូរ និងឈ្មួញដទៃទៀត ព្រមទាំងអ្នកមានលុយ មានអំណាច ដែលពាក់ព័ន្ធនឹងសកម្មភាពកាប់ទន្ទ្រាន រុករាន កាន់កាប់ដីព្រៃរបស់រដ្ឋ ដីចម្ការស្រល់របស់រដ្ឋ នៅក្នុងស្រុកអូររាំង ត្រូវតែប្រឈម មុខនឹងវិធានការផ្លូវច្បាប់ ទើបមានតម្លាភាព។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃថ្លែងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ថា លោកមិនទាន់ដឹងថា ក្រសួងមានការសម្រេច យ៉ាងណានោះទេ ដោយថាការដាក់លិខិតពីសំណាក់លោក ប៉ែន អ៊ាន មកក្រសួងមហាផ្ទៃនេះ លោកមិនទាន់បានឃើញលិខិតនៅឡើយ ។

ក្នុងលិខិតស្នើសុំ សម្ដេចក្រឡាហោម ស ខេង អន្តរាគមន៍លើការរំលោភបំពានដីរដ្ឋនេះ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ គឺ លោក បែន អ៊ាន ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ខ្ញុំបានចុះទៅពិនិត្យមើលស្ថានភាពជាក់ស្ដែងនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ផ្ទាល់ , និងបានជួបប្រជាពលរដ្ឋជនជាតិដើមភាគតិចមួយចំនួន ហើយពួកគេបានរាយការណ៍ជូនខ្ញុំផ្ទាល់, ក្រោយមកទៀត ខ្ញុំបានចាត់ក្រុមការងារ និងមេធាវី ចុះស្រាវជ្រាវបន្ថែម, រកឃើញថា ប្រជាពលរដ្ឋជនជាតិដើមភាគតិចមួយចំនួន ដែលបានរស់នៅអាស្រ័យផល ធ្វើផ្ទះដាំដំណាំ លើដីតាមជើងភ្នំ និងដងអូរ តាមទំនៀមទម្លាប់ប្រពៃណីយូរមកហើយ និងដីសហគមន៍ជនជាតិដើមភាគតិច ត្រូវបានគេរំលោភបំពានដកហូត ដោយយកលេសថា ជាដីរដ្ឋ , ហើយក្រោយមក ក៏ក្លាយទៅជាដីរបស់អ្នកមានលុយ មានអំណាច គេធ្វើរបងព័ទ្ធជុំវិញ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ឬកម្មសិទ្ធិឯកជន។

លោក ប៉ែន អ៊ាន ទីប្រឹក្សាសម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដីរបស់ប្រជាពលរដ្ឋមួយចំនួនទៀត មានឯកសារកាន់កាប់ ទិញ-លក់ ទទួលស្គាល់ដោយអាជ្ញាធរ ភូមិ ឃុំ ស្រុក , តែបែរជាអាជ្ញាធរខាងកសិកម្ម ឬរដ្ឋបាលព្រៃឈើ និងស្រុក ថា ខុសច្បាប់ ត្រូវតុលាការចោទប្រកាន់ចាប់ដាក់គុកក៏មាន។ តាមពិតទៅ ភាពច្បាស់លាស់នោះ គឺអាជ្ញាធរគ្រប់គ្រងនៅទីនោះពិតជាដឹងច្បាស់ណាស់ថា ដីណាស្របច្បាប់ ដីណាជាដីរដ្ឋ តែបើប៉ះផលប្រយោជន៍ពួកគេ ក៏ក្លាយជារឿងរ៉ាវ ហើយអ្នករងគ្រោះ គឺប្រជាពលរដ្ឋតូចតាច ទន់ខ្សោយ ដែលគ្មានខ្សែ គ្មានបក្ខពួក ត្រូវគេដេញរត់ទីណាត់ទីណែង និងខ្លះជាប់គុក៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN