ពិតជារឿងដ៏ហួសចិត្ត និងសឹងរកពាក្យនិយាយមិនចេញ ចំពោះលោកចោរម្នាក់ ដែលបានចូលគាស់តូបលក់ចាបហួយមួយកន្លែង ក្នុងបំណងតែមួយគត់ គឺគាស់ក្រវិលភេសជ្ជៈ ស្រាបៀរ សឹងអស់ពីតូប ដើម្បីតាមរករង្វាន់ធំប៉ុណ្ណោះ។ ហេតុការដ៏មហាហួសថ្លែងនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១០យប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ចំណុចតូបលក់អីវ៉ាន់ នៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
ជនសង្ស័យមានឈ្មោះ ស្លេះ ខួច អាយុ ២១ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ចំណែកម្ចាស់តូបរងគ្រោះប្តីមានឈ្មោះ ឡាញ់ សែន អាយុ ៣៦ ឆ្នាំ និងប្រពន្ធឈ្មោះ អ៊ិន ដា។
បុរសជាប្តីបានប្រាប់ឲ្យដឹងថា មុនពេលហេតុការណ៍ គាត់និងប្រពន្ធបានបិទតូបឡើងទៅសម្រាកលើផ្ទះ លុះដល់ម៉ោង ១០ និង ១០ នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ គាត់បានឮសំឡេងឆ្កែព្រូសខ្លាំងៗ ក៏ក្រោកពីដេកលបមើលទៅខាងក្រោមផ្ទះ ស្រាប់តែបានឃើញជនសង្ស័យ កំពុងធ្វើសកម្មភាពក្នុងតូប ហើយភ្លាមៗនោះ គាត់ក៏បានដាស់ប្រពន្ធ និងទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចនគរបាលមូលដ្ឋាន ចុះមកចាប់ខ្លួនជនសង្ស័យម្នាក់នោះតែម្ដង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនេះបានសភាពគួរឲ្យហួសចិត្តថា រូបគេពិតជាបានគាស់ទ្វារតូបពីក្រោយ ចូលលួចប្រាកដមែន ដោយបានគាស់គម្របកំប៉ុងស្រាបៀរ និងភេសជ្ជៈ ដើម្បីយកក្រវិលទៅដូររង្វាន់ប៉ុណ្ណោះ។ ជាក់ស្តែង ក្នុងនោះ រូបគេបានគាស់ភេសជ្ជៈខារ៉ាបាវ អស់ ៦កំប៉ុង គាស់ស្រាបៀរហ្គេងស្បឺកអស់ ២៤ កំបុង និងភេសជ្ជៈវើក អស់ប្រហែលកន្លះកេស គាស់ឆែមពាន អស់ប្រហែល ៩កំប៉ុង គាស់គោជល់ប្រហែល ១២ កំប៉ុង។ ក្រោយពេលចាប់ខ្លួន សមត្ថកិច្ចក៏បានដកហូតវត្ថុតាង ក្រវិលកំប៉ុងទាំងស្រាបៀរ និងភេជសជ្ជៈ សរុបចំនួន ៥០០ ក្រវិល ប្រគល់ជូនម្ចាស់តូបរងគ្រោះវិញផងដែរ ខណៈជនសង្ស័យរូបនេះ សមត្ថកិច្ចនឹងចាត់ការបន្តតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



