Sunday, May 22, 2022

ឧបនាយករដ្ឋមន្ត្រី​ ជា​ សុផារ៉ា ៖ ធ្វើផ្លូវថ្មីមួយខ្សែប្រវែង ២៧ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់ឆ្ពោះទៅភ្នំបូកគោ ដោយអនុវត្តតាមប្រសាសន៍ របស់សម្តេចតេជោ

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ជា​ សុផារ៉ា​ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានសម្របសម្រួល ជាមួយអ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា ម៉ុង ឬទ្ធី ធ្វើផ្លូវថ្មីមួយខ្សែប្រវែង ២៧ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេង។

ឧបនាយករដ្ឋមន្ត្រី​ ជា​ សុផារ៉ា បានថ្លែងថា អ្នកឧកញ៉ា សុខ គង់ ទទួលរ៉ាប់រងការចំណាយស្ថាបនាផ្លូវ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី ជួយឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ។

ការធ្វើផ្លូវថ្មីមួយខ្សែប្រវែង ២៧ គីឡូម៉ែត្រ អនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១។

អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានថ្លែងថា វេលាម៉ោង​១០ព្រឹក​ ថ្ងៃ​អង្គារ ទី​២៥​ ខែមករា​ ឆ្នាំ​២០២២​ ប្រជុំ​រួចហើយ​ថ្ពក់​ដៃគ្នា ​ជាមួយ​លោក​ឧកញ៉ា​សុខ​ គង់​ យកតាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​បូរាណ​ ក្រោម​អធិបតីភាព​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ ជា​ សុផារ៉ា​ ដោយមានការ​អញ្ជើញ​ចូលរួម​ ឯកឧត្តម​ គួច​ ចំរើន ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ ព្រមទាំង​មន្ត្រី​រាជការ​ ក្រោមឱវាទ​ក្រសួង​ជាច្រើន​រូប​ទៀតផង​។

អ្នកឧកញ៉ា ម៉ុង ឬទ្ធី ​មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា ​ការ​ថ្ពក់​ដៃគ្នា​នេះ​ អាចនឹងកើតចេញ​ជារូបរាងនូវ​​ផ្លូវ​ចាក់ក្រាល​កៅស៊ូ​AC​ មួយខ្សែរ​ប្រវែង​២៧គីឡូម៉ែត្រ​​ តភ្ជាប់​ពីរផ្លូវ​ជាតិ​លេខ​៤PK158+200 ឆ្លងកាត់​តាម​ចម្ការដូងប្រេង​ឆ្ពោះ​​ទៅ​កាន់​​ភ្នំបូកគោ​ ក្នុង​ពេល​ឆាប់ៗ​ដ៏ខ្លី​ខាងមុខនេះ​ជាក់ជាមិនខានឡើយ​ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី