Wednesday, June 29, 2022

សម្តេចតេជោ ហ៊ុន សែន មានបំណងសន្តិនិយម អញ្ជើញលោក មីន អោងឡាំង ចូលរួមកិច្ចប្រជុំអាស៊ាន បើមានវឌ្ឍនភាពវិជ្ជមានក្នុងការអនុវត្ត ៥ចំណុច របស់អាស៊ាន

ភ្នំពេញ ៖ ប្រសិនបើ លោកនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង មេដឹកនាំប្រទេសមីយ៉ាន់ម៉ា ដែលជាសមាជិកអាស៊ានមួយនេះ មានវឌ្ឍនភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ទាំង ៥ចំណុច ដែលបានដាក់ចេញដោយមេដឹកនាំអាស៊ាន កាលពីខែមេសាឆ្នាំមុនជាវិជ្ជមាននោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន នឹងអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ានសម្រាប់ឆ្នាំ២០២២នេះ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា សម្តេចនឹងជួបជាមួយ លោក មីន អោងឡាំង នៅថ្ងៃនេះ (ទី២៦ ខែមករា ឆ្នាំ២០២២) តាម Video conference ដើម្បីចង់ដឹងបន្ថែមទៀត អំពីការងារទាំងអស់នេះ ហើយសម្តេចបានលើកឡើងថា ស្ថានភាពមីយ៉ាន់ម៉ា ពេលនេះមានលក្ខណៈស្មុគស្មាញដោយសារតែមីយ៉ាន់ម៉ា មានរដ្ឋាភិបាល២ឯណោះ រួមទាំងរដ្ឋាភិបាលស្រមោលផងដែរ។

ការបង្ហាញពីបំណងសន្តិនិយមរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ក្នុងឱកាសសម្ដេចទទួលជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ លោក អ៊ីស្មាអែល សាប៊្រី យ៉ាកុប នាយករដ្ឋមន្ត្រីម៉ាឡេស៉ី។

លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបនេះថា សម្តេចតេជោ ហ៊ុន សែន បានជម្រាបទៅលោក មីន អោងឡាំង ថា សម្តេចនឹងអញ្ជើញលោក ចូលរួមកិច្ចប្រជុំអាស៊ាន បើមានវឌ្ឍនភាពរីកចម្រើននៅក្នុងការអនុវត្ត ៥ចំណុច នៃកិច្ចព្រមព្រៀងដោយឯកច្ឆន្ទរបស់អាស៊ាននាពេលកន្លងមក ប៉ុន្តែ ប្រសិនបើ មិនមានទេ ឯកលោកក៏ត្រូវតែត្រៀមក្នុងការបញ្ជូនតំណាង មិនមែនជាថ្នាក់នយោបាយ ចូលរួមក្នុងកិច្ចប្រជុំអាស៊ាននេះផងដែរ។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៉ី សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីការងារ និងកិច្ចការអាស៊ាន ព្រមទាំងវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាយ៉ាងច្រើនផងដែរ និងបង្ហាញពីគោលបំណង ក៏ដូចជាលទ្ធផលកាល ដែលសម្ដេចអញ្ជើញ ទៅទស្សនកិច្ចការងារ នៅប្រទេសមីយ៉ាន់ម៉ាកន្លងទៅថ្មីៗនេះ ព្រមទាំងបង្ហាញអំពីវិធានការដែលនឹងត្រូវធ្វើបន្តទៀត។

គួរបញ្ជាក់ថា អាស៊ានបានដាក់ចេញ នូវគោលការណ៍ចំនួន ៥ចំណុច ដែលក្នុងនោះមាន ៣ចំណុច ត្រូវបានផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគោលការណ៍ទាំងនេះ រួមមាន៖

១- ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត,

២- ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន,

៣- ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន,

៤- អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាហារ (AHA),

៥- ប្រេសិតពិសេស និងគណៈប្រតិភូ នឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN