Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៩នាក់ នៅខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណីលួចបូមប្រេងលក់ និងអ្នកទទួលផលចោរកម្ម

spot_img

កំពង់ឆ្នាំង ៖ សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២២ ជនសង្ស័យចំនួន៩នាក់ ត្រូវសមត្ថកិច្ចចុះបង្ក្រាប និងឃាត់បានខ្លួន ករណីលួចបូមប្រេងរថយន្ត គ្រឿងចក្រ និងទទួលផលចោរកម្ម ចេញពីក្រុមហ៊ុនជប៉ុន ដែលកំពុងសាងសង់ផ្លូវជាតិលេខ៥ ពីស្រុកពញាឮ ខេត្តកណ្តាល ឆ្ពោះទៅខេត្តបន្ទាយមានជ័យ ។

ករណីបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យទាំង៩នាក់ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងប្រតិបត្តិការដោយកម្លាំងមន្ត្រីនគរបាលយុត្តិធម៌ ខេត្តកំពង់ឆ្នាំង។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ រួមមាន: ១-ឈ្មោះ កែត ភា, ២-ឈ្មោះ ខៀវ សាវឿន, ៣-ឈ្មោះ ឃឿន វិសាល, ៤-ឈ្មោះ ទន់ សាតូ, ៥-ឈ្មោះ ប៉ាត់ ប៊ុនលី, ៦-ឈ្មោះ យក់ សីហា ត្រូវបានចោទប្រកាន់ពីបទ ផ្តើមគំនិតក្នុងអំពើលួច
៧-ឈ្មោះ ម៉ាត់ គ្រីយ៉ា ត្រូវបានចោទ ប្រកាន់ពីបទលួចលក់ប្រេង ៨-ឈ្មោះ តឹប ណាត និង៩-ឈ្មោះ សុខ ពិសិដ្ឋ ត្រូវបានចោទពីបទ ទទួលផលចោរកម្ម ទទួលទិញប្រេង ប្រព្រឹត្តនៅចំណុច ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសំរោង ឃុំតាជេស ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចដកហូតបានប្រេងម៉ាស៊ូត ចំនួន០៨កាន និងរថយន្តលួចចូលទៅបូមប្រេងចំនួន០១គ្រឿងម៉ាក Nissan (Frontier) ពណ៌ទឹកប្រាក់។

ពាក់ព័ន្ធករណីនេះផងដែរ តាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា ពួកគាត់បានរាយការណ៍ផ្ទាល់ថា មានមនុស្សមួយក្រុមជាអ្នកស៊ី ឈ្នួលបើកគ្រឿងចក្រ និងរថយន្តឱ្យក្រុមហ៊ុនជប៉ុន បានឃុបឃិតគ្នា ជាមួយសន្តិសុខយាមគ្រឿងចក្រ និងបានបើកដៃឱ្យជនសង្ស័យឈ្មោះ តឹប ណាត និងឈ្មោះ សុខ ពិសិដ្ឋ ចូលទៅទិញប្រេងដែលពួកខ្លួន បានបូមចេញពីគ្រឿងចក្រ នៅនឹងការដ្ឋានទាំងយប់តែម្តង។

ករណីលួចបូមប្រេងលក់នេះ មិនមែនជាលើកទី១ របស់ពួកគេទេ គឺជនសង្ស័យទាំងនេះ តែងតែធ្វើសកម្មភាពជាច្រើន លើកច្រើនសារមកហើយ ហើយរាល់ការប្រព្រឹត្តម្តងៗ គឺមានការចាត់តាំងបក្ខពួក ដើម្បីរៀបចាំលួចបូមប្រេង។

ភាគច្រើនយើងក៏អាចកត់សម្គាល់ មើលប្រេងដែលឈ្មួញដាក់លក់ តាមផ្លូវជាកានៗនោះ ភាគច្រើនគឺអ្នកស៊ីឈ្នួលបើករថយន្តធំៗ ឬអ្នកស៊ីឈ្នួលបើកគ្រឿងចក្រ ជាអ្នកលួចបូម យកទៅលក់ឲ្យឈ្មួញទុច្ចរិតដូចរូបភាពខាងលើនេះ ។

ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង និងក្រុមហ៊ុនជប៉ុន បានសម្តែងនូវការកោតសរសើរចំពោះចំណាត់ការ របស់តំណាងអយ្យការខេត្តកំពង់ឆ្នាំង និងសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់ ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការខេត្តកំពង់ឆ្នាំង ដែលបានដឹកនាំកម្លាំង ចុះបង្ក្រាបមុខសញ្ញាខាងលើនេះ។

បច្ចុប្បន្នជនសង្ស័យទាំង៩នាក់នេះ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋានខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×