ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូធំបុ.កគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ បានរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្រ្គោះបន្ទាន់ ដឹកយកទៅសង្រ្គោះភ្លាមៗ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតទ្បើងនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១ និង៥០ នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

បើយោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចបានបញ្ចាក់ប្រាប់ឲ្យដឹងថា មុខពេលកើតហេតុ គេឃើញបុរសម្នាក់បានជិះម៉ូតូធំមួយគ្រឿង ម៉ាកYAMAHA MT ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GV 0360 បើកបរទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿនមធ្យម មកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿង ដែលធ្វើដំណើរបញ្រ្ចាសទិសគ្នា ទិសទៅពីជើងមកត្បូង មិនចាំម៉ាកបានបត់ឆ្វេង ដើម្បីចូលទៅក្នុងបុរីប៉េងហួត ស្របពេលដែលម៉ូតូមកស្របផ្លូវ បានបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះរងរបួស ធ្ងន់ធ្ងរត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្រ្គោះភ្លាមៗផងដែរ , ចំណែករថយន្តបង្ក បានបើករថយន្តគេចខ្លួន ចូលបុរីបាត់ ស្រមោលតែម្តង។
ក្រោយពីកើហេតុ សមត្ថកិច្ចមូលដ្ឋានជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ផែនចរាចរណ៍ បានចុះទៅដល់ទីតាំងកើតហេតុ ខាងលើដើម្បីធ្វើការវាស់វែង យកម៉ូតូយកទៅរក្សាទុក ចំណែកឯរថយន្ត សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវ យកមកដោះស្រាយគ្នា នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម


