កាលពីព្រឹកមិញនេះ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅលើបណ្តាញសង្គម បានស៊ែរវីដេអូពីហេតុការណ៍ដ៏ក្តៅគគុកមួយ ដែលបានកើតឡើងរវាងតៃកុងឡានក្រុងឡានក្រុង ដែលកម្មសិទិ្ធរបស់រដ្ឋាការស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ និងប្រជាពលរដ្ឋជិះម៉ូតូម្នាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរចោមរោមព្រោងព្រាតតែម្តង។
នៅក្នុងវីដេអូ គេបានឮបុរសអ្នកជិះម៉ូតូ បាននិយាយចោទប្រកាន់អ្នកបើកបរឡានក្រុងរូបនោះថា បានបើកឡានយ៉ាងឈ្លើយ ដោយវ៉ាគេឯងយ៉ាងលឿន ប៊ិះរកបុកគាត់ហើយ បែរជាចុះមកស្ទុះរកវ៉ៃគាត់ទៀត និងសួរថាតើលោកបង្ខំប្រញាប់ទៅណា អីក៏ខ្លាំងដៃម្ល៉េះលោក ចង់រកវ៉ៃ!។ ដោយឡែក អ្នកបើកឡានក្រុងវិញ បានបោះសម្តីទាំងកំហឹងខ្លាំងៗថា «អាឆ្កូត កៀរក្បាលអ្ហែងស្អី អញវ៉ាឡានគេ ខាងឆ្វេងណោះ អ្ហែងជិះខាងស្តាំ កៀរស្អីគេ!?… អ្ហែងជិះកណ្តាលផ្លូវ បុកងាប់ទៅ ផ្លូវឪអ្ហែងធើ ឲ្យអ្ហែងជិះម្នាក់ឯងមែន! បើកបង្ខំទៅណាក៏ដោយ ទើសក្បាលស្អីអ្ហែង…»។ រីឯបុរសម្នាក់ដែលអ្នករួមដំណើរជាមួយ ក៏បានចោទអ្នកជិះម៉ូតូថា «វាជិះម៉ូតូកណ្តាលផ្លូវ វានិយាយទូរស័ព្ទ ដល់ពេលគេស៊ីប្លេវ៉ាទៅ វាថតគេ វារករឿងគេ…»។
តែទោះយ៉ាងណា នៅក្នុងហេតុការណ៍ដ៏ក្តៅស្ទើរផ្ទុះហិង្សាដាក់គ្នានេះ គេក៏មិនដឹងថា អ្នកណាខុសអ្នកណាត្រូវនោះទេ ហេតុនេះ សូមមហាជនពិចារណាទាំងអស់គ្នា។
គួរបញ្ជាក់ថា បើតាមសង្កេតឃើញ នោះរថយន្តធុនធំៗ មិនថាឡានក្រុងទេ គឺតែងឮប្រជាពលរដ្ឋរអ៊ូថា បើកឡានវ៉ាគ្នាលឿនៗណាស់ ដែលធ្វើឲ្យអ្នកជិះម៉ូតូព្រលឹងចុងសក់ម្តងៗតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











