ប្រិយមិត្ត និងមហាជនជាច្រើន ជឿថាបានទទួលជ្រាបរួចហើយ ពីករណីឈ្លោះប្រកែកគ្នាខ្លាំងៗ ជាពិសេសពីសំណាក់អ្នកបើករថយន្តក្រុងរបស់រដ្ឋ បានផ្ទុះកំហឹងប្រើពាក្យសម្តីមិនសមរម្យជាច្រើន ទៅលើប្រជាពលរដ្ឋអ្នកជិះម៉ូតូម្នាក់ ដែលតាមរករឿងដោយសារខឹងចោទអ្នកបើករថយន្តក្រុង បើកឡានវ៉ាគេឯងយ៉ាងលឿនប៊ិះរកបុកខ្លួន។
តែទោះយ៉ាងណា ក្រោយហេតុការណ៍នេះបានផ្ទុះឡើង ជាមួយមតិមហាជនរិះគន់យ៉ាងច្រើនរួចមក រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានចេញមុខបកស្រាយយ៉ាងដូច្នេះថា៖ កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ មានករណីបណ្តាញសង្គម(Facebook) បានចែកផ្សព្វផ្សាយពីរូបភាពបុគ្គលិកឈ្មោះ ម៉ៅ សុផល ភេទប្រុស អ្នកបើកបររថយន្តក្រុងស្លាកលេខរដ្ឋ៣៧ ៣-០២១៨ ដែលបានឈ្លោះប្រកែកគ្នារវាងអ្នកបើកបរម៉ូតូតាមផ្លូវសាធារណៈ ត្រង់ចំណុចម្តុំស្ថានីយប្រេង Total ផ្លូវ៣០ម៉ែត្រ បុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នោះគឺដើមហេតុបណ្តាលមកពីអ្នកបើកបររថយន្តក្រុង បានស៊ីផ្លេទៅលើអ្នកបើកបរម៉ូតូដែលកំពុងបើកបរនៅទ្រូងផ្លូវដែលជាគន្លងសម្រាប់រថយន្តធ្វើចរាចរណ៍ បានធ្វើឱ្យភាគីខាងម៉ូតូមានការខឹងសម្បារក៏ជិះតាម និងប្រើពាក្យសម្តីប្រមាថមើលងាយមួយចំនួនលើអ្នកបើកបររថយន្តក្រុង ពេលនោះអ្នកបើកបររថយន្តក្រុងក៏ទប់អារម្មណ៍ខឹងពុំបានក៏បានឈ្លោះប្រកែកគ្នារកឈ្នះចាញ់រៀងៗខ្លួន ដោយប្រើកាយវិការនិងពាក្យសម្តីមិនសមរម្យ ។
ចំពោះទង្វើ និងកាយវិការគ្មានសុជីវធម៌របស់អ្នកបើកបរដែលបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអង្គភាពបម្រើសេវាដឹកជញ្ជូនសាធារណៈ ជាពិសេសបានធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្ន សុជីវធម៌សម្រាប់អ្នកបើកបររថយន្តក្រុងរបស់រដ្ឋាករដទៃទៀត រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus)រាជធានីភ្នំពេញ នឹងពង្រឹងវិន័យលើបុគ្គលិកអ្នកបើកបរខាងលើ ដោយអញ្ជើញគាត់មកធ្វើការអប់រំណែនាំ ដោយមានកិច្ចសន្យាមិនឱ្យគាត់ប្រព្រឹត្តទង្វើបែបនេះទៀត ។
ទន្ទឹមនេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់បងប្អូបប្រជាពលរដ្ឋអ្នកបើកបរម៉ូតូទាំងអស់មេត្តាចូលរួមចំណែកក្នុងការទុកគន្លងផ្លូវរថយន្តសម្រាប់រថយន្តធ្វើចរាចរណ៍ ដើម្បីចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








