កែប៖ ប្រធានសាខាពន្ធរដា ខេត្តកែប លោក អៀង ក្អូន បានឲ្យដឹងថា ការពិនិត្យវាយតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋានគិតពន្ធលើអចលនទ្រព្យ និងពន្ធលើដីមិនប្រើប្រាស់ គឺដើម្បីងាយស្រួលគ្រប់គ្រងក្បាលដីទាំងនោះឱ្យបានច្បាស់លាស់ ម្យ៉ាងទៀត ក៏ដើម្បីស្វែករកចំនូលបន្ថែមទៀតជូនរដ្ឋបាលខេត្តផងដែរ តាមរយៈការដាក់កំរិតនៃការបង់ពន្ធ ហើយក៏ជាការជំរុញឲ្យម្ចាស់ទីតាំងដីទាំងនោះ ចូលមកធ្វើការអភិវឌ្ឍន៍លើទីតាំងរបស់ខ្លួន។

លោកបញ្ចាក់ថា ចំពោះដីឡូតិ៍នៅក្រុងកែប មានជាង២ពាន់ឡូតិ៍ កាល ពីឆ្នាំ២០២១ ខាងពន្ធដារប្រមូលពន្ធលើដីដែលមិនបានប្រើប្រាស់ បានចំណូលប្រមាណជាង ៣០ លានរៀល ក្នុងនោះសន្ទុះដែលម្ចាស់ក្បាលដីឡូតិ៍ចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធមានប្រមាណ៦០%ប៉ុណ្ណោះ នៃម្ចាស់ក្បាលដីសរុប។


ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យនេះ រដ្ឋបាលខេត្តកែបបានបើកកិច្ចប្រជុំមួយនាពេលថ្មីៗនេះ ពិនិត្យវាយតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋានគិតពន្ធលើអចលនទ្រព្យ និងពន្ធលើដីមិនប្រើប្រាស់ក្នុងខេត្តកែប ក្រោយសង្កេតឃើញថា ម្ចាស់ក្បាលដីទាំងនោះ មិនទាន់ចូលមកអភិវឌ្ឍន៍លើទីតាំងដីរបស់ខ្លួន និងមួយចំនួនទៀត នៅមិនទាន់អនុវត្តន៍កាតព្វកិច្ចបង់ពន្ធជូនរដ្ឋបានត្រឹមត្រូវនៅឡើយ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងថា មួយរយៈនេះយើងប្រឹងប្រែងអភិវឌ្ឍន៍ខេត្ត ជាពិសេសហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនានាសម្រាប់បម្រើឲ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរ នៅតាមដងផ្លូវធំៗរបស់យើង ក៏មានសណ្តាប់ធ្នាប់ល្អ ទាំងបរិស្ថានអនាម័យក៏មានភាពល្អ ប្រសើរច្រើន តែយើងនៅជួបបញ្ហាមួយទៀត គឺម្ចាស់ដីឡូតិ៍ដែលទុកចោល មិនព្រមធ្វើការអភិវឌ្ឍន៍ដីរបស់ខ្លួន។

គួរបញ្ជាក់ថា អភិបាលខេត្តកែប បានជំរុញឲ្យអង្គប្រជុំពិនិត្យមើលលើម្ចាស់ក្បាលដីទាំងនោះ ដើម្បីដាក់ចេញនូវវិធានការសមស្របមួយ នៅពេលដែលយើងសម្រេចពីការកំណត់លើតម្លៃពន្ធដីធ្លីដែលមិនប្រើប្រាស់ ទាំងនោះ៕