ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ឆ្នាំ២០២២ បន្តវេនពី លោក ហាគី ជូ ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ឆ្នាំ២០២១ ដែលបានបញ្ចប់អណត្តិ។


នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំពិធីផ្ទេរតំណែងប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ពីប្រទេសកូរ៉មកកម្ពុជា និងកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតលើកទី៥៣ ត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញ នៅសភាពាណិជ្ជកម្មកម្ពុជា ដោយមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតថ្មី ឆ្នាំ ២០២២, លោក ហាគី ជូ ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ឆ្នាំ២០២១ ដែលបានបញ្ចប់អណត្តិ, អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា រួមនិងសមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជា សមាជិកសមាជិកាក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតទាំង ១៣ប្រទេស តំណាងអង្គការដៃគូររបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ភ្ញៀវជាតិ និងអន្តជាតិជាច្រើនរូប។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត បានថ្លែងថា ការទទួលតំណែងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតក្នុងឆ្នាំនេះ ស្ថិតក្នុងកាលៈទេសៈដ៏ប្រឈម ដែលសេដ្ឋកិច្ចពិភពលោកកំពុងរងផលវិបាកធ្ងន់ធ្ងរដោយសារវិបត្តិជំងឺកូវីដ-១៩។














អ្នកឧកញ៉ាប្រធាន បានស្នើ សមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតទាំង ១៣ប្រទេស បន្តគាំទ្រ និងចូលរួមចំណែក អនុវត្តកម្មវិធីអាទិភាពនានា របស់របស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ស្របតាមមូលបទដែលបានកំណត់ដើម្បីប្រយោជន៍រួម។

សូមជម្រាបជូនថា ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៣ ដោយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកបី។ ក្រុមប្រឹក្សានេះ មានកាព្វកិច្ចផ្តល់នូវធាតុចូល ជំរុញកិច្ចសហប្រតិបត្តិការ និងកំណើនសេដ្ឋកិច្ចតំបន់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យឯកជនទាំងធុរកិច្ច និងវិនិយោគ រវាងប្រទេសសមាជិកអាស៊ា ចិន ជប៉ុន និងកូរ៉េ៕