ភ្នំពេញ៖ រហូតមកដល់ពេលនេះ រោងចក្រដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់សម្រេចបាន ដំណើរការ សាងសង់ប្រមាណ ៨០ភាគរយហើយ ដែលនឹងគ្រោងបញ្ចប់ការសាងសង់នៅចុងត្រីមាសទី ១ឆ្នាំ ២០២២។


បើតាមការអះអាងរបស់លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia ជាក្រុមហ៊ុនទទួលសិទ្ធិនាំចូលរថយន្ត Ford របស់អាមេរិកនៅទីផ្សារកម្ពុជា បានឱ្យដឹងថា ទោះបីជាពិភពលោក ក៏ដូចជា កម្ពុជា បានជួបវិបត្តិជំងឺកូវីដ១៩ក៏ដោយ ប៉ុន្តែដំណើរការសាងសង់រោងចក្រដំឡើងរថយន្ត Ford នៅកម្ពុជា មិនបានរងផលប៉ះពាល់នោះទេ ហើយបើគិតមកទល់នឹងពេលនេះ អគារទាំងមូល ត្រូវបានសាងសង់ស្ទើររួចរាល់អស់ហើយ ដោយនៅតែដាក់បញ្ចូលសម្ភារគ្រឿងបរិក្ខាប៉ុណ្ណោះ។

លោកបញ្ជាក់ថា ការសម្រេចបើករោងចក្រដំឡើងរថយន្ត Ford នៅកម្ពុជា ជាពិសេសនៅខេត្តពោធិ៍សាត់ដោយផ្ទាល់នេះ ដោយសារយើងឃើញពីសក្តានុពលទីផ្សារតម្រូវការប្រើប្រាស់រថយន្តថ្មីកំពុងមាននិន្មានការកើនឡើងកាន់តែច្រើន ជាមួយគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល និងការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់កម្ពុជា។

លោកបន្តថា តាមផែនការរោងចក្រនេះនឹងដំឡើងយីហោរថយន្ត ២ប្រភេទ របស់ Ford គឺ Ford Ranger និង Ford Everest ប្រមាណ ៤.៥០០គ្រឿង ក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់នៅទីផ្សារក្នុងស្រុក ដោយពុំទាន់មានផែនការនាំចេញទៅលក់នៅក្រៅប្រទេសនៅឡើយ។


គួរបញ្ចាក់ថា រោងចក្រដំឡើងរថយន្ត Ford នេះ សាងសង់លើផ្ទៃដី ៤ហិកតា ស្ថិតនៅភូមិសាវ័ន ឃុំស្នាអន្យា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាមួយទុនវិនិយោគចំនួន ២១លានដុល្លារ។ រោងចក្រនេះអាចស្រូបទាញកម្លាំងពលកម្មបានប្រមាណ ៥០០នាក់ និងមានសមត្ថភាពអាចផលិតរថយន្តបានប្រមាណ ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ៕