ភ្នំពេញ៖ តារាស្រី កញ្ញា ស៊ីន យូប៊ីន ត្រូវបានជ្រើសរើសជាទូត សុច្ឆន្ទៈ របស់ក្រុមហ៊ុន ជីប ម៉ុង រឺថែល ខណៈ ពិធីចុះអនុស្សារណៈនៃការយោគយល់បានរៀបចំធ្វើឡើង នៅថ្ងៃទី២៦ ខែមករាឆ្នាំ២០២២។

កញ្ញា ស៊ីន យូប៊ីន ជាអតីត Freshie Girl លេខ១។ កញ្ញាប្តេជ្ញាចិត្ត ខិតខំបំពេញការងាររបស់ខ្លួនអោយល្អ បំផុត ក្នុងនាមជាទូតសុច្ឆន្ទៈ ក្រុមហ៊ុន ជីប ម៉ុង រីដែល។ កញ្ញា ពិតជាមានកិត្តិយស និងរំភើប ចំពោះការងារថ្មី នៅ ដើមឆ្នាំ ២០២២នេះ ដែលធ្វើអោយការងាររបស់កញ្ញា ជោគជ័យមួយកំរិតទៀត លើវិស័យសិល្បៈ។ កញ្ញា ក៏ថ្លែង អំណរគុណដល់ថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង រីដែល ដែលបានជ្រើសរើសរូបកញ្ញាជាទូតសុច្ឆន្ទៈ។ យូប៊ីន នឹងខិតខំ អស់ពីសមត្ថភាព ដើម្បីធ្វើអោយការងារថ្មីរបស់ខាងដំណើរការរលូន ។

ប្រឡូកនៅក្នុងវិស័យសិល្បៈជាច្រើនឆ្នាំ កញ្ញា ស៊ីន យូ ប៊ីន ជាសិល្បការី មានជំនាញជាច្រើនវិស័យ ដូចជា តារាសម្ដែងភាពយន្ត តារាបង្ហាញម៉ូត ហើយកញ្ញាក៏អាចច្រៀង បានទៀតផង។ បន្ថែមពីលើនេះ កញ្ញា យូប៊ីន អាចនិយាយភាសាបរទេសបានយ៉ាងស្ទាត់ជំនាញ ដូចជា ភាសា អង់គ្លេស និងភាសាថៃ ដែលធ្វើអោយសាធារណជន កោតសរសើរពីសមត្ថភាព និងចំនេះជំនាញរបស់កញ្ញា។

សូមបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង រឺថែល ជ្រើសរើស កញ្ញា ស៊ីន យូប៊ីន ជាទូតសុច្ឆន្ទៈ ដោយជឿជាក់លើ សមត្ថភាព និងប្រជាប្រិយភាពរបស់កញ្ញា ដែលជាបុគ្គលជាទីស្រលាញ់របស់មហាជន។ ម្យ៉ាងវិញទៀត កញ្ញាជា បុគ្គលដែលមានស្តាយស្លៀកពាក់ស្អាតៗ ចូលចិត្តទិញឥវ៉ាន់នៅផ្សារទំនើប រួមទាំងជានិម្មិត្តរូបរបស់យុវវ័យលើម៉ូត ទាន់សម័យ ។ ចំណែកកញ្ញាយូប៊ីន ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ដោយសារជាក្រុមហ៊ុនដ៏ធំ មួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានជំនាញក្នុងវិស័យលក់រាយ ព្រមទាំងមានផលិតផលល្អ គុណភាពខ្ពស់ តំលៃសមរម្យ រួមទាំងក្រុមហ៊ុន ជីប ម៉ុង រីដែល មានកិត្តិស័ព្ទល្អនៅក្នុងសង្គម ។

បច្ចុប្បន្ន ក្រុមហ៊ុន ជីប ម៉ុងវីថែល ដំណើរការផ្សារទំនើបចំនួនបី គឺ ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល, ជីប ម៉ុង បាក់ទូក សេនធើ និងផ្សារទំនើប ជីប ម៉ុង សែនសុខ ដែលទើបដំណើរការថ្មីៗ។ ក្រុមហ៊ុន ដីប ម៉ុង រីថែល នឹងបន្ត បេសកកម្មរបស់ខ្លួនដើម្បីធ្វើអោយវិស័យលក់រាយនៅក្នុងប្រទេសកម្ពុជាកាន់តែល្អប្រសើរឡើ៕