សៀមរាប៖ ដើមព្រហ៊ូត (Garcinia Vilersiana) ជារុក្ខជាតិដែលដុះតាមព្រៃ ហើយមានប្រយោជន៍ច្រើនសម្រាប់អ្នកតម្បាញ និងអ្នកផលិតសូត្រ ព្រោះសំបកអាចយកទៅស្ងោរឱ្យទៅជាពណ៌លឿង ដែលអាចប្រសើសម្រាប់ជ្រលក់ ក្រណាត់ ឬសូត្រ។ បច្ចុប្បន្ននេះ ដើមព្រះហ៊ូតជាពូជដើមឈើកម្រនិងកម្រឃើញមានដុះដោយសារការទន្ទ្រានព្រៃឈើសម្រាប់ធ្វើស្រែចម្ការ ឬដោយសារពណ៌គីមីដែលគេមានលក់នៅលើទីផ្សារសព្វថ្ងៃ។ ដើមព្រហ៊ូត មានអត្ថប្រយោជន៍ផ្សេងទៀត ព្រោះសំបករបស់វាអាចប្រើជាឱសថធម្មជាតិព្យាបាលជម្ងឺមួយចំនួន ឬអាចកិនជាម្សៅ លាយជាមួយនឹងសារធាតុផ្សេងៗ យកមកលាបលើស្បែក ឱ្យភ្លឺរលោង ភ្លឺចាំង។
លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា ” ដើមព្រះហ៊ូតគឺជាដើមឈើព្រៃដែលភាគច្រើនដុះនៅតាមតំបន់ត្រូពិក ជាពិសេសនៅក្នុងអាស៊ីអាគ្នេយ៍យើងនេះ។ ដើមឈើមួយប្រភេទនេះបានផ្តលើប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនខ្មែរ។ “
លោក បានបន្តថា ” ប្រជាជននៅអាស៊ីអាគ្នេយ៍និយមយកសំបករបស់វាមកប្រើប្រាស់សម្រាប់បង្កើតពណ៌ ហើយនៅប្រទេសកម្ពុជា ប្រជាជនបានដាក់ឈ្មោះពណ៌នោះថា ពណ៌ព្រះហ៊ូត។ “
លោក អ៊ឹម សុខរិទ្ធី បានបន្តទៀតថា ” រហូតមកដល់បច្ចុប្បន្នប្រជាជនខ្មែរនៅតែប្រើពណ៌មួយប្រភេទនេះសម្រាប់ជ្រលក់សូត្រ។ ហើយពណ៌លឿងក្រម៉ៅដែលផលិតពីសំបកដើមឈើនេះ វាជាពណ៌ដែលនៅតាមវត្តអារាមយកមកជ្រលក់ស្បង់ចីវរកាលពីសម័យមុន តែបច្ចុប្បន្នគេប្រើពណ៌គីមីជំនួសវិញ។ “
លោក អ៊ឹម សុខរិទ្ធី បានមានប្រសាសន៍បន្តទៀតថា ” ផ្កាព្រះហ៊ូតមានខ្លិនក្រអូបឆ្ងុយ ដែលរីកនៅពេលរដូវចូលឆ្នាំខ្មែរនាខេមេសា។ ប្រជាជនខ្មែរនៅតាមភូមិស្រុក បានយកផ្កាព្រះហ៊ូតទៅត្រាំជាមួយទឹកហើយទុករហូតដល់រសៀល ដើម្បីទុកអោយទឹកនោះក្រអូប ហើយពួកគេយកទឹកនោះទៅមុជឱ្យឪពុកម្តាយរបស់គេ សម្រាប់ពិធីសាសនា។ បច្ចុប្បន្នក៏គេនៅមានធ្វើដែរសម្រាប់ភូមិស្រុកណាដែលនៅមានដើមព្រះហ៊ូត។ “
កញ្ញា មីដូរី នាយកគ្រប់គ្រងវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ បានឱ្យដឹងថា
” ដើមឈើមួយប្រភេទនេះដុះនៅតាមតំបន់ដែលមានអាកាសសធាតុក្តៅសើម ហើយដើមឈើនេះក៏មានដុះនៅប្រទេសជប៉ុនផងដែល ដែលភាគច្រើនមានដុះនៅកោះ OKINAWA “
កញ្ញា មីដូរី បានមានប្រសាសន៍ថា ” នៅប្រទេសកម្ពុជាគេអាចយកសំបកដើមព្រះហ៊ូតមកប្រើជាថ្នាំធម្មជាតិ សម្រាប់ព្យាបាលជំងឺផងដែរ។ តែសម្រាប់ប្រទេសជប៉ុនគឺគេប្រើសម្រាប់តែបង្កើតពណ៌តែប៉ុណ្ណោះ។ ប្រជាជនជប៉ុនស្រលាញ់ពណ៌នេះណាស់។ “
-កញ្ញា បានបន្តថា” ដោយសារតែដើមព្រះហ៊ូតមានប្រយោជន៏ច្រើនសម្រាប់ការងារផលិតពណ៌សម្រាប់ជ្រលក់សូត្រ ក៏ដូចជាប្រយោជន៍ផ្សេងទៀតទើបខ្ញុំដាំដើមនេះនៅទីនេះទុកសម្រាប់ប្រើប្រាស់ទៅថ្ងៃក្រោយ។
-កញ្ញា មីដូរី បានមានប្រសាសន៍បញ្ជាក់ថា ” ការផលិតសូត្រដោយជ្រលក់ពណ៌ព្រះហ៊ូតវាពិតជាមានគុណភាពណាស់ យើងប្រើផលិតផលនេះកាន់តែយូរ វាកាន់តែមានភាពរលោភ្លឺនិងមានភាពជាប់ធន់ ហើយវាពិតជាសាកសមសម្រាប់មនុស្សគ្រប់ឋានៈ។ ប្រជាជនជប៉ុននិយមប្រើផលិតផលសូត្រចេញពីរោងចក្រយើងណាស់ ព្រោះជនជាតិជប៉ុនចូលចិត្តប្រើផលិតផលដែលផលិតដោយធម្មជាតិនិងមិនប្រើគីមី។ ដូច្នេះសូមឱ្យប្រជាជនខ្មែរនិងក្រុមការងារបន្តការផលិតផលិតផលមួយនេះអោយបានកាន់តែច្រើន ដើម្បីឱ្យគ្រប់តម្រូវការទីផ្សារ។”
អ្នកស្រី ប៊ុត រីណា អ្នកជំនាញពណ៌នៃវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ បានឱ្យដឹងថា ” សម្រាប់ពណ៌ធម្មជាតិផ្សេងៗយើងពិតជាងាយស្រួលក្នុងការរុករក តែសម្រាប់ពណ៌ព្រះហ៊ូតវិញគឺពិតជាពិបាកក្នុងការរុករកណាស់។ យើងត្រូវចូលព្រៃឡើងភ្នំ ទើបអាចរកដើមព្រះហ៊ូតបានដើម្បីយកសំបកវាមកបង្កើតពណ៌ ហើយដើមឈើប្រភេទនេះអត់មានដុះនៅជិតៗភូមិខ្ញុំទេ។ “
អ្នកស្រី ប៊ុត រីណា បានមានប្រសាសន៍ថា ” សម្រាប់ការបង្កើតពណ៌ពីដើមព្រះហ៊ូតយើងគ្រាន់តែយកសំបករបស់វា ដោយមិនបាច់កាប់ដើមនោះទេ តែប្រាប់ពណ៌ធម្មជាតិខ្លះ ប្រសិនយើងចង់យកវាមកបង្កើតពណ៌ យើងត្រូវកាប់ដើមវា។ ហើយយ៉ាងណាមិញពណ៌ព្រះហ៊ូតបន្ទាប់ពីជ្រលក់វាហើយ ពេលយើងប្រើប្រាស់ឬយកមកបោកគក់ វាមិនចេញពណ៌នោះទេ លើសពីនេះយើងប្រើកាន់តែយូរ វាកាន់តែទន់។ “
អ្នកស្រី បានគូសបញ្ជាក់ថា ” កាលពីខ្ញុំនៅតូចៗ ខ្ញុំធ្លាប់បានឃើញចាស់ៗយកសំបកព្រះហ៊ូតមកកិនវាអោយទៅជាម្ស៉ៅហើយលាយជាមួយរបស់ផ្សេងៗមកលាបលើស្បែក ដើម្បីធ្វើអោយស្បែកម៉ត់ ភ្លឺរលោង” ៕
ប្រភព៖ A24