Thursday, October 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូកម្ពុជាបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅក្នុងប្រទេសកាណាដា

តូរ៉ុនតូ៖ នាព្រឹកថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជាបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅក្នុងប្រទេសកាណាដា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Caroline Mulroney សមាជិកសភានៃរដ្ឋបាលខេត្តអុនតារីយ៉ូ និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការនិយាយភាសាបារាំង ព្រមទាំងជាប្រធានក្រុមប្រឹក្សាភិបាលរតនាគារខេត្តអុនតារីយ៉ូ ផងដែរ។

ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល ដោយភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និង ប្រទេសកាណាដា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់ លោកជំទាវសមាជិកសភា ចំពោះជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ ហើយ ឯកឧត្តម ក៏បានជម្រាបជូនអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ជាពិសេស យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តោតលើការទាក់ទាញការវិនិយោដោយផ្ទាល់ពីបរទេស ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការកែលម្អបរិយាកាសធុរកិច្ច។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងអំពី លទ្ធភាពសហការរៀបចំព្រឹត្តិការណ៍អមក្នុងទម្រង់ជាវេទិកាវិនិយោគ និងពាណិជ្ជកម្ម កំឡុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញវិនិយោគិនពីខេត្តអុនតារីយ៉ូឱ្យមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា លើវិស័យអាទិភាពនានា។
ជាការឆ្លើយតប លោកជំទាវក៏បានបង្ហាញនូវការកោតសរសើរចំពោះ វឌ្ឍនភាពដ៏គួរឲ្យកត់សម្គាល់របស់កម្ពុជា។

ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលរតនាគារខេត្តអុនតារីយ៉ូ លោកជំទាវបានចែករំលែកបទពិសោធន៍ក្នុងការអនុវត្ត កំណែទម្រង់រដ្ឋបាលសាធារណៈ ការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងការលើកកម្ពស់តម្លាភាព ក្នុងវិស័យសាធារណៈនានា។ លោកជំទាវក៏បានសំដែងនូវការគាំទ្រលើការគិតគូររៀបចំ វេទិកាវិនិយោគ និងពាណិជ្ជកម្ម កំឡុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅប្រទេសកម្ពុជា។

តាមរយៈជំនួបនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីកាយវិការវិជ្ជមានមួយ ក្នុងការត្រួសត្រាយផ្លូវសម្រាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ ដែលហុចផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពី កម្ពុជា និងកាណាដា៕រក្សាសិទ្ធដោយ៖សុទ្ធលី

×