ថ្មីៗនេះ វីដេអូមួយបង្ហាញប៉ូលីសប្រចាំស្តុបមួយកន្លែង ចាប់រថយន្ត១គ្រឿងផាកពិន័យ ដែលបានបើកឆ្លងកាត់ផ្លូវប្រសព្វ ខណៈលោតភ្លើងពណ៌លឿង មិនទាន់លោតក្រហមនៅឡើយ ឃើញថាបានបង្កឲ្យមានការចាប់អារម្មណ៍ និងក៏ដូចការហួសចិត្តខ្លាំងតែម្តង ពីសំណាក់មហាជនជាអ្នកប្រើប្រាស់បណ្តាញសង្គម។
ក្នុងនោះ ម្ចាស់រថយន្តដែលត្រូវប៉ូលីសចរាចរណ៍ចាប់ផាកពិន័យ កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានផ្តាំទៅបងប្អូនក្នុងបណ្តាញសង្គមយ៉ាងដូច្នេះថា៖ «កុំជឿបងប្អូន! ខ្ញុំធ្លាប់អស់លុយហើយ យកល្អឈប់នៅកណ្តាលផ្លូវនុងហ្មងទៅ បើមានវិនាទីលោតទៅស្រួលប្រុងប្រៀបឈប់ឲ្យទាន់!»។
ជាមួយគ្នានេះផងដែរ ឧត្តមសេនីយ៍ត្រី ទីចំរើន កុសល មន្ត្រីនគរបាលយុត្តិធម៌ម្នាក់នៅក្នុងក្រសួងមហាផ្ទៃ ដែលធ្លាប់ត្រូវប៉ូលីសចាប់ផាកពិន័យដូចករណីខាងលើ ក៏បានលើកឡើងថា៖ «ករណីនេះមានច្រើន បើតាមពិនិត្យខ្សែវីដេអូរនេះ ខ្ញុំក៏មើលឃើញដែរថាភ្លើងខៀវរួចហើយ លោតចូលលឿង មិនទាន់លោតភ្លើងក្រហមទេ។ កន្លងមកខ្ញុំក៏ធ្លាប់បងប្អូនសមត្ថកិច្ចឃាត់រថយន្តដែរ ដោយសារតែរត់កាត់ភ្លើងលឿង»។
គួរបញ្ជាក់ថា កន្លងមក មន្រ្តីជំនាញច្បាប់ចរាចរណ៍មួយរូប បានធ្វើបទបង្ហាញតាមរយៈវីដេអូ ស្តីពីការយល់ដឹងច្បាប់បើកបរផ្លូវគោក ដោយក្នុងនោះលោកបានពន្យល់ទាក់ទងករណីលោតភ្លើងលឿង ឲ្យសាធារណៈជនបានដឹងថា៖ បើអ្នកបើកបរជ្រុលចេញដំណើរនៅលើគំនូសថ្មើរជើង ស្របពេលភ្លើងសញ្ញាចរាចរណ៍លោតពណ៍លឿង អ្នកបញ្ជាយាន្តយន្ត ត្រូវតែបន្តដំណើរដោយប្រុងប្រយ័ត្ន ដោយអ្នកមិនអាចឈប់មួយកន្លែងបានទេ…។
ប៉ុន្តែ សម្រាប់ករណីដូចបានឃើញក្នុងវីដេអូនេះជាក់ស្តែង បានធ្វើឲ្យមហាជនសម្តែងការហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានឃើញប៉ូលីសចារចរណ៍ ស្ទុះចេញកាក់រថយន្ត១គ្រឿង ដែលបានបើកឆ្លងកាត់ស្តុប ខណៈភ្លើងលឿងកំពុងលោតនៅឡើយ ដើម្បីផាកពិន័យទៅវិញ ដែលជាការអនុវត្តបំពានបទបង្ហាញខាងលើទាំងស្រុងតែម្តង។ ហើយអ្វីដែលកាន់តែហួសចិត្តទៀតនោះ គឺប៉ូលីសទាំងនោះក៏បានឲ្យម្ចាស់រថយន្តចុះមើលកាមេរ៉ាទៀតផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








