តាមគេហទំព័រ SCMP ចុះផ្សាយថ្ងៃទី ២៧ ខែមេសា អមដោយខ្សែវីដេអូ ផ្តិតយករូបភាពពេលភ្ញៀវទេសចរចិនម្នាក់ ភ័យតក់ស្លុតរត់ចោលស្បែកជើង បន្ទាប់ពីបានប្រព្រឹត្តទង្វើញុះញង់ទៅលើហ្វូងស្វា ។
យុវជនដែលរត់ចោលស្បែកជើងព្រោះតែញុះញង់ហ្វូងស្វា ។
ហេតុការណ៍កើតឡើងនៅអារាម ស៊ីតៀន នៅដុងហាវ ក្រុងញ៉ាន់ចូវ ខេត្តហ្វូចៀន (ចិន) ។ អ្នកទស្សនាអស់សំណើចផង ក៏អាណិតអាសូរចំពោះយុវជនដែលជ្រុលធ្វើបាបសត្វស្វា រួចទទួលបាននូវលទ្ធផលឈឺចាប់ ។
ខ្សែវីដេអូបង្ហាញឲ្យឃើញទិដ្ឋភាពរបស់ភ្ញៀវទេសចរប្រុសម្នាក់ ចូលកៀកនឹងសត្វស្វាដែលកំពុងអង្គុយលើបង្កាន់ដៃ ក្បែរស្រះមួយ ។ គាត់បានច្រានស្វាមួយនេះ ធ្វើឲ្យវាបាត់លំនឹងធ្លាក់ចុះទឹក ។ ប៉ុន្តែប្រតិកម្មរបស់ស្វានេះពិតជារហ័សដូចផ្លេកបន្ទោរ ដោយវាបានស្ទុះឡើងភ្លាម រួចបើកការវាយប្រហារចំពោះអ្នកដែលបានធ្វើបាបវា ។
ក្រោយពេលត្រូវស្វាប្រដេញតាម យុវជននេះពិតជាភ័យតក់ស្លុតរត់ចូលក្នុងផ្ទះមួយនៅជិតនោះ ។ ប៉ុន្តែស្វានេះពុំបានបញ្ឈប់ការវាយប្រហារឡើយ ដោយវាប្រឹងប្រជ្រៀតចូលទៅខាងក្នុង ។ ស្វាមួយក្បាលទៀត ពេលគ្នីគ្នាវាត្រូវគេធ្វើបាប ក៏រត់សំដៅស្វែងរកវិធីសងសឹកនិងជួយការពារគ្នាវា ។ ហេតុការណ៍ត្រូវបានបញ្ចប់ពេលដែលមានភ្ញៀវទេសចរក្បែរនោះនាំគ្នាអន្តរាគមន៍បណ្តេញហ្វូងស្វាឲ្យចេញទៅ ។ រីឯយុវជនរពិសដៃ ត្រូវបានស្វាខ្វាចមុខឡើងខ្ទេចខ្ទី។
រឿងរ៉ាវនេះក៏ត្រូវបានយុវជននោះយកទុកធ្វើជាមេរៀន ប៉ុន្តែនៅសុខៗ មិនដឹងគិតថាយ៉ាងដូចម្តេច គេបែរជាថតរូបមុខដែលរងរបួស បង្ហោះឡើងបណ្តាញសង្គម ប្រហែលប៉ងឲ្យគេអាណិត ពីរឿងស្វាវាយប្រហារ។ ស្មានពុំដល់ថា ពុំត្រឹមតែមិនទទួលបានការអាណិតអាសូប៉ុណ្ណោះទេ ថែមទាំងរងការជេរប្រទេចរិះគន់ចំពោះការធ្វើបាបសត្វខ្លួនឯងទៅវិញ ៕ ចន្ទ្រា