Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេសកម្ពុជា ផ្តល់ព័ត៌មានជូន ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពីកិច្ចខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា

spot_img

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានជម្រាបជូនប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) អំពីកិច្ចខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ជាពិសេសអំពីលទ្ធផលនៃដំណើរទស្សនកិច្ច នាពេលថ្មីៗនេះរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងជំហានឆ្ពោះទៅមុខដើម្បីជំរុញវឌ្ឍនភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC)។

តបតាមការអញ្ជើញរបស់ លោកជំទាវ Mona Juul ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) សម្រាប់ខែមករានេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានអញ្ជើញផ្តល់ព័ត៌មានជូនសមាជិកក្រុមប្រឹក្សានៅក្នុងកិច្ចប្រជុំចង្អៀត អំពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ កាលពីយប់នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា បន្ទាប់ពីបានគូសបញ្ជាក់អំពីភាពស្មុគស្មាញ ចាក់ស្រេះនៃស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការ វិវត្តថ្មីៗនៃបញ្ហាសន្តិសុខនយោបាយ និងមនុស្សធម៌នៅក្នុងប្រទេសនេះរួច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនក្រុមប្រឹក្សា អំពីកិច្ចខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ជាពិសេសអំពីលទ្ធផលនៃដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងជំហានឆ្ពោះទៅមុខដើម្បីជំរុញវឌ្ឍនភាព ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC)។

ខណៈពេលជម្រាបជូនអំពីដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានគូសបញ្ជាក់ពីគោលបំណងចម្បងនៃដំណើរទស្សនកិច្ច រួមមាន៖ (១) ភ្ជាប់ទំនាក់ទំនងជាមួយទីក្រុងណៃពិដោឡើងវិញ ដើម្បីស្វែងរកមធ្យោបាយឆ្ពោះទៅរកការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។ ការបញ្ចប់អំពើហិង្សា និងការបន្តបទឈប់បាញ់ដោយភាគីពាក់ព័ន្ធទាំងអស់ គឺជាការចាំបាច់ដោយខានមិនបានក្នុងការកសាងទំនុកចិត្ត និងបង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន (២) ដើម្បីធានាថា ដំណើរទស្សនកិច្ចជាលើកដំបូងរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទៅកាន់ប្រទេស មីយ៉ាន់ម៉ា អាចប្រព្រឹត្តទៅបាន ដើម្បីជួយសម្រួលដល់ការសម្របសម្រួលនៃកិច្ចសន្ទនាដោយភាគីពាក់ព័ន្ធផ្ទាល់ និង (៣) ដើម្បីធានាបាននូវការផ្តល់ជំនួយមនុស្សធម៌ ដោយសុវត្ថិភាព និងឆាប់រហ័សទៅដល់ប្រជាជនដែលត្រូវការជំនួយបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា៖ «ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីយើងខ្ញុំ ទៅកាន់ទីក្រុងណៃពិដោ គឺជាបេសកកម្មដើម្បីទម្លុះទម្លាយភាពជាប់គាំង។ ទស្សនកិច្ចនេះ មានគោលបំណងដើម្បីកសាងទំនុកចិត្ត ការជឿជាក់ និងការយោគយល់គ្នា ហើយទស្សនកិច្ចនេះ ពិតជាអាចដើរតួនាទីជាការបោះជំហានដ៏រឹងមាំមួយឆ្ពោះទៅរកវឌ្ឍនភាពបន្ថែមទៀត។ សម្ដេចតេជោ បានទៅទីនោះដើម្បីដាំដើមឈើ ជាដើមឈើសម្រាប់សន្តិភាព និងការផ្សះផ្សាជាតិ។ វាត្រូវការពេលវេលា ភាពអត់ធ្មត់ និងការអនុវត្តជាក់ស្តែង មុនពេលគេអាចប្រមូលផលពីដើមឈើនោះបាន»។

ឯកឧត្ដមប្រេសិតពិសេស ប្រាក់ សុខុន ក៏បានជម្រាបជូនក្រុមប្រឹក្សាសន្តិសុខផងដែរអំពីជំហានបន្ទាប់ ដោយថ្លែងថា ឥឡូវនេះ ឯកឧត្ដម កំពុងធ្វើការលើការរៀបចំកម្មវិធីសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់ឯកឧត្ដម ក្នុងនាមជាប្រេសិតពិសេសស្ដីពីមីយ៉ាន់ម៉ា និងអាទិភាពរបស់ឯកឧត្ដម ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលនឹងត្រូវលើកយកទៅពិភាក្សា ក្នុងអំឡុងពេលកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាននាពេលខាងមុខនេះ ដែលគ្រោងរៀបចំពីថ្ងៃទី ១៦-១៧ ខែកុម្ភៈ ជាការត្រៀមសម្រាប់ការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ពហុភាគីពាក់ព័ន្ធអំពីជំនួយមនុស្សធម៌ ដែលនឹងមានការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីលេខាធិការដ្ឋានអាស៊ាន (ASEC) និងប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UNSG) ហើយនឹងប្រមូលនូវវិធីសាស្រ្ត មនុស្សធម៌ជាក់ស្តែងទាំងអស់ពីអ្នកជំនាញ និងទីភ្នាក់ងារមនុស្សធម៌ក្នុងស្រុក តំបន់ និងអន្តរជាតិ ដើម្បីជួយសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌ឱ្យបានឆាប់រហ័ស។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ចប់ការផ្តល់ព័ត៌មានរបស់ឯកឧត្តម ដោយសង្កត់ធ្ងន់ថា គ្រប់សកម្មភាពរបស់យើង គឺផ្អែកលើស្មារតីនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច និងធម្មនុញ្ញ អាស៊ាន។ នៅមានបញ្ហា និងការប្រឈមជាច្រើនផ្សេងទៀត ក្រៅពីវិបត្តិនៅមីយ៉ានម៉ាដែល អាស៊ានត្រូវការដោះស្រាយ និងបានបន្ថែមថា លើសពីនេះ យើងត្រូវរែកពន់សុខុមាលភាពតំបន់ទាំងមូល យើងមិនអាចឱ្យវិបត្តិនៅមីយ៉ាន់ម៉ា ទាញយើងឱ្យដើរថយក្រោយនោះទេ ហើយយើងត្រូវតែរួមដៃគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះរួមគ្នា៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×