Tuesday, October 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា ទទួលជួបពិភាក្សាការងារ​ជាមួយអង្គការ FAO និងតំណាងសហភាពអឺរ៉ុប ដើម្បីរៀបចំដំណើរទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មាន ពីវឌ្ឍនភាពស្តីពី «ការធ្វើឌីជីថលនៃការគ្រប់គ្រងជលផល​សមុទ្រ​នៅកម្ពុជា»

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សា​ការងារជាមួយ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ពីកិច្ច​សហការត្រៀមរៀបចំទស្សនកិច្ចសិក្សាសម្រាប់អ្នកសារព័ត៌មាន អំពី វឌ្ឍនភាពស្តីពី «ការធ្វើ​ឌីជី​ថល​នៃការគ្រប់គ្រងជលផលសមុទ្រនៅកម្ពុជា» នៅខេត្ត​ព្រះ​សីហនុ។

ជំនួបនេះរៀបចំឡើង នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលមានការចូលរួមពី លោក ស្រ៊ុន លឹមសុង អនុប្រធាន​រដ្ឋបាល​ជលផល, លោកស្រី Meghna Singh ប្រធានកម្មវីធី តំណាង​ពីសហភាពអឺរុប (EU), លោក Norberto Estepa ទីប្រឹក្សាបច្ចេកទេស គ្រប់គ្រង​គម្រោងជលផល នៃអង្គការ FAO និងក្រុមការងារ​ពាក់ព័ន្ធ​របស់អង្គការ FAO និងក្រុមការងារព័ត៌មាននៃក្រសួងកសិកម្ម។

នៅក្នុងជំនួបនេះ លោកជំទាវ អ៊ឹម រចនា បានថ្លែងអំណរគុណ​ដល់​អង្គការ FAO និងសហភាពអឺរុប ដែលបានសហការជាមួយ​ក្រសួង​កសិកម្ម និងរដ្ឋបាលជលផល ដើម្បីដឹកនាំអ្នកសារព័ត៌មាន និងអង្គការ​ស្ថាប័នពាក់ព័ន្ធ ចុះធ្វើទស្សនកិច្ចផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រព័ន្ធ​ឌីជីថល ការបំពាក់ប្រព័ន្ធគ្រប់គ្រងនាវា VMS និងអត្ថប្រយោជន៍របស់​VMS សម្រាប់ការគ្រប់គ្រងជលផលសមុទ្រប្រកបដោយចីរភាព និងការ​យល់​ដឹងពីការប្រើប្រាស់ឧបករណ៍ឌីជីថលនេះនៅតំបន់សមុទ្រ។

លោកជំទាវសង្ឃឹមថា ដំណើរទស្សនកិច្ចសិក្សាដែលគ្រោង​រៀបចំនៅចុងឆ្នាំនេះ នឹងទទួលបានការចូលរួមកាន់តែផុលផុស ពីសំណាក់អ្នកសារព័ត៌មាន ដែលមានឱកាសចុះទៅដល់ទីតាំងផ្ទាល់ ជួបសម្ភាសន៍ជាមួយអ្នក​ពាក់ព័ន្ធ​រួមមាន៖ ក្រសួងនិងស្ថាប័នពាក់ព័ន្ធ អ្នកនេសាទ ម្ចាស់នាវា ប្រតិបត្តិករ ដៃគូសហការ​ទាំងអស់ ដើម្បីរួមគ្នាបង្ហាញពីលទ្ធផលនៃការបំពាក់ប្រព័ន្ធ VMS នៅលើនាវា​ ដែល​មានសមត្ថភាពត្រួតពិនិត្យពេលវេលាជាក់ស្តែង ជួយទប់ស្កាត់សកម្មភាពនេសាទ​ខុស​ច្បាប់ និងធានាបាននូវការនេសាទអនុលោមទៅតាមស្តង់ដាអន្តរជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×