រឿងរ៉ាវរវាងអ្នកបើកឡានក្រុងរដ្ឋ និងអ្នកជិះម៉ូតូ កើតជម្លោះប្រកែកគ្នាដ៏ក្តៅគគុក កាលពីពេលថ្មីៗនេះ ដែលដើមហេតុដោយសារអ្នកជិះម៉ូតូខឹងអ្នកបើកឡានក្រុង បើកឡានលឿនប៊ិះបុកគាត់ ហើយគាត់ក៏ជិះម៉ូតូតាមថត និងប្រើពាក្យធ្ងន់ៗមួយចំនួនដាក់ ធ្វើឲ្យអ្នកបើកឡានក្រុងឆេះកំហឹង ឈប់រថយន្តចុះឈ្លោះប្រកែកខ្លាំងៗប្រើសម្តីយ៉ាងកោងកាច និងសូម្បីរកវ៉ៃអ្នកជិះម៉ូតូ ផ្អើលតែម្តង។
តែទោះយ៉ាងណា ក្រោយឃើញមហាជនរិះគន់ខ្លាំងៗ ទៅលើអ្នកបើកឡានក្រុង ដែលបញ្ចេញកាយវិការកោងកាច និងសម្តីមិនសមរម្យដ៏គ្មានសុជីវធម៌ នៅក្នុងហេតុការណ៍មួយនេះ ទីបំផុត រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានចេញមុខបកស្រាយរកខុសត្រូវ តាមរយៈសេចក្តីប្រកាសព័ត៌មានធ្វើនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ដោយបានបញ្ជាក់ច្បាស់ៗថា តាមពិតទៅខាងម៉ូតូជាអ្នកខុស ដោយជិះលើគន្លងផ្លូវសម្រាប់ឡានចរាចរ ប៉ុន្តែ ជាមួយទង្វើ និងកាយវិការដ៏គ្មានសុជីវធម៌ របស់អ្នកបើកបររូបនេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ក៏បានដាក់វិន័យណែនាំអប់រំ តាមរយៈធ្វើកិច្ចសន្យាមិនឲ្យប្រព្រឹត្តកើតមានទង្វើបែបនេះទៀតឡើយ។
ពិតណាស់ ក្នុងនោះ គេក៏បានឃើញមតិមហាជនមួយចំនួន ក៏បានរិះគន់អ្នកបើកម៉ូតូ ដោយបាននិយាយថា ម៉ូតូបើកចូលកន្លងរថយន្តនេះជាទង្វើខុសច្បាប់ចរាចរហើយ។ ខ្លះទៀតក៏លើកឡើងថា សំណាងហើយ ដែលឡានមិនបុកនោះ ហើយថែមទាំងហៅអ្នកបើកបរសុទ្ធបើកឈ្លើយពេញៗម៉ាត់។
មិនបង្អង់យូរ ក្រោយឃើញមនុស្សមួយចំនួនរិះគន់ថាខ្លួនជិះលើគន្លងឡានហើយ នៅមានមុខជេរអ្នកបើកបរទៀត បុរសជាអ្នកជិះម៉ូតូ បានចេញមុខធ្វើការបកស្រាយឲ្យដឹងថា មុនពេលកើតមានរឿងរ៉ាវនេះ គឺគាត់បានជិះម៉ូតូចេញពីផ្ទះទៅទិញម្ហូបនៅផ្សារសន្តិភាព២ លុះជិះបានពាក់កណ្តាលផ្លូវ គាត់ក៏ប្រទះនឹងរថយន្តធំ១គ្រឿង បើកយឺតៗនៅពីមុខ នៅពេលនោះ គាត់ក៏បានងាកមើលក្រោយ ឃើញឡានក្រុងស្ថិតនៅចម្ងាយប្រហែល ៥០-៦០ ម៉ែត្រ គាត់ក៏សម្រេចចិត្តវ៉ាឡានខាងមុខ ប៉ុន្តែ ខណៈគាត់កំពុងតែស្ថិតនៅគន្លងផ្លូវឡាន មិនទាន់ចូលអែបខាងផង ក៏ស្រាប់តែឡានក្រុងនោះ វ៉ាមកពីក្រោយយ៉ាងលឿន ប៊ិះជាន់គាត់ ហើយស៊ីប្លេខ្លាំងៗតែម្តង។ ភ្លាមៗនោះ គាត់ក៏បានជិះម៉ូតូដេញតាមថត និងគ្រាន់តែប្រើពាក្យបែបនេះថា «លោកឯងបើកលឿនហ្វេសចង់ងាប់ទៅណា!» ដោយគាត់ពុំបានជេរអ្វីក្រៅពីនេះនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង












